ជាតិ
សង្គមជាតិ
លោកផ្កាយ២ សូយ ចាន់សឿន ត្រូវដកចេញពីក្របខ័ណ្ឌ ដោយសារប្រើហិង្សាធ្ងន់ធ្ងរលើស្រ្តី
20, Apr 2023 , 3:39 pm        
រូបភាព
លោក សូយ ចាន់សឿន ថតសែលហ្វីក្នុងពិធីមួយ កាលពីលោកមិនទាន់ត្រូវបានដកចេញពីក្របខ័ណ្ឌយោធា (រូបពីបណ្តាញសង្គម)។
លោក សូយ ចាន់សឿន ថតសែលហ្វីក្នុងពិធីមួយ កាលពីលោកមិនទាន់ត្រូវបានដកចេញពីក្របខ័ណ្ឌយោធា (រូបពីបណ្តាញសង្គម)។
តាមការក្រាបបង្គំទួលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់ឲ្យលុបឈ្មោះលោក សូយ ចាន់សឿន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ព្រះរាជក្រឹត្យស្តីពីការលុបឈ្មោះលោក សូយ ចាន់សឿន ពីក្របខ័ណ្ឌយោធា បានចេញតាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។



កាលពីមិនទាន់មានរឿង លោក សូយ ចាន់សឿន ជាយោធាពាក់ផ្កាយ២ (ឧត្តមសេនីយ៍ទោ) និងជានាយរងទីចាត់ការអភិវឌ្ឍន៍នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ នារីម្នាក់ អះអាងថា អតីតឧត្តមសេនីយ៍ទោរូបនេះ បានប្រើហិង្សាលើនាង តាំងពីដើមឆ្នាំ២០២១ ហើយនាង បានប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ។ 
 
តុលាការខេត្តកំពុងស្ពឺ បានចោទលោកពីបទប្រើហិង្សាមានស្ថានទម្ងន់ទោស ហើយសម្រេចដាក់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹម១ឆ្នាំកន្លះ ឯទោស១ឆ្នាំកន្លះទៀត ត្រូវព្យួរ (មិននៅក្នុងពន្ធនាគារ)។ តុលាការខេត្តកំពង់ស្ពឺ ថែមទាំងតម្រូវឲ្យលោកបង់ប្រាក់១,៥ម៉ឺនដុល្លារទៅនារីរងគ្រោះ និងបង់ប្រាក់១,៥ពាន់ដុល្លារចូលទៅរដ្ឋ។ 
 
តាមរយៈរូបភាពលើបណ្តាញសង្គម គេ ឃើញនារីរងគ្រោះ ហើមមុខហើមមាត់ ដែលបណ្តាលមកពីការប្រើហិង្សាពីសំណាក់អតីតឧត្តមសេនីយ៍ទោ សូយ ចាន់សឿន៕  
 

Tag:
 ករណីហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com