ជាតិ
អាជីវករថា ការលក់ចេកនៅថ្ងៃចូលឆ្នាំខ្មែរ អាចថយចុះជាងឆ្នាំមុនដោយសារពលរដ្ឋពិបាករកលុយ
13, Apr 2023 , 10:39 am        
រូបភាព
ភ្នំពេញ៖ ផ្លែចេក ជាតង្វាយចាំបាច់សម្រាប់ទទួលទេវតាឆ្នាំថ្មី។ ទោះជាបែបនេះក្ដី អាជីវករលក់ចេកនៅក្រុងភ្នំពេញថា ការលក់ចេកឆ្នាំនេះហាក់ថយចុះជាងឆ្នាំមុន ដោយសារសេដ្ឋកិច្ចពលរដ្ឋធ្លាក់ចុះ នាំឱ្យពួកគេកាត់បន្ថយការចំណាយ។


 
អ្នកស្រី ហង់ ស្រីមុំ អាជីករលក់ចេកជិត៣០ឆ្នាំ នៅផ្សារដើមគរ បានឱ្យដឹងថា នៅឱកាសចូលឆ្នាំខ្មែរខាងមុខ តម្រូវការចេកអាចនឹងធ្លាក់ជាងឆ្នាំមុន។ ការណ៍នេះមកពី ពលរដ្ឋពិបាករកលុយ ហើយអ្នកខ្លះ ត្រូវបាត់បង់ការងារដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះកម្មកររោងចក្រ។

 អ្នកស្រី ហង់ ស្រីមុំ អាជីករលក់ចេកជិត៣០ឆ្នាំ នៅផ្សារដើមគរ។ រូបភាព៖ ឈុំ ចន្ថា 

ស្រ្តីវ័យ ៥០ឆ្នាំរូបនេះ រៀបរាប់ថា រាល់ឆ្នាំចេកលក់ដាច់ខ្លាំង ដោយសារមានកម្មកររោងចក្រជួយទិញ មុនពួកគេទៅស្រុកកំណើត។ ដោយឡែក នៅឆ្នាំនេះ គ្រប់អាជីវករទាំងអស់លក់មិនសូវដាច់នោះទេ ខណៈចូលឆ្នាំជិតចូលមកដល់។
 
អ្នកស្រី ហង់ ស្រីមុំ ប្រាប់ដូច្នេះថា៖« ឆ្នាំនេះ បែបគ្មានសង្ឃឹមទេ ព្រោះម្នាក់ៗរកលុយអត់បាន។ ឥឡូវ ស្ងាត់ណាស់ ប្រហែលគេទៅស្រុកអស់ហើយ។ បើរោងចក្រអី បិទអស់ហើយ។ អ៊ីចឹង! គេទៅស្រុកមួយរយៈទៅ ព្រោះបើនៅអត់អីហូប ចាំដល់ការងារដំណើរការទើបគេមកវិញ។ អ៊ីចឹង! បានលក់មិនសូវដាច់ ព្រោះយើងលក់បានតែអ្នករោងចក្រដែរ»។ 
 
ចូលឆ្នាំកន្លងទៅ អ្នកស្រី ហង់ ស្រមុំ អាចលក់ចេកបានជាង ២០០ស្និត។ ដោយឡែក ក្នុងឆ្នាំនេះ អ្នកស្រីគ្រោងកាត់បន្ថយការលក់មកត្រឹម ១០០ស្និតប៉ុណ្ណោះ ព្រោះបារម្ភខាត។ បច្ចុប្បន្ន ចេកមានតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងមួយស្និត ហើយនៅថ្ងៃចូលឆ្នាំខ្មែរ តម្លៃអាចហក់ឡើងខ្ពស់ជាងនេះ។  
 
មិនខុសពីអ្នកស្រី ហង់ ស្រីមុំ នោះទេ លោក ជីប វុទ្ធី អាជីវករលក់ចេកជិត២០ឆ្នាំ នៅផ្សារអូឬស្សី បានលើកឡើងថា មួយរយៈនេះចេកលក់មិនសូវដាច់នោះទេ ហើយនៅថ្ងៃចូលឆ្នាំខ្មែរ លោក ក៏មិនរំពឹងថា លក់បានច្រើននោះដែរ។ ពីមុន លោក អាចលក់ចេកបានប្រហែល ២០ស្ទង ក្នុងមួយថ្ងៃ និងនៅថ្ងៃចូលឆ្នាំ លក់បានជាង ២០០ស្ទង។ តែឥឡូវនេះ លោក លក់បានត្រឹមតែ ៧ទៅ១០ ស្ទងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ 
 
តាមការគ្រោងទុក នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ លោកនឹងកាត់បន្ថយការលក់មកត្រឹម១៥០ ស្ទងវិញ ដោយសង្កេតឃើញថា ពលរដ្ឋមិនសូវហ៊ានចំណាយច្រើននោះទេ បើទោះជារដ្ឋាភិបាលបើកដំណើរការប្រទេស និងអនុញ្ញាតឱ្យមានការជួបជុំក៏ដោយ។ មូលហេតុនាំឱ្យពលរដ្ឋកាត់បន្ថយការចំណាយ ដោយសារពួកគេពិបាករកលុយ។ 


លោក ជីប វុទ្ធី អាជីវករលក់ចេកជិត២០ឆ្នាំ នៅផ្សារអូឬស្សី។ រូបភាព៖ ឈុំ ចន្ថា 

លោក ជីប វុទ្ធី ប្រាប់ដូច្នេះថា៖« ឥឡូវនេះ យ៉ាប់ដូចតែគ្នាហ្នឹង យើងធ្លាប់តែលក់ច្រើនៗ ឥឡូវ ម្នាក់ៗកាត់បន្ថយសឹងតែ ៥០ភាគរយហើយ។ បញ្ហាមកពីគ្នារកលុយអត់សូវម៉ង ទាំងយើងទាំងគេ ពិបាករកលុយដូចតែគ្នា។ អ៊ីចឹង! ចូលឆ្នាំហ្នឹង ខ្ញុំអត់រំពឹងថា លក់ដាច់ច្រើនទេ»៕
 
 
 

Tag:
 កសិកម្ម
  ចេក
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com