លទ្ធផលនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបង្កើតថ្មីចំនួន៥ បង្ហាញថា គណបក្សប្រជាជនឈ្នះតំណាងប្រធានទាំង៥ និងសមាជិក៧៣អាសនៈ ភ្លើងទៀនជាប់សមាជិកសរុប១១អាសនៈ រីឯហ៊្វុនស៊ិនប៉ិច គ្មានសំឡេងគាំទ្រ។
យោងតាមការប្រកាសរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៤ ខែមេសា ក្នុងចំណោមកៅអីក្រុមប្រឹក្សាក្រុងអរិយក្សត្រក្នុងខេត្តកណ្តាល ដែលមានចំនួន១៩ លោក អ៊ុំ ចន ជាប់ជាប្រធានក្រុមប្រឹក្សា។ សមាជិកទាំង១៨នាក់របស់លោក មាន១៥នាក់ពីគណបក្សប្រជាជនកម្ពុជា និង៣នាក់ពីគណបក្សភ្លើងទៀន។
នៅក្រុងសំពៅពូន ខេត្តកណ្តាល ដដែល លោក ហម វ៉ាន់ថា ជាប់ជាប្រធានក្រុមប្រឹក្សា ហើយសមាជិក១៣នាក់ទៀត មកពីគណបក្សប្រជាជនកម្ពុជា ដូចរូបលោក ខណៈ៥នាក់ផ្សេងទៀត មកពីគណបក្សភ្លើងទៀន។
ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មាន១៧អាសនៈ ដោយគណបក្សប្រជាជនកម្ពុជា បាន១៥អាសនៈ ក្នុងនោះលោក សុខ សយ កាន់តំណែងជាប្រធានក្រុមប្រឹក្សា រីឯសមាជិក២នាក់ទៀត មកពីគណបក្សភ្លើងទៀន។
រីឯនៅស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ស្ពឺដូចគ្នា លោក ង៉ែត សុភី ជាប់ជាប្រធានក្រុមប្រឹក្សា ដោយមានសមាជិក១៧នាក់ពីគណបក្សប្រជាជនកម្ពុជា និង លោក សាន់ សំបូ តែម្នាក់ពីគណបក្សភ្លើងទៀន។
នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះឯណោះវិញ លោក ប៊ុន ឈឿន ជាប់ជាប្រធានក្រុមប្រឹក្សា ដែលមានសមាជិក១៤នាក់ពីគណបក្សប្រជាជនកម្ពុជា ទាំងអស់។
លទ្ធផលនៃការបោះឆ្នោតបង្ហាញផងដែរថា ស្ត្រីចំនួន១៦នាក់ បានជាប់ជាសមាជិកក្រុមប្រឹក្សាស្រុក-ក្រុង ដែលទើបបង្កើតថ្មីទាំង៥ ក្នុងនោះមាន១៥នាក់ពីគណបក្សប្រជាជនកម្ពុជា និង១នាក់ពីគណបក្សភ្លើងទៀន។
សមាជិកជាស្ត្រីទាំងនោះ មាន អ្នកស្រី ខុម ស្រីល័ក្ខ (ក្រុងសំពៅពូន) តែម្នាក់គត់ មកពីគណបក្សភ្លើងទៀន រីឯស្ត្រី១៥នាក់ទៀតមកពីគណបក្សប្រជាជនកម្ពុជា ដែលមាន អ្នកស្រី សុខ ថារី, គង់ ចាន់រ៉ាទី, កែ បូណា (ក្រុងសំពៅពូន), អ្នកស្រី ឱ ចិន្តា, គង់ សុខលី, ប៊ុត ចន្ធូ, ភា សូរិយ៉ា (ក្រុងឧដុង្គម៉ែជ័យ), អ្នកស្រី ឆឹម ឆវី, យឹម អេង (ស្រុកសាមគ្គីមានជ័យ), អ្នកស្រី ចាន់ ថូ, ពុធ សុភ័ក្រ (ក្រុងអរិយក្សត្រ), អ្នកស្រី អន នីតា, ជា សុផាត, ម៉ម ភីរុន, គង ស្រីណូ (ស្រុកអូរគ្រៀងសែនជ័យ)៕