ជាតិ
ចូលឆ្នាំខ្មែរ៖ តម្រូវការបន្លែត្រូវបានរំពឹងកើនឡើង ខណៈសាច់ជ្រូក ប្រឈមនឹងការ​ហូរ​ចូល​​ពី​បរទេស
13, Apr 2023 , 3:19 pm        
រូបភាព
រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារដើមគរ
រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារដើមគរ
ភ្នំពេញ៖ នាឱកាសចូលឆ្នាំនេះ តម្រូវការបន្លែ និងសាច់ ត្រូវបានគេរំពឹងកើនឡើងបន្តិច បន្ទាប់ពីកម្ពុជាបានបើកដំណើរការប្រទេសពេញលេញ និងអនុញ្ញាតឱ្យមានការជួបជុំ ក្រោយកូវីដ-១៩ស្ងប់ស្ងាត់។ បើទោះជាបែបនេះក្ដី សម្រាប់វិស័យចិញ្ចឹមជ្រូក មិនត្រូវបានរំពឹងខ្ពស់ពេកទេ ដោយសារពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល ខណៈជ្រូកក្នុងស្រុកកំពុងកកស្ទះស្រាប់។


 
បើតាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មិនខុសពីឆ្នាំមុនៗនោះទេ នៅឱកាសបុណ្យចូលឆ្នាំខ្មែរ តម្រូវការសាច់តែងតែមានការកើនឡើង។ ដោយឡែក នៅឆ្នាំនេះ លោក ប៉ាន់ប្រមាណថា តម្រូវការសាច់ជ្រូកអាចកើនឡើងពី១០ ទៅ២០ ភាគរយ ដោយសារតែចំនួនអ្នកប្រើប្រាស់កើនឡើងដូចគ្នា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា 

ទោះជាយ៉ាងណា​ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ មិនសូវពេញចិត្តចំពោះកំណើននៅរដូវចូលឆ្នាំនេះប៉ុន្មានទេ ដោយសារលំហូរចូលសាច់បង្កកពីបរទេសបានលុកលុយទីផ្សារក្នុងស្រុករហូតដល់ ៣០ភាគរយ ខណៈជ្រូកក្នុងស្រុក កំពុងកកស្ទះ រហូតដល់កសិករបាកទឹកចិត្ត ឈប់ចិញ្ចឹម។ 
 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះថា៖« ដូចខ្ញុំជម្រាប អ៊ីចឹង! ថាវាប្រាកដជាកើនហើយ នៅថ្ងៃបុណ្យទាន តែវាមិនមែនកើនឡើងតែសាច់ជ្រូកក្នុងស្រុកយើងទេ គឺវាកើនទាំងសាច់នាំចូលទៀតហ្នឹង។ អ៊ីចឹង បានសេចក្ដីថា វាកើនតិចណាស់ ហើយតម្លៃក៏ឡើងតិចតួចដែរ»។ 
 
បច្ចុប្បន្ន ការនាំសាច់បង្កកពីបរទេស មិនទាន់កាត់ផ្ដាច់បាននៅឡើយ ដោយសារតែសាច់ប្រភេទនេះ មានតម្លៃថោក ដែលអាចពលរដ្ឋទិញយកមកបរិភោគបាន។ សាច់បង្កក ភាគច្រើនពុំមានការត្រួតពិនិត្យ និងការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះទេ។ ការណ៍នេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងវិស័យចិញ្ចឹមជ្រូកក្នុងស្រុក។ 

លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក នៅខេត្តត្បូងឃ្មុំ។ រូបភាព៖ _មន្ទីរកសិកម្ម រុក្ខាប្រមាញ់ _និងនេសាទ ខេត្តត្បូងឃ្មុំ 

នៅឱកាសចូលឆ្នាំខ្មែរខាងមុខនេះ លោក ស្រ៊ុន ពៅ បានអំពាវនាវដល់សារធារណៈជនឱ្យជួយគាំទ្រផលិតផលសាច់ជ្រូកក្នុងស្រុក និងត្រូវពិនិត្យឱ្យបានម៉ត់ចត់ មុនជ្រើសរើសសាច់បង្កកមកបរិភោគ។ លោក បន្ថែមដូច្នេះថា៖« ធម្មតារបស់ថោក វាមកហើយ(នាំចូល) តែមិនមែនមកជ្រូករស់នៅទេ គឺមកដូចជាសាច់បង្កក អីចឹងទៅ។ អាហ្នឹងហើយ ដែលធ្វើប៉ះពាល់កសិករយើង ដែលចិញ្ចឹមសត្វក្នុងស្រុកនេះឯង»។ 
 
លោក ស្រ៊ុន ពៅ បញ្ជាក់ថា កសិករខ្មែរប្រមាណ៤០ភាគរយហើយ បានបោះបង់ការចិញ្ចឹមជ្រូក ដោយតម្លៃថោក និងពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល ខណៈធាតុចូលដូចជា ចំណី ឡើងថ្លៃខ្ពស់។​ សព្វថ្ងៃ ជ្រូករស់មានតម្លៃ ៧ ទៅ៨ពាន់រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ នៅថ្ងៃចូលឆ្នាំខ្មែរ លោក សង្ឃឹមថាជ្រូករស់ បានតម្លៃ ១ពាន់រៀលបន្ថែមទៀត។ 
 
ដោយឡែក មាន់ស្រែ និងមាន់បីសាស ទំនងមានតម្លៃ និងតម្រូវការខ្ពស់ ជាងសាច់ជ្រូក ដោយសារ មាន់ មានការពេញនិយម សម្រាប់ការហូបចុកលក្ខណៈគ្រួសារ។ លោក ស្រ៊ុន ពៅ ប៉ាន់ប្រមាណថា នៅថ្ងៃចូលឆ្នាំខ្មែរ មាន់ស្រែ អាចបានតម្លៃ ១៧០០០រៀល ក្នុងមួយគីឡូក្រាម និងមាន់បីសាស អាចបានតម្លៃជាង ៩ពាន់រៀល ក្នុងមួយគីឡូក្រាម។ 
 
លោក ប្រាប់ដូច្នេះថា៖«យើងឃើញហើយ ក៏ដូចជាការរំពឹងទុកថា ចូលឆ្នាំ សាច់មាន់​ ប្រាកកដជាដាច់ច្រើន ព្រោះ ម្នាក់ៗត្រូវការ ស្លការីផង ដុតផង អាំងផង។ អ៊ីចឹង មាន់ នៅចូលឆ្នាំខ្មែរ គឺដាច់ច្រើន ហើយវាអាចកើនឡើងជារាល់ឆ្នាំ ព្រោះថាទាំងគេទាំងយើង តែនៅផ្ទះជុំគ្នា គឺដឹងតែដុតមាន់ ស្រោមាន់ហើយ»។ 
 
ជាមួយគ្នានេះ បន្លែក៏ត្រូវបានគេរំពឹងមានតម្រូវការខ្ពស់ផងដែរ។ មូលហេតុ មកពីចំនួនអ្នកប្រើប្រាស់កើនឡើង តែបរិមាណបន្លែបានថយចុះ នៅរដូវប្រាំង។ នេះបើតាមការឱ្យដឹងពី លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក នៅខេត្តត្បូងឃ្មុំ។ 
 
លោក អះអាងថា​ ក្នុងឱកាសចូលឆ្នាំខាងមុខ តម្រូវការបន្លែ ប្រាកដជាកើនឡើងខ្ពស់ ដោយសារពលរដ្ឋមានការជួបជុំគ្នា ដែលនាំឱ្យចំនួនអ្នកប្រើប្រាស់មានការកើនឡើង។ ម្យ៉ាងទៀត នៅរដូវប្រាំង ការដាំដុះបន្លែ ក៏ពុំបានច្រើនដែរ ដោយសារអាកាសធាតុក្ដៅ។ ដូច្នេះ លោក មានសុទិដ្ឋិនិយមថា តម្លៃ និងទីផ្សារបន្លែ អាចនឹងហក់ឡើងខ្ពស់។ 
 
បច្ចុប្បន្ន កសិករប្រមាណ ៦០គ្រួសារ នៃសហគមន៍កសិកម្មបៃតងគោកស្រុក កំពុងមមាញឹកនឹងការដាំដុះបន្លែ សម្រាប់ត្រៀមផ្គត់ផ្គង់ទីផ្សារនៅថ្ងៃចូលឆ្នាំ។ លោក តេន ទុំ បន្ថែមដូច្នេះថា៖« និយាយទៅ តម្រូវការបន្លែ អាចកើនឡើង តែផលវាអាចថយ ដោយសារអាកាសធាតុក្ដៅ ហើយកង្វះខាតទឹកផង។ អ៊ីចឹង! ធ្វើឱ្យការផលិតយើង មិនអាចថេ។ និយាយទៅ ទីផ្សារអត់ចោទជាបញ្ហានោះទេ។ ឥឡូវនេះ កសិករយើងបាន ដាំបន្លែស្លឹក និងបន្លែផ្លែ ដើម្បីត្រៀម សម្រាប់បុណ្យប្រពៃណីហ្នឹង»។ 
 
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០២២ កម្ពុជាមានតម្រូវការសាច់ប្រមាណ ៣២២តោន ក្នុងនោះ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់បានចំនួន ៣០៦តោន ស្មើនឹង ៩៥ភាគរយ នៃតម្រូវការសរុប។ ដោយឡែក បន្លែមានតម្រូវការប្រមាណ ៣ ៣៨៩​តោន ក្នុងនោះ ផលិតផលក្នុងស្រុកមានចំនួន ២ ៤៨៩​តោន៕ 
 

Tag:
 បុណ្យចូលឆ្នាំខ្មែរ
  កសិកម្ម
  បន្លែ
  សាច់ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com