កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមបាល់ទះបុរសហ្វីលីពីន ស្ថិតក្នុងពូលA ជាមួយកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី
18, Apr 2023 , 4:29 pm        
រូបភាព
កីឡាករក្រុមបាល់ទះជម្រើសជាតិហ្វ៊ីលីពីន។ រូបពី Inkl
កីឡាករក្រុមបាល់ទះជម្រើសជាតិហ្វ៊ីលីពីន។ រូបពី Inkl
ដោយ:
ក្រុមបាល់ទះបុរសហ្វីលីពីន ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី ក្រោយចាប់ឆ្នោតបែងចែកពូលសារជាថ្មីសម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

 
ការចាប់ឆ្នោតបែងចែកពូលសារជាថ្មីនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកហ្វីលីពីន(POC) ស្នើរសុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣ CAMSOC ឱ្យដាក់បញ្ចូលក្រុមបាល់ទះហ្វ៊ីលីពីន ចូលទៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា។ 
  

ក្រុមបាល់ទះបុរសលក្នុងសាលជម្រើសជាតិកម្ពុជា។
 
មុនការស្នើនេះ ដំបូងឡើងកម្ពុជាបានរៀបចំចាប់ឆ្នោតរើសពូលដោយគ្មានវត្តមានក្រុមហ្វីលីពីន នោះទេ ដោយកម្ពុជាស្ថិតក្នុងពូល A ជាមួយម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី និងសិង្ហបុរីប៉ុណ្ណោះ ស្របពេលពូល B មាន ថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
 
ក្រោយមានការយល់ព្រមបញ្ចូលសមាសភាពក្រុមហ្វីលីពីន ដោយមានការយល់ព្រមពីសមាជិក៥ប្រទេស ក្រុមហ្វីលីពីនត្រូវបានចាប់ឆ្នោតជាថ្មីដោយស្ថិតក្នុងពូលA រួមមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន និងសិង្ហបុរី។ ចំណែកពូលB សមាសភាពដដែលរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ចំពោះក្រុមបាល់ទះជម្រើសជាតិ ហ្វ៊ីលីពីន គឺជាគូរព្រេងចាស់របស់ក្រុមជម្រើសជាតិកម្ពុជា។ 
 
នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រុមហ្វ៊ីលីពីនធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលB ដោយចាញ់ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១សិត(២៥-២១,២៤-២៦,៣០-២៨,២៩-២៧)។ ប្រកួតដំបូងរបស់ក្រុមកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ សិង្ហបុរី បន្ទាប់មកទទួលភ្ញៀវ ហ្វ៊ីលីពីន និងបន្តជួបក្រុម ឥណ្ឌូណេស៊ី ក្នុងវគ្គសន្សំពិន្ទុជម្រុះក្នុងពូល។ 
 
គួបញ្ជាក់ថា ការប្រកួតបាល់ទះក្នុងសាល វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា មុនប្រកាសពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
សមាសភាពកីឡាករក្រុមជម្រើសជាតិកម្ពុជា រួមមាន៖ ប្រធានក្រុម សួន ចាន់ណារ៉ូ, ខឹម សុវណ្ណដារ៉ា, ម៉ឿន ម៉េងឡាយ, អាន សុខហេង, គួន ម៉ុម, ផុល រតនៈ, វឿន វាសនា, ពិន សារុន, មួន និមល, សឿន ហេង, ឈៀង ភារដ្ឋ, ប៊ន ណារិទ្ធ, ផល ផានិត, ឌិន ស៊ីដែន, ខុម ហុងទ្រី, ម៉ន សុខនាង, គង់ ពិសិដ្ឋ និងឈុន ឈៀងនី៕
 
 

Tag:
 កីឡាបាល់ទះ
 ហ្វ៊ីលីពីន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com