កំណាព្យ
ជាតិ
អ្នកនាង លឹម ផាន់ណា បញ្ចូលជំនាញចិត្តវិទ្យាទៅក្នុងស្នាដៃនិពន្ធរបស់ខ្លួន
22, Apr 2023 , 11:59 am        
រូបភាព
អ្នក​នាង លឹម ផាន់ណា អ្នក​និពន្ធឯករាជ្យ
អ្នក​នាង លឹម ផាន់ណា អ្នក​និពន្ធឯករាជ្យ
ភ្នំពេញ៖ អ្នកនាង លឹម ផាន់ណា គឺជាអ្នកនិពន្ធឯករាជ្យមួយរូប ដែលមានទេពកោសល្យ និពន្ធកំណាព្យ ទំនុកច្រៀង ប្រលោមលោក រឿងខ្លី និងអត្ថបទភាពយន្តជាដើម។ អ្នកនាង បានប្រើជំនាញចិត្តវិទ្យាដែលបានសិក្សា បញ្ចូលទៅក្នុងស្នាដៃនិពន្ធទាំងអស់របស់ខ្លួន។

 
 
បានបញ្ចប់ថ្នាក់បរិញ្ញាជំនាញចិត្តវិទ្យា ក្នុងឆ្នាំ២០១២ អ្នកនាង លឹម ផាន់ណា បានយកជំនាញនោះ ទៅអនុវត្តន៍ក្នុងស្នាដៃតែងនិពន្ធរបស់ខ្លួន ដែលរួមមានកំណាព្យ ប្រលោមលោក អត្ថបទភាពយន្ត រឿងខ្លី និងទំនុកច្រៀងជាដើម។
 
អ្នកនាងថាជំនាញចិត្តវិទ្យា ពិតជាមានសារសំខាន់ខ្លាំង ក្នុងវិស័យតែងនិពន្ធ ដោយហេតុថា ការបង្កើតស្នាដៃនីមួយៗ ត្រូវតែដឹងពីទំនោរចិត្ត ឬការគិតជាទូទៅ ឬដោយឡែកនៃមនុស្សរស់នៅក្នុងសង្គម។ អ្នកនិពន្ធដឹងបែបនោះហើយ ទើបស្នាដៃផ្សាយចេញទៅ អាចកែលម្អសង្គមបានដោយទន់ភ្លន់ និងធ្វើឱ្យអ្នកអានទទួលយកដោយសុទ្ធចិត្ត។
 
អ្នកនាង លឹម ផាន់ណា បន្ថែម៖ «មុខវិទ្យាចិត្តវិទ្យា ក្ដោបទូលំទូលាយច្រើន ទៅលើផ្លូវចិត្តរបស់មនុស្ស។ ដូច្នេះស្នូលនៃមុខវិទ្យាហ្នឹង យើងអាចធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត ឬអ្នកចិត្តសាស្ដ្រផ្សេងៗ។ ប៉ុន្តែក្រៅពីការងារទាំងនោះ យើងក៏អាចធ្វើជាអ្នកនិពន្ធបានដែរ ដោយភ្ជាប់ជាមួយចិត្តសាស្ត្រ។ បានន័យថា យើងស្គាល់ពីចិត្តសាស្ត្ររបស់តួអង្គ ចិត្តសាស្ត្ររបស់មនុស្សនៅក្នុងសង្គម។ ដូច្នេះពេលយើងយកមកបង្កើតជាសាច់រឿង យើងយល់ពីចំណុចទាំងអស់ហ្នឹងបានច្បាស់។ ហើយអាចសរសេរទៅ ត្រូវនឹងស្ថានភាពរបស់មនុស្ស នៅក្នុងសង្គមបច្ចុប្បន្នបានដែរ»។ 
 
នារីវ័យ៣៣ឆ្នាំរូបនេះ លើកទឹកចិត្តដល់ម្ដាយ ឪពុក និងអាណាព្យាបាលគ្រប់រូប អានសៀវភៅឱ្យកូនៗស្ដាប់ ពិសេសជំរុញកូនៗរបស់ពួកគេ ឱ្យអានសៀវភៅដោយខ្លួនឯង។ ព្រោះសៀវភៅជាជង្រុក ដែលប្រមូលផ្ដុំដោយចំណេះដឹង បទពិសោធ ការលើកទឹកចិត្ត ការផ្ដល់ដំណោះស្រាយ និងការអប់រំទូន្មានល្អៗជាច្រើន។
 
អ្នកនាង លឹម ផាន់ណា បានបោះពុម្ពសៀវភៅកំណាព្យមួយ មានចំណងជើងថា «សោភ័ណជីវិត និងបេះដូងយុវវ័យ»។ នាងបានសរសេរប្រលោមលោក រឿង «សកល ស្នេហ៍» បោះពុម្ពរួមគ្នាជាមួយ អ្នកនិពន្ធ៣រូបផ្សេងទៀត ក្នុងឆ្នាំ២០១៨។ បានសរសេរសៀវភៅកម្រងរឿងខ្លីចំណងជើង «សៀវភៅវេទមន្ត» បោះពុម្ពឆ្នាំ២០១៩។ និពន្ធរឿង «កុងត្រាព្រឺព្រួច» ចេញផ្សាយនៅវេបសាយ ប្រលោមលោកសប្បាយ។ និពន្ធប្រលោមលោករឿង «ក្រមុំ ចាស់» ឆ្នាំ២០២០ រួមទាំងបាននិពន្ធអត្ថបទភាពយន្ត រឿង «នគរមាស» ដែលជាស្នាដៃសហនិពន្ធ។
 
ក្នុងឆ្នាំ២០១០ អ្នកនាងបានទទួលជយលាភី លេខ៣ផ្នែកកំណាព្យ ក្នុងកម្មវិធី “ទិវាយុវជនស្ម័គ្រចិត្តអន្តរជាតិ”។ ឆ្នាំ២០១១ ទទួលបានជយលាភីលេខ៣ លើសំណេរអត្ថបទ «ការផ្សះផ្សាជាតិ និងតួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្ត ជនរងគ្រោះក្រោយរបបខ្មែរក្រហម» រៀបចំដោយអង្គការ “កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)”។
 
ក្នុងឆ្នាំ២០១២ បានទទួលជយលាភី លេខ២ផ្នែកកំណាព្យ “រសជាតិជីវិត” រៀបចំដោយ សមាគមអ្នកសាបព្រោះ។ ក្នុងឆ្នាំ២០១៣ ទទួលជយលាភី លេខ២ផ្នែកទំនុកច្រៀង ស្ដីអំពី «ធនធាន ធម្មជាតិ» ដែលរៀបចំដោយអង្គការ KYSD។ ឆ្នាំ២០១៨ ទទួលបានជយលាភីលេខ២ សម្រាប់ការប្រកួតពានរង្វាន់ “លីធាមតេង” លើស្នាដៃប្រលោមកំណាព្យ រឿង«ម្លប់ជីវិត»។
 
ឆ្នាំ២០១៩ ទទួលបានជយលាភីលេខ១ នៃពានរង្វាន់ “ព្រះនាង ឥន្ទ្រទេវី” លើស្នាដៃប្រលោមកំណាព្យ រឿង «សោភ័ណស្រ្ដី» រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ២០១៩ ដដែល ផាន់ណា ទទួលបានជយលាភីលេខ៣ ពានរង្វាន់ “ពុទ្ធសាសនបណ្ឌិត្យ” លើស្នាដៃរឿងខ្លី «ពន្លឺជីវិត» រៀបចំដោយ ក្រសួងធម្មការ និងសាសនា។
 
ឆ្នាំ២០១៩ ទទួលជយលាភីលេខ២ ពី”មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣” លើស្នាដៃរឿងខ្លី «ឡានឈ្នួល»។ ឆ្នាំ២០២០ ជយលាភីលេខ២ “ពានរង្វាន់កវី វ៉ែន សុន” លើស្នាដៃកំណាព្យរឿង «ភ្ញាក់ពីសុបិន» និងឆ្នាំ២០២១ នាងទទួលបានជយលាភីលេខ១ ពានរង្វាន់ ”ទន្លេមេគង្គ” លើស្នាដៃកំណាព្យរឿង «មេគង្គដួងចិត្ត»៕

Tag:
 តែងនិពន្ធ
  កំណាព្យ
  សង្គម
  អំណាន
© រក្សាសិទ្ធិដោយ thmeythmey.com