ជាតិ
អ្នកប្រមូលសំរាមស្នើឱ្យទេសចរបង្កើនឥរិយាបថទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
18, Apr 2023 , 7:59 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ បន្ទាប់ពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តបញ្ចប់ទៅ បានបន្សល់សំរាមសន្ធឹកសន្ធាប់ ដែលធ្វើឱ្យអ្នកសម្អាតបរិស្ថានមមាញឹក​យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានអង្គរ។ ទោះបីជាមិនបានសម្រាកលំហែរកាយ ឬស្លៀកពាក់ស្អាតបាត​ឡូយឆាយ​ ដូចភ្ញៀវទេសចរ​ឯទៀតៗក្តី ក៏អ្នកប្រមូលសំរាមទាំងនោះ ខិតខំបំពេញ​តួនាទីដោយទឹកមុខ​ញញឹមរីករាយ ដើម្បីឱ្យតំបន់អង្គរ​គ្មាន​សំរាម និងកាន់តែមានសោភណ្ឌភាពថែមទៀត។

 
លោក ឡម សុឃន អាយុ៤៤ឆ្នាំ បានឱ្យដឹងថា ការប្រមូលសំរាមក្នុងអំឡុងអង្គរសង្ក្រាន្ត គឺពិតជាពិបាកខ្លាំងណាស់ ព្រោះថាផ្លូវចង្អៀត មនុស្សដើរទៅដើរមកច្រើន ហើយមិនអាច​យកសំរាមចេញពីទីតាំងតូចនីមួយៗបានទាំងស្រុងនោះទេ តែអាចជម្លៀសពី​កន្លែងដែលមាន​ច្រើន​ឱ្យនៅសល់តិច ដោយយកទៅដាក់តាមកុងតឺន័រ។ លោក ឡម សុឃន មើលឃើញថា ការទុកដាក់កាកសំណល់របស់ភ្លៀវទេសចរមកដើរលេងអង្គរសង្ក្រាន្តឆ្នាំនេះ មានរបៀបល្អប្រសើរ ដោយវេចខ្ចប់ដាក់មួយកន្លែងៗ ដើម្បីស្រួលយក ដោយមិនដាក់រាយប៉ាយដូចប៉ុ​ន្មាន​ឆ្នាំមុនៗ​នោះទេ។ 
 


លោក ឡម សុឃន គិតថា ប្រសិនបើមានពិធីបុណ្យជាតិផ្សេងៗ ដូចជាពិធីបុណ្យអ៊ុំទូក ចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌជាដើម បើប្រជាពលរដ្ឋដើរលេងហើយទុកដាក់សំរាមមានរបៀបដូច្នេះ នោះលោក​ក៏សប្បាយចិត្ត នឹងការប្រមូលសំរាមដោយពុំបាច់មានកម្លាំងបន្ថែមច្រើននោះទេ។
 
សម្រាប់អ្នកស្រី ទិត្យ គឿយ ដែលជាអ្នកសម្អាតបរិស្ថានមួយរូបទៀត ​បានលើកឡើងពីការលំបាក​ផ្សេងៗក្នុងការប្រមូលសំរាមដូច្នេះថា ប្រសិនបើឡានសំរាមរវល់ខ្លាំង អ្នកស្រីត្រូវអូសសំរាម​ទៅដាក់កុងតឺន័រ ​ដែលមានចម្ងាយប្រហែល៦០ម៉ែត្រ​ ពីទីតាំង ដែលខ្លួនឯងប្រចាំការប្រមូលសំរាម។ ដូចលោក ឡម សុឃន ដែរ ស្រ្តីរូបនេះ មើលឃើញថា ការទុកដាក់សំរាមហាក់មានរបៀប ខ្លះបានដាក់តាមធុងត្រឹមត្រូវ និងខ្លះទៀតមិនទាន់បានល្អប្រសើរទេ។ ចំណែកទេសចរបរទេសវិញ មានការយល់ដឹង ចំពោះបញ្ហាបានច្រើន គឺគេដាក់សំរាមតាមហោប៉ៅខ្លួនឯង និងវេចខ្ចប់ល្អិត មិនហ៊ានចោល​ផ្តេសផ្តាស់ទេ។
 


កម្មករសម្អាតអនាម័យនៅតំបន់អង្គររូបនេះ សំណូមពរឱ្យ​ភ្ញៀវទេសចរទាំងឡាយ​ដែលមកទស្សនាតាមប្រាសាទនានា មេត្តាជួយវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងដាក់ក្នុងធុងសំរាម កុំបោះចោលផ្តេសផ្តាស ព្រោះជាតំបន់ទេសចរណ៍ ។
 
បន្ថែមពីនេះ អ្នកស្រី សុង ជី ដែលកំពុងញាប់ដៃញាប់ជើង​ ក្នុងការបំពេញតួនាទីរបស់ខ្លួន ​នៅមុខប្រាសាទអង្គរវត្ត ក្រោមកម្ដៅថ្ងៃ បន្ទាប់ពីបានស្រស់ស្រូបអាហារថ្ងៃត្រង់​រួច​ជាមួយក្រុមការងារ។ អំឡុងពេលព្រឹត្តិការណ៍​អង្គរសង្ក្រាន្តអ្នកស្រី សុង ជី និងអ្នកឯទៀត តែងតែនាំគ្នា​មកប្រមូលសំរាម ​ដែលសេសសល់​តាំងពីព្រឹកម៉ោង៦ រហូតដល់ម៉ោង៨ព្រឹក ឱ្យបានមុនភ្ញៀវទេសចរ​មកទស្សនាកម្មវិធី​ផ្សេងៗ ​ដែលរៀបចំសម្តែងក្នុងបរិវេណនោះ។ អ្នកស្រី សំំណូមពរដល់ភ្ញៀវទេសចរ ​ដែលមកលេង​ខេត្តសៀមរាប ​ពិសេសតំបន់អង្គរ សូមជួយប្រមូលសំរាមទុកដាក់ឱ្យមានរបៀបតាមធុងសំរាម។
 
ចំពោះការងារអនាម័យនេះដែរ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និង ថ្លែងអំណរគុណ​ដល់ក្រុមអ្នកសម្អាតអនាម័យ ហើយថែមទាំងបានជូននូវប្រាក់ឧបត្ថម្ភ និងអំណោយលើកទឹក​ចិត្តដល់ពួកគាត់ទៀតផង៕
 









 

© រក្សាសិទ្ធិដោយ thmeythmey.com