ជាតិ
បោះឆ្នោត
រាល់ព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោតនៅកម្ពុជា អាចនឹងត្រូវលុបចេញពីហ្គូហ្កល
25, Apr 2023 , 4:04 pm        
រូបភាព
បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា (គ.ជ.ប) និងក្រុមហ៊ុនហ្គូហ្កល (Google) ឈានទៅសហការគ្នាជាផ្លូវការនោះ ព័ត៌មានក្លែងក្លាយជុំវិញការបោះឆ្នោតនៅកម្ពុជា នឹងមិនអាចមានវត្តមាននៅលើហ្គូហ្កល ដែលជាវេបសាយដ៏ធំរបស់ពិភពលោកឡើយ។



លោក ហង្ស ពុទ្ធា សមាជិកម្នាក់របស់គ.ជ.ប បានទទួលជួបតំណាងក្រុមហ៊ុនហ្គូហ្កលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការិយាល័យនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិភាក្សាពីកិច្ចសហការជាមួយគ្នា។ លោក អះអាងថា គោលបំណងធំនៃកិច្ចសហការរវាងគ.ជ.ប និងក្រុមហ៊ុនហ្គូហ្កល គឺដើម្បីលុបព័ត៌មានខុសការពិតអំពីការបោះឆ្នោតនៅកម្ពុជា ចេញពីវេបសាយហ្គូហ្កល។ ជំនួបនោះ ក៏មានជនជាតិខ្មែរម្នាក់ ដែលជាតំណាងក្រុមហ៊ុនហ្គូហ្កលដែរ។
 
លោក ហង្ស ពុទ្ធា ដែលមានតួនាទីជាអ្នកនាំពាក្យគ.ជ.បផងនោះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះ មានព័ត៌មានមួយចំនួន ជាព័ត៌មានក្លែងក្លាយ អវិជ្ជមាន មិនសមស្រប មិនត្រឹមត្រូវនឹងច្បាប់បោះឆ្នោតកម្ពុជា អ៊ីចឹង ហ្គូហ្កល អត់ចង់ផ្សព្វផ្សាយពីរឿងដែលខុសច្បាប់នោះទេ»។ 


ជំនួបរវាងតំណាងគ.ជ.ប និងតំណាងក្រុមហ៊ុនហ្គូហ្កល ដែលមកពីប្រទេសសិង្ហបុរី នៅអគ្គនាយកដ្ឋានគ.ជ.ប កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ (រូបពីគ.ជ.ប)។
 
វា ជាលើកទី១ហើយ សម្រាប់ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ដែលគ.ជ.ប និងក្រុមហ៊ុនហ្គូហ្កល មានបំណងសហការគ្នា។ យ៉ាងណាក៏ដោយចុះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា កិច្ចប្រជុំបឋមរវាងលោក ដែលជាតំណាងគ.ជ.ប ជាមួយតំណាងក្រុមហ៊ុនហ្គូហ្កល មិនទាន់ឈានទៅដល់ការសហការគ្នាជាផ្លូវការឡើយ។ លោក បន្តថា ដើម្បីអាចធ្វើសកម្មភាពអ្វីមួយបាន គឺត្រូវអនុម័តយល់ព្រមពីគ.ជ.បទាំងមូលជាមុនសិន។ 
 
អ្នកនាំពាក្យរូបនេះ លើកឡើងទៀតថា បើគ.ជ.ប និងក្រុមហ៊ុនហ្គូលហ្កល សម្រេចសហការគ្នាជាផ្លូវការមែន ក្រុមការងារមួយ នឹងត្រូវបង្កើតឡើង ដើម្បីធ្វើកិច្ចការឲ្យរហ័ស (ក្នុងការលុបព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោត)។ លោក ពន្យល់ថា បើសង្ស័យថា ព័ត៌មានណាមួយ ជាព័ត៌មានក្លែងក្លាយ គ.ជ.ប និងក្រុមហ៊ុនហ្គូហ្កល នឹងពិនិត្យ ដើម្បីលុបព័ត៌មាននោះចេញពីហ្គូហ្កល។ 
 
ឧទាហរណ៍៖ 
ការបោះឆ្នោតជាតិលើកទី៧នៅកម្ពុជា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តែបែរជាមានព័ត៌មាន ផ្សាយថា ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងករណីនេះ ក្រុមការងាររវាងគ.ជ.ប និងហ្គូហ្កល នឹងធ្វើកិច្ចការរួមគ្នា ដើម្បីលុបព័ត៌មានខុសនេះចេញពីហ្គូហ្កល។ នេះជាឧទាហរណ៍របស់លោក ហង្ស ពុទ្ធា។
 
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឲ្យដឹងព័ត៌មានបន្ថែមអំពីរឿងនេះថា គ.ជ.ប នឹងស្នើឲ្យក្រុមហ៊ុនហ្គូហ្កល ដកចេញខ្លឹមសារព័ត៌មានលើបណ្តាញសង្គមយូធូប (Youtube) បើគ.ជ.ប ពិនិត្យឃើញថា ព័ត៌មាននោះ មានការរំលោភបំពាន និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។  
 
សូមបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃនេះ ដោយចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា គឺជាដំណាក់កាល ដែលគណបក្សនយោបាយ ត្រូវចុះឈ្មោះ និងបេក្ខជនតំណាងរាស្រ្តនៅគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។ បើតាមអ្នកនាំពាក្យគ.ជ.ប គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សមួយចំនួនទៀត បានទៅចុះឈ្មោះរួចហើយ៕  
 

Tag:
 គជប
  Google
© រក្សាសិទ្ធិដោយ thmeythmey.com