ជាតិ
សង្គមជាតិ
ថ្នាក់លើ ប្រាប់ឱ្យស្រាវជ្រាវរកមូលហេតុបាក់ច្រាំងទន្លេនៅខេត្តកណ្ដាល ហើយត្រូវជួយពលរដ្ឋ
25, Apr 2023 , 5:59 pm        
រូបភាព
ផ្ទះពលរដ្ឋនៅស្រុកស្អាងដែលបានបាក់ស្រុតចូលទន្លេកាលពីថ្ងៃទី២៤មេសា។ រូបពី រដ្ឋបាលខេត្តកណ្ដាល
ផ្ទះពលរដ្ឋនៅស្រុកស្អាងដែលបានបាក់ស្រុតចូលទន្លេកាលពីថ្ងៃទី២៤មេសា។ រូបពី រដ្ឋបាលខេត្តកណ្ដាល
ភ្នំពេញ៖ ផ្ទះ៤០ខ្នង នៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការបាក់ច្រាំងទន្លេបាសាក់។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង បញ្ជាឱ្យរកមូលហេតុនៃការបាក់ច្រាំងនេះ។

 
ករណីបាក់ច្រាំងទន្លេនៅស្រុកស្អាង កាលពីថ្ងៃទី២៤មេសា អាជ្ញាធរបានចុះពិនិត្យនិងជួយប្រជាពលរដ្ឋ។ ហេតុការណ៍នេះ ពុំមានពលរដ្ឋរងគ្រោះថ្នាក់ឡើយ។ ចំណែក មូលហេតុដែលបណ្ដាលឱ្យបាក់ច្រាំងទន្លេ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២៥មេសានេះថា ពុំទាន់រកឃើញមូលហេតុជាក់លាក់នោះទេ។ លោកអះអាងថា ករណីនេះ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែម។ 
 

កងកម្លាំងរបស់រដ្ឋចុះជួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេ។ រូបពី រដ្ឋបាលខេត្តកណ្ដាល 
 
ទាក់ទិនរឿងរ៉ាវបាក់ច្រាំងទន្លេនៅស្រុកស្អាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង បានចុះពិនិត្យស្ថានភាពពលរដ្ឋ ដែលផ្ទះរបស់ពួកគាត់រងការប៉ះពាល់។ លោកស្នើឱ្យអជ្ញាធរយកចិត្តទុកដាក់ជួយពលរដ្ឋ។ លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ត្រូវចាត់កំលាំងការពារសុវត្ថិភាពសម្ភារៈ ដែលនៅមាន។ ត្រូវរៀបចំក្រុមការងារស្រាវជ្រាវពីមូលហេតុនៃការស្រុតផ្ទះបាក់ច្រាំង និងវាយតម្លៃពីស្ថានភាពផ្ទះ ឱ្យបានឆាប់រហ័ស និងរៀបចំជារបាយការណ៍ជូនថ្នាក់ជាតិ និងជម្រាបជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះ»។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅផ្សាយលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។ 
 
ករណីបាក់ច្រាំងទន្លេនេះ កាលពីថ្ងៃទី២៤មេសា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បាននាំកងកម្លាំង៣ក្រុមចុះទៅពិនិត្យដែរ។ អំឡុងពេលចុះពិនិត្យស្ថានភាពបាក់ច្រាំង លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថាមានផ្ទះពលរដ្ឋ៤០ខ្នង ដែលស្មើនឹង២១គ្រួសារ បានរងផលប៉ះពាល់។ ក្នុងចំណោមផ្ទះទាំងនោះ មាន២ខ្នង បានបាក់ស្រុតចូលទន្លេទាំងស្រុង។ ចំណែក ២៨ខ្នងទៀត រងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយ១០ខ្នងរងផលប៉ះពាល់ស្រាល។ 
 
យ៉ាងណា លោក សុខមករា បានប្រាប់មូលហេតុនៃបាក់ច្រាំង គឺបណ្ដាលមកពីទឹកស្រក។ «មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ បណ្ដាលមកពីទឹកទន្លេបានស្រកចុះ ទើបបណ្ដាលឱ្យមានការទាញដី ទើបធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាចម្រៀកៗ»។ នេះជាការបញ្ជាក់របស់លោក សុខមករា ដែលរដ្ឋបាលខេត្តកណ្ដាលបានចេញផ្សាយលើហ្វេសប៊ុក៕ 


លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង។ រូបពី រដ្ឋបាលខេត្តកណ្ដាល
 
 

Tag:
 បាក់ច្រាំងទន្លេ
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com