អន្តរជាតិ
​អង់គ្លេស ​លើកទឹកចិត្ត​អ្នក​ជក់បារី​​ប្តូរ​ទៅប្រើប្រាស់បារីអេឡិចត្រូនិចជំនួសវិញ
12, Apr 2023 , 8:29 pm        
រូបភាព
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី១១ មេសា បានអំពាវនាវឱ្យពលរដ្ឋខ្លួនដែលជក់បារីជាងមួយលាននាក់ផ្លាស់ប្តូរទៅប្រើប្រាស់បារីអេឡិចត្រូនិចជំនួសវិញ។ ឯស្ត្រីមានផ្ទៃពោះត្រូវរដ្ឋាភិបាលអង់គ្លេសផ្ដល់ប្រាក់លើកទឹកចិត្តឱ្យឈប់ជក់បារីថែមទៀត។



បើតាមក្រសួងសុខាភិបាលអង់គ្លេស ក្រោមគម្រោងថ្មីដែលមានគោលដៅកាត់បន្ថយការប្រើប្រាស់បារី  បារីអេឡិចត្រូនិចជាជំហានដំបូងសម្រាប់អ្នកជក់បារីក្នុងការផ្ដាច់បារី។ 
លើសពីនេះ ស្ត្រីមានផ្ទៃពោះក៏នឹងត្រូវផ្តល់ជូនប័ណ្ណទូទាត់ប្រាក់​សម្រាប់ការកាត់ផ្ដាច់ទម្លាប់ជក់បារីផងដែរ​។ យុទ្ធនាការរបស់រដ្ឋាភិបាលនេះបានគោលដៅកាត់បន្ថយចំនួនអ្នកជក់បារីមកត្រឹម៥ភាគរយ ឬតិចជាងនេះនៃចំនួនប្រជាជនសរុប ខណៈចំនួនអ្នកជក់បារីកន្លងទៅមានជាង១៣ភាគរយនៃចំនួនប្រជាជនសរុប។
 
«អ្នកជក់បារីរហូតដល់២នាក់ក្នុងចំណោម៣នាក់ ប្រឈមនឹងការស្លាប់ដោយសារការជក់បារី»។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស មុនបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់ជំនួយថ្មីដល់អ្នកជក់បារីមួយលាននាក់ដើម្បីឈប់ជក់បារី។ លើសពីនេះ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់មូលនិធិគាំទ្រដល់គម្រោងដែលមានឈ្មោះថា «ផ្លាស់ប្តូរដើម្បីបញ្ឈប់» ដែលមានគោលដៅកាត់បន្ថយអ្នកជក់បារីដែរ។ 
 
ខណៈអត្រាជក់បារីនៅអង់គ្លេសទាបជាងអត្រាមធ្យមការជក់បារីជាមធ្យមទូទាំងពិភពលោកក្ដី ថ្នាំជក់នៅតែជាមូលហេតុចម្បងពាក់ព័ន្ធនឹងការស្លាប់ និងជំងឺនៅក្នុងប្រទេស។ នេះបើតាមក្រសួងសុខាភិបាលអង់គ្លេស។ 
 
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលអង់គ្លេសបានចំណាយប្រាក់ចំនួនជាង៨៤,៥២លានដុល្លារពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២លើវិធានការរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជំរុញមនុស្សឈប់ជក់បារី។ យុទ្ធនាការនេះ បានធ្វើឱ្យមនុស្សប្រមាណ១០ម៉ឺននាក់ ផ្ដាច់បារីនិងបន្ធូរបន្ថយភាពតានតឹងលើសេវាសុខភាពអង់គ្លេសពាក់ព័ន្ធនឹងបារី។ 
 
យ៉ាងណាមិញ មន្ត្រីសុខាភិបាលអង់គ្លេសបានព្រមានថាបារីអេឡិចត្រូនិចហាក់មានប្រជាប្រិយភាពក្នុងចំណោមយុវជន ដែលអាចឱ្យពួកគេប្រើប្រាស់សារធាតុគីមីដែលជះឥទ្ធិពលរយៈពេលវែង។ 
 
បើតាមក្រសួងសុខាភិបាលអង់គ្លេស ជាង៩ភាគរយនៃកុមារអាយុពី១១ទៅ១៥ឆ្នាំនៅអង់គ្លេសបានប្រើប្រាស់បារីអេឡិចត្រូនិចក្នុងឆ្នាំ ២០២១ ដែលកើនឡើងពី​អត្រា៦ភាគរយកាលពីបីឆ្នាំមុន។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលក្រុងឡុងដ៍បានលើកឡើងថា ខ្លួននឹងបង្កើតក្រុមអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការលក់បារីអេឡិចត្រូនិចខុសច្បាប់ដល់យុវជនអាយុក្រោម១៨ឆ្នាំ៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com