ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អនុប្រធានបក្សភ្លើងទៀន ថា ការឃុំខ្លួនសមាជិកបក្ស២រូបទៀត ជាការដាក់សម្ពាធនយោបាយ
20, Apr 2023 , 5:09 pm        
រូបភាព
តុលាការខេត្តព្រៃវែង។ រូបពី សាលាដំបូងខេត្តព្រៃវែង
តុលាការខេត្តព្រៃវែង។ រូបពី សាលាដំបូងខេត្តព្រៃវែង
ភ្នំពេញ៖ អ្នកស្រី សេង វិសាល គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រៃវែង និង ប៊ិន ចូង ជំទប់ទី២ នៃឃុំប្រាសាទ ស្រុកកំពង់ត្របែក ត្រូវបានចៅក្រមស៊ើបសួរខេត្តព្រៃវែងសម្រេចឃុំខ្លួន ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងសមគំនិតក្លែងបន្លំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រៃវែងចេញថ្ងៃទី១៩មេសា។

 
ការសម្រេចឃុំខ្លួន សមាជិកបក្សភ្លើងទៀនពីររូបនេះ លោក រ៉ុង ឈុន អនុប្រធានបក្សភ្លើងទៀន ចាត់ទុកថា ជាការដាក់សម្ពាធនយោបាយ មុនពេលការបោះឆ្នោតឈានចូលមកដល់។ លោកស្នើឱ្យមានការស៊ើបអង្កេតឡើងវិញ ព្រោះការសម្រេចរបស់តុលាការពុំមានភស្តុតាងគ្រប់គ្រងឡើយ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះ លោក រ៉ុង ឈុន លើកឡើងបែបនេះ៖ «ការសម្រេចឃុំខ្លួននេះ គឺពុំមានអង្គហេតុអង្គច្បាប់ច្បាស់លាស់ឡើយ គឺចេះតែឃុំទៅ។ វាជារឿងមួយ អយុត្តិធម៌សម្រាប់ពួកគាត់ ហើយពួកគាត់សុទ្ធតែជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត។ គេមើលឃើញច្រើនគ្នាថា វាមិនមែនជារឿងកំហុសឆ្គងអ្វីទេ វាជារឿងនយោបាយច្រើនជាង»។ 
 
លោក រ៉ុង ឈុន អះអាងថា សមាជិកទាំងពីរខាងលើ មិនបានក្លែងបន្លំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ឡើយ។ អនុប្រធានរូបនេះ បន្ថែមថា បណ្ដឹងរបស់បក្សកាន់អំណាច និងការសម្រេចរបស់តុលាការ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុន។ លោកសង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោត ពុំមែនពិនិត្យមើលនិងវាយតម្លៃត្រឹមតែមួយថ្ងៃនៃដំណើរការបោះឆ្នោតនោះទេ គឺមុននឹងក្រោយបោះឆ្នោតសុទ្ធតែត្រូវបានវាយតម្លៃ ពីសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ។ ជាមួយគ្នាដែរ លោកបញ្ជាក់ថា គិតត្រឹមពេលនេះ សមាជិកបក្សមានប្រមាណ១០នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់ ខណៈសមាជិកខ្លះកំពុងរត់គេចខ្លួន៕ 
 

Tag:
 នយោបាយ
  សង្គម
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com