សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Apple ពង្រីក​អាជីវកម្ម​នៅ​ឥណ្ឌា​ដោយ​បើក​ហាង​ធំ​ទី​មួយ​របស់​ខ្លួន​នៅ​ទីនោះ
26, Apr 2023 , 10:29 pm        
រូបភាព
លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ភ្ញាក់ បន្ទាប់ពីបានឃើញម៉ាស៊ីន Macintosh Classic ចាស់មួយគ្រឿងដែលភ្ញៀវម្នាក់បានយកមកឱ្យលោកក្នុងអំឡុងពេលនៃការបើកហាង Apple Inc. ដំបូងបង្អស់នៅទីក្រុង Mumbai
លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ភ្ញាក់ បន្ទាប់ពីបានឃើញម៉ាស៊ីន Macintosh Classic ចាស់មួយគ្រឿងដែលភ្ញៀវម្នាក់បានយកមកឱ្យលោកក្នុងអំឡុងពេលនៃការបើកហាង Apple Inc. ដំបូងបង្អស់នៅទីក្រុង Mumbai
ដោយ: VOA
ក្រុមហ៊ុន Apple បាន​បើក​ហាង​ធំ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ពិធី​សម្ពោធ​មួយ​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​កាលពី​ថ្ងៃ​ទី១៨ ខែ​មេសា​កន្លង​ទៅ​នេះ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​សេចក្ដី​ប្រាថ្នា​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​អាច​យក​ប្រទេស​នេះ​ជា​កន្លែង​ផលិត​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

 
លោក Tim Cook នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​ថតរូប​ជាមួយ​មនុស្ស​ពីរ​បី​នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ​ប្រហែល ១០០ នាក់​ឬ​ច្រើន​ជាង​នេះ​ដែល​បាន​ឈរ​បន្ត​គ្នា​នៅ​ខាង​ក្រៅ​ហាង​ដែល​មាន​ទំហំ​ជាង ១.៨០០ ម៉ែត្រ​ការ៉េ​នេះ​នៅ​ក្នុង​ទីក្រុង Mumbai ដែល​ជា​ទីក្រុង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា។ ការ​រចនា​ហាង​នៃ​ក្រុមហ៊ុន​នេះ​ទទួល​ឥទ្ធិពល​ពី​ឡាន​តាក់ស៊ី​ពណ៌​ខ្មៅ​និង​លឿង​របស់​ទីក្រុង​នេះ។
 
លោក Cook បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រទេស​ឥណ្ឌា​មាន​វប្បធម៌​ដ៏​ល្អ​ផូរផង់​និង​មាន​ថាមពល​ខ្លាំង ហើយ​យើង​រីករាយ​នឹង​បន្ត​អភិវឌ្ឍ​ទៅ​មុខ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ជា​យូរ​មក​ហើយ​របស់​យើង»។
 
មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​ប្រកប​អាជីវកម្ម​នៅ​ឥណ្ឌា​ជាង ២៥ ឆ្នាំ​មក​ហើយ ដោយ​លក់​ផលិតផល​របស់​ខ្លួន​តាមរយៈ​ហាង​លក់​រាយ​ដែល​មាន​ការ​អនុញ្ញាត​និង​តាមរយៈ​វេបសាយ​ដែល​ខ្លួន​បាន​ចាប់ផ្តើម​ប្រើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ប៉ុន្តែ​កន្លង​មក បញ្ហា​ខាង​និយតកម្ម​និង​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ពន្យារពេល​ផែនការ​បើក​ហាង​ធំ​បំផុត​របស់​ខ្លួន​នេះ​នៅ​ឥណ្ឌា។
 
លោក Jayanth Kolla អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Convergence Catalyst ដែល​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ខាង​បច្ចេកវិទ្យា បាន​និយាយ​ថា ហាង​ថ្មីៗ​ទាំង​នេះ​គឺជា​សញ្ញា​ច្បាស់លាស់​មួយ​នៃ​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​វិនិយោគ​នៅ​ឥណ្ឌា​ដែល​ជា​ទីផ្សារ​ទូរសព្ទ​ស្មាតហ្វូន​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក ដែល​នៅ​ទីនោះ​ការ​លក់​ទូរសព្ទ iPhone បាន​កើនឡើង។
 
លោក​បាន​បន្ថែម​ថា ហាង​ទាំង​នេះ​បង្ហាញ​ថា «ឥណ្ឌា​មាន​សារៈសំខាន់​បែប​ណា​ចំពោះ​ក្រុមហ៊ុន Apple ក្នុង​ពេល​បច្ចុប្បន្ន​និង​អនាគត»។ សម្រាប់​ក្រុមហ៊ុន Apple ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino រដ្ឋ California នេះ ទំហំ​ដ៏​ធំ​នៃ​ប្រទេស​ឥណ្ឌា​ធ្វើ​ឱ្យ​ទីផ្សារ​នេះ​មាន​ការ​លើក​ទឹកចិត្ត​ជា​ពិសេស។
 
លោក Neil Shah ដែល​ជា​អនុ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Counterpoint Research ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​បច្ចេកវិទ្យា បាន​និយាយ​ថា មនុស្ស​ប្រមាណ ៦០០ លាន​នាក់​ក្នុង​ចំណោម​ប្រជាជន ១ ពាន់ ៤ រយ​លាន​នាក់​នៃ​ប្រទេស​ឥណ្ឌា​មាន​ទូរសព្ទ​ស្មាតហ្វូន «ដែល​មាន​ន័យ​ថា​ទូរសព្ទ​ទំនើប​នៅ​មាន​តិច​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ក្ដី​រំពឹង​នៃ​ការ​កើនឡើង​នូវ​ទូរសព្ទ​ទំនើប​នៅ​ឥណ្ឌា​គឺ​មាន​ច្រើន»។
 
បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Counterpoint Research នៅ​រវាង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២២ ក្រុមហ៊ុន Apple មាន​លទ្ធភាព​មួយ​ចំនួន​ចូល​ទៅកាន់​ទីផ្សារ​ទូរសព្ទ​ស្មាតហ្វូន​នៅ​ឥណ្ឌា ដោយ​កើនឡើង​ពី​ចំនួន​តែ ២% រហូត​ដល់ ៦%។
 
តម្លៃ​ខ្ពស់​របស់​ទូរសព្ទ iPhone ធ្វើ​ឱ្យ​ជនជាតិ​ឥណ្ឌា​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ទិញ​បាន​នៅ​ឡើយ។
 
ការ​លក់​ទូរសព្ទ iPhone នៅ​ឥណ្ឌា​ច្រើន​តែ​លក់​ដាច់​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជីវភាព​លើ​មធ្យម​និង​ក្រុម​មនុស្ស​អ្នក​មាន ដែល​ជា​ក្រុម​អ្នក​ទិញ​ដែល​លោក Shah ថ្លែង​ថា​កំពុង​កើនឡើង។ បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Counterpoint Research ក្រុមហ៊ុន Apple គ្រប់គ្រង​ទីផ្សារ​ទូរសព្ទ​ស្មាតហ្វូន «ទំនើប» ចំនួន ៦៥% ដែល​ទូរសព្ទ​នីមួយៗ​មាន​តម្លៃ​ចាប់ពី ៣៦០ ដុល្លារ​ឡើង​ទៅ។
 
ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​ផលិត​ទូរសព្ទ iPhone SE ដំបូង​របស់​ខ្លួន​នៅ​ឥណ្ឌា​នៅ​ឆ្នាំ ២០១៧ ហើយ​តាំងពី​ពេល​នោះ​មក​បាន​បន្ត​ដំឡើង​ទូរសព្ទ iPhone ប្រភេទ​ផ្សេងៗ​ទៀត​ពី​ប្រទេស​នេះ។
 
ទូរសព្ទ​ស្មាតហ្វូន​និង tablet ភាគ​ច្រើន​របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​ជាប់​កុងត្រា​ជាមួយ​រោងចក្រ​នានា​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ផ្ទេរ​ការ​ផលិត​ខ្លះ​ទៅ​អាស៊ី​អាគ្នេយ៍​ឬ​កន្លែង​ផ្សេង​ទៀត បន្ទាប់ពី​ការ​បិទ​រោងចក្រ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ចិន​កន្លង​មក​បាន​បង្អាក់​ដល់​លំហូរ​សាកល​នៃ​ផលិតផល។
 
លោក Kolla បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​ធំៗ​មាន​ការ​ស្រងាក​ចិត្ត​ហើយ​យល់​ថា​ពួកគេ​ត្រូវការ​ឱ្យ​មាន​យុទ្ធសាស្ត្រ​ត្រៀម​ទុក​មួយ​នៅ​ក្រៅ​ប្រទេស​ចិន ដោយសារ​ពួក​គេ​មិន​អាច​ប្រថុយប្រថាន​ជាមួយ​ការ​រាំង​ខ្ទប់​ម្តង​ទៀត​ឬ​ជាមួយ​ការ​មាន​ជម្លោះ​ខាង​ភូមិសាស្ត្រ​នយោបាយ​ណា​មួយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួកគេ​ទេ»។
 
បើ​តាម​ក្រុមហ៊ុន Counterpoint Research នៅ​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​ផលិត​ទូរសព្ទ iPhone ជិត ១៣ លាន​គ្រឿង​ជា​រៀងរាល់​ឆ្នាំ ដោយ​កើនឡើង​ពី​ចំនួន​តិច​ជាង ៥ លាន​គ្រឿង​កាលពី​បី​ឆ្នាំ​មុន។ តួលេខ​នេះ​គឺ​ស្មើ​នឹង​ប្រមាណ ៦% នៃ​ចំនួន​ទូរសព្ទ iPhone សរុប​ដែល​ផលិត​នៅ​លើ​ពិភពលោក ហើយ​វា​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន​ដែល​នៅតែ​ផលិត​ទូរសព្ទ Iphone នេះ​ប្រមាណ ៩០% នៅ​លើ​ពិភពលោក៕
 
ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com