អន្តរជាតិ
មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកផ្សែងនៅក្នុងការថ្លែងសុន្ទកថារបស់នាយករដ្ឋមន្រ្តីជប៉ុន
15, Apr 2023 , 4:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានជម្លៀសចេញពីកំពង់ផែមួយក្នុងទីក្រុង Wakayama បន្ទាប់ពីបានគ្រាប់បែកផ្សែងមួយបានផ្ទុះ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីមិនបានរងរបួសឡើយ នៅក្នុងឧបទ្ទវហេតុនេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅពីថ្ងៃទី១៥ មេសា។

 
របាយការណ៍ជាច្រើន រួមទាំងដោយទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន បានចុះផ្សាយថា គ្រាប់បែកផ្សែងមួយគ្រាប់ត្រូវបានគេបំផ្ទុះនៅពេលនាយករដ្ឋមន្ត្រីជប៉ុនកំពុងថ្លែងសុន្ទកថា។ យ៉ាងណាមិញការបំផ្ទុះនេះ មិនបានបង្កគ្រោះថ្នាក់អ្វីឡើយ។ 
 
ទូរទស្សន៍ជាតិ NHK ជប៉ុននិងសារព័ត៌មានផ្សេងទៀតបាននិយាយថា មនុស្សម្នាក់ត្រូវបានឃុំខ្លួននៅទីតាំងកើតហេតុនៅភាគខាងលិចទីក្រុង Wakayama ប្រទេសជប៉ុន ជាកន្លែងដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ត្រូវធ្វើការថ្លែងសុន្ទរកថា។
 
គួរបញ្ជាក់ថា ឧប្បត្តិហេតុនៅ Wakayama នេះបានកើតឡើង មិនដល់មួយឆ្នាំឡើយបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងក្នុងប្រទេស និងបង្កឱ្យមានភាពរង្គោះរង្គើផ្នែកសន្តិសុខសម្រាប់មន្ត្រីសាធារណៈ។
 
យ៉ាងណាមិញ មិន ទាន់ មាន ការ បញ្ជាក់ ជា ផ្លូវការ ណាមួយពី ហេតុការណ៍ នេះ នៅឡើយ ដោយ ប៉ូលិស មូលដ្ឋាន បដិសេធ មិន ធ្វើ អត្ថាធិប្បាយ។
 
បើតាមវីឌីអូដែលចេញផ្សាយដោយទូរទស្សន៍ NHK សន្តិសុខ និងប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់នៅកន្លែងកើតហេតុ ខណៈដែលហ្វូងមនុស្សមានភាពចលាចលនៅកន្លែងកើតហេតុ។
 
របាយការណ៍បាននិយាយថា វត្ថុដែលមានរាងដូចបំពង់មួយត្រូវបានគេបោះចោលនៅជិតលោក Kishida ហើយសំឡេងស្រដៀងនឹងការផ្ទុះត្រូវបានគេឮនៅកន្លែងកើតហេតុ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីត្រូវបានគេការពារដោយគ្មានគ្រោះថ្នាក់។
 
ការផ្ទុះនេះបានកើតឡើង ខណៈពេលដែលលោក Kishida ទើបតែចាប់ផ្តើមថ្លែងសុន្ទរកថាបន្ទាប់ពីបានធ្វើទស្សនកិច្ចនៅកំពង់ផែនេសាទនៅ Wakayama។
 
ជប៉ុនបានពង្រឹងសន្តិសុខជាតិបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលត្រូវបានបាញ់សម្លាប់នៅពេលលោកថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយកាលពីខែកក្កដាឆ្នាំ ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com