ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ៅ សុផាន់ ដឹកនាំទ័ពជើងគោកជំនួសលោក ហ៊ុន ម៉ាណែត ជាបណ្តោះអាសន្ន
24, Apr 2023 , 11:39 am        
រូបភាព
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថ្លែងក្នុងពិធីមួយ កាលពីឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក)។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថ្លែងក្នុងពិធីមួយ កាលពីឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក)។
ដោយ៖ ទេពញាណ

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទទួលបានសិទ្ធិធ្វើជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោក ដើម្បីដឹកនាំ បញ្ជា គ្រប់គ្រង និងដោះស្រាយរាល់ការងារនៃកងទ័ពជើងគោក។ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើលិខិតប្រគល់សិទ្ធិនេះជូនលោក ម៉ៅ សុផាន់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។



យោងតាមលិខិត លោក ម៉ៅ សុផាន់ ត្រូវធ្វើជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោក ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣តទៅ រហូតដល់លោក ហ៊ុន ម៉ាណែត មានវត្តមានវិញ។ លិខិត បញ្ជាក់ពីមូលហេតុថា ការប្រគល់សិទ្ធិឲ្យលោក ម៉ៅ សុផាន់ ធ្វើជាមេបញ្ជាការស្តីពីនៃកងទ័ពជើងគោក គឺដោយសារលោក ហ៊ុន ម៉ាណែត ជាប់បំពេញភារកិច្ចចាំបាច់។ 
 
លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ប្រាប់សារព័ត៌មានថ្មីៗថា លោក ពុំទាន់បានដឹងព័ត៌មានច្បាស់នោះទេថា លោក ហ៊ុន ម៉ាណែត ជាប់បំពេញភារកិច្ចអ្វី។ ចំណែកលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ មិនទទួលការហៅចូល។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចេញពីកម្មវិធីមួយ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ថា នៅពេលលោក ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ អ្នកដែលនឹងក្លាយជាមេបញ្ជាការកងទ័ពជើងគោក គឺលោក ម៉ៅ សុផាន់ មិនមែនលោក ហ៊ុន ម៉ានិត នោះទេ។ បច្ចុប្បន្ន លោក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោកស្រាប់ និងជាមេបញ្ជាការកងពលតូចលេខ៧០ ឯលោក ហ៊ុន ម៉ានិត ក៏ជាមេបញ្ជាការរងកងទ័ពជើងដែរ ដែលទើបទទួលការតែងតាំង។ 
 
ថ្មីៗនេះ មានការចែករំលែកលើបណ្តាសង្គមអំពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តខាងភាគីគណបក្សប្រជាជនកម្ពុជា ដោយក្នុងបញ្ជីទាំងនោះ គេ ក៏ឃើញមានឈ្មោះលោក ហ៊ុន ម៉ាណែត ផងដែរ។ យោងតាមបញ្ជីឈ្មោះមួយ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ឈរជាបេក្ខជនតំណាងរាស្ត្រនៅរាជធានីភ្នំពេញ សម្រាប់នីតិកាលទី៧នេះ ហើយឈ្មោះរបស់លោក ស្ថិតនៅលេខរៀងទី១។
 
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា កងកម្លាំង ដែលមានបំណងចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស៕ 
 
   
 
 

Tag:
 ហ៊ុន ម៉ាណែត
  ម៉ៅ សុផាន់
© រក្សាសិទ្ធិដោយ thmeythmey.com