ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក សុះ ម៉ាច៖ អ្នកចម្រៀងកុំសម្លឹងលុយជាធំ ដោយមិនខ្វល់ការរិះគន់ និងតម្លៃសីលធម៌
19, Apr 2023 , 8:59 am        
រូបភាព
 លោក  សុះ  ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ..
លោក សុះ ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ..
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា​ ២អាណត្តិ លោក សុះ ម៉ាច បាននិយាយថា អ្នកចម្រៀងត្រូវមានចំណេះដឹង និងឆន្ទៈជាតិនិយមទើបល្អប្រសើរ ក្នុងនាមជាអ្នកសិល្បៈខ្មែរ។ ជាពិសេសមិនត្រូវច្រៀង ឬធ្វើអ្វីមួយ ដែលប៉ះពាល់ដល់តម្លៃជាតិនោះទេ។ បើតាមសិល្បកររូបនេះ អ្នកចម្រៀងមិនត្រូវសម្លឹងលុយជាធំ ដោយមិនខ្វល់ពីការរិះគន់ និងតម្លៃសីលធម៌នោះដែរ។



លោក សុះ  ម៉ាច ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែពិស្តារសូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក សុះ ម៉ាច អតីតប្រធានសមាគម អ្នកសិល្បៈកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖ ក្រៅពីសមត្ថភាពក្នុងការច្រៀង ហើយបើសិនការនិពន្ធទំនុកច្រៀងចេញមកមិនត្រូវចិត្តអ្នកចម្រៀង ដែលវានិយាយពីការជំរុញឱ្យផឹកស្រា ។ល។ តើអ្នកចម្រៀងគួរបដិសេធបែបណា ដើម្បីប្រយោជន៍ជាតិទាំងអស់គ្នា?
 
លោក សុះ ម៉ាច៖  ទស្សនៈរបស់ខ្ញុំបាទផ្ទាល់ អ្វីដែលជាការជះឥទ្ធិពលមិនល្អ សម្រាប់សង្គមជាតិ  ហើយកុំថាឡើយតែច្រៀងជំរុញពីការផ្សាយស្រា សូម្បីតែឱ្យខ្ញុំកាន់ស្រាផ្សាយ ក៏ខ្ញុំមិនផ្សាយដែរ ទោះឱ្យប៉ុន្មានក៏ខ្ញុំមិនផ្សាយដែរ។ និយាយតាមត្រង់តែម្តង ព្រោះវាជះឥទ្ធិពលអាក្រក់ដល់សង្គមណាស់ ហើយសូម្បីតែទំនុកច្រៀងខ្លះ មានខុសអក្ខរាវិរុទ្ធ ក៏ខ្ញុំសុំកែសម្រួលដែរមុននឹងច្រៀង។ 
 
កញ្ញា សុង សុធាវី៖ នេះអាចថា មកពីសមត្ថភាពរបស់លោកធ្លាប់ជាប្រធានសមាគមអ្នកសិល្បៈកម្ពុជា និងជាអ្នកចម្រៀង ដែលមានការទទួលស្គាល់ទូទាំងប្រទេសហើយ។ ចុះសម្រាប់អ្នកចម្រៀងថ្មីថ្មោង ដែលគ្នាមិនសូវមានបទពិសោធ និងខ្លាចបាត់បង់ឱកាសល្បី ឬ  អ្នកដែលគាត់មិនទាន់ហ៊ានចូលរួមរិះគន់វិញ?  
 
លោក សុះ ម៉ាច៖ វាជាឆន្ទៈរបស់មនុស្សម្នាក់ៗ អ្វីដែលជារឿងមិនល្អ សម្រាប់សង្គមជាតិ ក្នុងនាមជាអ្នកសិល្បៈ​ ជាពិសេសអ្នកចម្រៀងគួរហ៊ានបដិសេធ ហើយកុំសំឡឹងលុយជាធំពេក ព្រោះលុយកាក់នេះវាជារឿងបានមកតាមក្រោយទេ។  វាមិនមែនច្រៀងមួយបទដែលប៉ះពាល់ដល់គុណតម្លៃជាតិហ្នឹងអាចល្បីទេ តែជួនកាលអាចត្រូវមហាជនរិះគន់ នាំឱ្យធ្លាក់ប្រជាប្រិយ ឬ ក៏ក្រសួងអាចបិទចម្រៀងនោះចោលវិញទៅទៀត។ សួរថា វាចំណេញអី? អ៊ីចឹង យើងត្រូវគិតខ្លួនឯង តែត្រូវប្រើឆន្ទៈក្នុងនាមជាអ្នកសិល្បៈ​ ជាមនុស្សរបស់មហាជនផង។ 
 
កញ្ញា សុង សុធាវី៖​ ១០ឆ្នាំចុងក្រោយនេះ ឃើញថា បទចម្រៀងមួយចំនួន លែងសូវមានលក្ខណៈជាខ្មែរហើយ ដោយសារតែមានការជះឥទ្ធិពលពីប្រទេសជិតខាង ឬ លោកខាងលិចជាដើម! ក្នុងនាមលោកជារៀមច្បង និងជាអ្នកចម្រៀងជើងចាស់ដែរ តើមានការចូលរួមក្នុងន័យស្ថាបនាបែបណាបន្ថែមទៀតដែរ?
 
លោក សុះ ម៉ាច៖ នេះហើយជាការបារម្ភរបស់ខ្ញុំ! ខ្ញុំខ្លាចថា ២០ ទៅ៣០ឆ្នាំទៀត អាចនឹងបាត់បង់នូវពណ៌សម្បុររបស់សិល្បៈម្តងបន្តិចៗ ដោយខ្វះនូវការអភិរក្ស។ អ៊ីចឹង ក្នុងនាមកូនខ្មែរជំនាន់ថ្មីគួរតែគិតគូរ ដោយកុំផ្តោតលើលក្ខណៈទំនើប ឬ ភាពជាបរទេសពេក។ ដូចខ្ញុំបានលើកឡើងថា បុរាណមិនយឺត តែសម័យមិនបរទេសទេ! អ៊ីចឹង វាមិនមានបាត់បង់នូវអ្វីមួយទេ។ មួយទៀត សម្រាប់ក្មេងៗ ដែលនិយមចូលចិត្តបទហាត់រៀនបទបរទេស ត្រូវគិតឱ្យដល់ពីដួងព្រលឹងជាតិ របស់ខ្លួនឯងមកវិញ។ល។ អ៊ីចឹងត្រូវពិចារណា ដោយមិនត្រូវកញ្រ្ជោកបទកញ្ឆក់កញ្ឆេងហ្នឹងពេកទេ ព្រោះកម្មវិធីជាច្រើនគេមាន ចង្វាក់ រាំវង់ សារាវ៉ាន់ ឡាំលាវ ចូកកំពឹស កន្រ្ទឹមអីទៅ។ល។ តែម៉ាឌីហ្សុន ទ្វីសអីហ្នឹងជាចង្វាក់របស់ប្រទេសគេទេ។ អ៊ីចឹង យើងក្នុងនាមជាសិល្បៈរៀមច្បង ទាំងការហាត់ច្រៀង ការប្រើប្រាស់ពាក្យត្រូវតែឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ព្រោះចម្រៀងរាប់ពាន់បទនៅក្នុងខួរក្បាលរបស់ខ្ញុំ ដែលខ្ញុំចេះ និងចាំ។ ដូចនេះ យើងត្រូវចេះកែតម្រូវគ្នា មិនថាអ្នកសិល្បៈណាទេ ពេលយើងនៅជាមួយអ្នកសិល្បៈជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយក៏ត្រូវចេះស្តាប់យោបល់ពីរៀមច្បង ទាំងហ្នឹងទើបយើងអាចរីកចម្រើនទាំងអស់គ្នា។
 
កញ្ញា សុង សុធាវី៖  តើលោកមើលឃើញថាបច្ចុប្បន្ន ការនិពន្ធពីបទចម្រៀងប្រពៃណីមួយចំនួនម៉ិចដែរ?
 
លោក សុះ ម៉ាច៖ បទរាល់ថ្ងៃ ឃើញមាននិពន្ធទំនុកច្រៀង និងទំនុកភ្លេងថ្មីខ្លះដែរ។ ប៉ុន្តែភាគច្រើន ឃើញយកតែបទចម្រៀងចាស់ដូរតែទំនុកច្រៀង ចុះឡើងៗ ដោយមិនសូវមានការបង្កើតថ្មីផង ហើយប្តូរតែទំនុកច្រៀងស្រី ទៅប្រុស។ រីឯប្រុស ទៅជាស្រី វ៉ល់ពេញហ្នឹង! ហើយក្រសួងវប្បធម៌លោកក៏គួរតែមើលការណ៍ទាំងអស់ហ្នឹងឡើងវិញ ព្រោះយុវវ័យពេលខ្លះគ្នាគិតមិនបានដិតដល់ទេ។ អ៊ីចឹង យើងជាចាស់ទុំ ជាម៉ែជាឪ គួរតម្រង់ទិសប្រាប់គាត់ទៅ។ បើយកតែចម្រៀងចាស់ៗ មកកាឡៃចុះឡើងៗ តើវិស័យសិល្បៈយើង រីកចម្រើនឬ អត់? អ្នកខ្លះយកបទមរតកដើមមកកាឡៃ! អ្នកខ្លះយកតែបទបរទេសមកបកប្រែហើយច្រៀង! ខ្ញុំគិតថា វាមិនមែនជារឿងសមគួរទេ។ តែដូចផលិតកម្មការឡាក់ស៊ី ដែលខ្ញុំឃើញគាត់និពន្ធថ្មីលើខ្លឹមសារមួយចំនួន សម្រាប់ឱ្យអ្នកចម្រៀងគាត់ច្រៀង ខ្ញុំគិតថា វាជារឿងល្អដែរ ហ្នឹងខ្ញុំកោតសរសើរ។   យើងត្រូវចេះនិពន្ធខ្លួនឯង ហើយកាត់ចោលទៅអារឿងយកស្នាដៃមរតកដើមមកការឡៃ ហើយយកចំរៀងបរទេសមកចម្លងហ្នឹង តែត្រូវមានគំនិតបង្កើតអ្វីជាខ្លួនឯងទៅ ទើបយើងរីកចម្រើន៕
  
 
 

Tag:
 បទសម្ភាសវិស័យសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com