ជាតិ
សង្រ្កាន្តស្វាយរៀង បន្តរៀបចំកម្មវិធី«​តំបន់ត្រជាក់ចិត្ត»នៅរាល់ចុងសប្តាហ៍ នាខែមេសានេះ
18, Apr 2023 , 5:29 pm        
រូបភាព
 រូបភាពពី រដ្ឋបាលខេត្តស្វាយរៀង
រូបភាពពី រដ្ឋបាលខេត្តស្វាយរៀង
ភ្នំពេញ៖  ក្រុមការងារសង្រា្កន្តស្វាយរៀង ក្រោម​កិច្ចសហការ​ជាមួយអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នឹងបន្តកម្ម​វិធី «​តំបន់ត្រជាក់ចិត្ត​» នៅ​រាល់ចុងសប្តាហ៍នៃខែមេសា ឆ្នាំ​២០២៣។ ការបន្តព្រឹត្តិការណ៍នេះ ដើម្បី​បង្កភាពរីករាយដល់ពលរដ្ឋក្នុងខេត្ត និងទាក់ទាញទេសចរកាន់តែច្រើនកុះករ។



​ «តំបន់ត្រជាក់ចិត្ត» នៃកម្មវិធីស​ង្រា្ក​ន្ត​ស្វាយរៀង​ ប្រារព្ធ​ឡើង​នៅ​ទីតាំង​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្តស្វាយរៀង។ ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង មាន​ភាពសប្បាយ​រីករាយ និង​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​ជាតិខ្មែរផងដែរ។
  


បើតាម​ហ្វេសប៊ុក​ផេក សង្រ្កាន្តស្វាយរៀង ការ​បន្ត​កម្មវិធី​ «តំបន់ត្រជាក់ចិត្ត»នេះ ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​លោក ម៉ែន វិបុល ​អភិបាលខេត្ត​ស្វាយរៀង។ កម្មវិធី«តំបន់ត្រជាក់ចិត្ត» នឹងប្រព្រឹត្តទៅរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី២២-២៣ និងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣។
 
តាមរយៈការ​រៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្ត​ស្វាយរៀងនៅថ្ងៃទី១៤-១៦ មេសា កន្លងទៅ​ ខេត្តស្វាយរៀង ទទួលបានទេសចរជាង ៧៦ម៉ឺននាក់ មានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ ទទួលបានទេសចរជាង ៣ម៉ឺននាក់តែប៉ុណ្ណោះ។  លើសពីនេះ សម្រាប់​បញ្ហា សុវត្ថិភាព សន្តិសុខ​វិញ មានការ​រក្សា​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​ជុំវិញ​បរិវេណ​បានល្អ​ផងដែរ នាអំឡុងពេលចូលឆ្នាំខ្មែរ​៕
 

Tag:
 សង្រ្កាន្តខេត្តស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com