អន្តរជាតិ
ក្រោយរងការរិះគន់ លោក ម៉ាក្រុង ថា ជំហរចំពោះបញ្ហាតៃវ៉ាន់មិនប្រែប្រួលឡើយ
× ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីជំហរមិនប្រែប្រួលរបស់បារាំង និងសហភាពអឺរ៉ុបចំពោះបញ្ហាតៃវ៉ាន់ បន្ទាប់ពីលោករងការរិះគន់ខ្លាំងចំពោះការនិយាយថា អឺរ៉ុបមិនគួរដើរតាមនយោបាយអាម៉េរិក ឬចិនឡើយ។ ពីទឹកដីហូឡង់ លោក ម៉ាក្រុង លើកឡើងថា បារាំងចង់បានដូចស្ថានភាពបច្ចុប្បន្ន។
រឿងដ៏អាក្រក់ដែលការគិតថា អឺរ៉ុបត្រូវតែស្របតាមអាម៉េរិក ឬផ្លាស់ប្តូរខ្លួនឯងចំពោះគោលនយោបាយអាម៉េរិក ឬការប្រតិកម្មជ្រុលរបស់ចិន។ ការអធិប្បាយបែបនេះក្រោយទស្សនកិច្ចនៅចិន ធ្វើឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង រងការរិះគន់យ៉ាងខ្លាំងនៅអឺរ៉ុប និងនៅអាម៉េរិក។ អំឡុងទស្សនកិច្ចនៅហូឡង់ លោក ម៉ាក្រុង ការពារអ្វីដែលលោកបាននិយាយ។
«ជំហររបស់បារាំង និងអឺរ៉ុបលើបញ្ហាតៃវ៉ាន់ ដូចគ្នា។ យើងចង់បានស្ថានភាពបច្ចុប្បន្ន។ ជំហរនេះ នៅតែដដែល ហើយមិនបានផ្លាស់ប្ដូរឡើយ។ វាគឺគោលនយោបាយចិនតែមួយ និងដំណោះស្រាយសន្តិភាពលើបញ្ហានេះ។» លោក ម៉ាក្រុង និយាយបែបនេះ។
បើតាមមេដឹកនាំបារាំងរូបនេះ បារាំងក៏មានចែករំលែកទស្សនៈឥណ្ឌូប៉ាស៊ីហ្វិកបើកចំហជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែរ ទោះជាបារាំង និងអាម៉េរិកមានវិធីសាស្រ្តខុសគ្នាក្ដី។
លោក ម៉ាក្រុង អះអាងទៀតថា បារាំងមិនគាំទ្រការបង្កហេតុ មិនចូលរួមក្នុងនយោបាយរវើរវាយ ហើយចាត់ទុកស្ថានភាពបច្ចុប្បន្ន ការគោរព និងភាពច្បាស់លាស់ ជាសម្ព័ន្ធមិត្តដ៏ល្អបំផុតនៃស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com