អន្តរជាតិ
G7 ថ្កោលទោសយោធាមីយ៉ាន់ម៉ាជុំវិញការរំលាយបក្សរបស់លោកស្រីស៊ូជី
18, Apr 2023 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7)។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7)។ រូបភាព AFP
ប្រមុខការទូតក្រុមប្រទេសអ្នកមានទាំង៧ (G7) បានថ្កោលទោស ការរំលាយបក្សនយោបាយសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុងសាន ស៊ូជី នៅពេលកន្លងមក។ ក្រុមប្រទេស G7 បានជំរុញឱ្យយោធាបង្កើតបរិយាកាសមួយ សម្រាប់កិច្ចពិភាក្សាប្រកបដោយសន្តិភាពដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

 
វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈការប៉ះទង្គិចរវាងយោធា និងកម្លាំងការពារប្រជាជន (PDF) តែងកើតមានជាញឹកញាប់។ មិនតែប៉ុណ្ណោះ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នៅខែមីនាកន្លងទៅ បានប្រកាសរំលាយបក្សនយោបាយប្រមាណ ៤០ ក្នុងនោះរួមទាំងបក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលថែមទៀត ព្រោះបានចុះឈ្មោះនៅក្រោមច្បាប់បោះឆ្នោតថ្មី។
 
ជុំវិញបញ្ហានេះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ បានថ្កោសទោសរបបយោធា និងជំរុញឱ្យយោធាបង្កើតបរិយាកាសប្រកបដោយការរួមបញ្ចូលសម្រាប់កិច្ចចរចា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ 
 
«យើងថ្កោលទោសការមិនរាប់បញ្ចូលបក្សនយោបាយចំនួន៤០ រួមទាំងបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ពីដំណើរការរៀបចំដោយយោធាមីយ៉ាន់ម៉ា»។​ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញនៅថ្ងៃទី១៨ ខែមេសា ដោយបន្ត បង្ហាញពីក្តីបារម្ភជុំវិញស្ថានការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលតែងតែមានការប៉ះទង្គិច និងមានការវាយប្រហារពីសំណាក់យោធា។ 
 
ទន្ទឹមនេះ ប្រមុខការទូតក្រុមប្រទេស​មានសេដ្ឋកិច្ចជឿនលឿនទាំង៧ ក៏បានរិះគន់ការវាយប្រហារផ្លូវអាកាស​នៅថ្ងៃទី១១​ ខែមេសាកន្លងមក ដែលបង្កឱ្យមានប្រជាជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។​
 
មិនខុសពីពេលកន្លងឡើយ ក្រុមប្រទេស G7 នៅតែបន្តគាំទ្រកិច្ចខិតខំពាក់ព័ន្ធចំណុចឯកភាពទាំង៥របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដោយរួមទាំងតាមរយៈប្រធានអាស៊ាន និងប្រេសិតពិសេសពិសេសអាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ ប្រេសិតពិសេសអាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា​នៅក្នុងឆ្នាំនេះ ជារដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី  Retno Marsudi។ 
 
កន្លងមក ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ ធ្លាប់បានអះអាងថា ឥណ្ឌូណេស៊ី បានធ្វើឱ្យមានដំណើរការមួយចំនួនលើការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ចាប់តាំងពីកាន់តំណែងជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៣ និងរក្សាទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ដើម្បីអនុវត្តការឯកភាព ៥ចំណុច។
 
បន្ថែមពីនេះ ក្រុមប្រទេសG7 ក៏អំពាវនាវឱ្យប្រទេសទាំងអស់បង្ការការដឹកជញ្ជូនអាវុធទៅក្នុងមីយ៉ាន់ម៉ាផងដែរ។ កន្លងមក អង្គការសហប្រជាជាតិ ធ្លាប់បានបង្ហាញថា ប្រទេសចំនួន១៤ ជាដៃគូដ៏សំខាន់ក្នុងការនាំចេញអាវុធសម្រាប់យោធាមីយ៉ាន់ម៉ា ក្នុងនោះមានដូចជា ចិន រុស្ស៊ី អ៊ុយក្រែន អ៊ីស្រាអែល កូរ៉េខាងជើង ឥណ្ឌា និងហ្វីលីពីនជាដើម៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ជប៉ុន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com