ជាតិ
កម្ពុជា-អង់គ្លេស នឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងការវិនិយោគ
27, Apr 2023 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(ស្តាំ) និងលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាជំនួបពិភាក្សាការងារនៅទីស្ដីក្រសួងការងារ នាថ្ងៃទី២៦ ខែមេសា។ រូបភាព៖ ហ្វេសប៊ុកក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(ស្តាំ) និងលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាជំនួបពិភាក្សាការងារនៅទីស្ដីក្រសួងការងារ នាថ្ងៃទី២៦ ខែមេសា។ រូបភាព៖ ហ្វេសប៊ុកក្រសួងការងារ
ភ្នំពេញ៖ កម្ពុជា និងអង់គ្លេស នឹងពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការលើកលែងពន្ធ រួមទាំងព្រមព្រៀងគ្នាបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគ។

 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងើលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជំនួបពិភាក្សា ការងារ នៅទីស្ដីក្រសួងការងារ កាលពីថ្ងៃទី២៦មេសា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងការងារ បានវាយតម្លៃល្អលើស្ថានភាព នៃចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់អង់គ្លេស។ 
 
ក្នុងកិច្ចពិភាក្សា លោក អ៊ិត សំហេង ផ្ដោតសំខាន់ពីស្ថាន ភាពកម្លាំងពលកម្មនៅកម្ពុជា។ ជាមួយគ្នាដែរ លោកចាត់ទុកលទ្ធផលល្អនៃការនាំចេញផលិតកាត់ដេរ ជាការគាំទ្រដល់ស្ត្រី កម្ពុជា ដោយសារភាគច្រើននៃកម្លាំងពលកម្មសុទ្ធតែជាស្ត្រី។ ទាំងនេះ សបញ្ជាក់បានថា អង់គ្លេស នៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។ 
 
សព្វថ្ងៃ កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន ក្រីក្រចំនួន ១.៥លាននាក់ ដែលចាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ តាមរយៈការបណ្ដុះ បណ្ដាលនេះ លោក អ៊ិត សំហេង បញ្ជាក់ទៅកាន់ភាគីអង់គ្លេសថា ប្រសិនជាមានការ បណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែម ក្នុងកម្មវិធីខាងលើ ក៏ជាផ្នែកមួយល្អប្រសើរ ក្នុងការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training) ។ លោកក៏ជំរុញ ភាគីអង់គ្លេស ឱ្យមានការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតនៅកម្ពុជាផងដែរ។ 
 
ទាក់ទិននឹងការបណ្ដុះបណ្ដាលជំនាញនេះ លោក ដូមីនិក វីល្លៀម បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍនៅកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅអង់គ្លេស គឺសម្បូរអ្នកជំនាញផ្នែកនេះ។ ទន្ទឹមនឹងនេះ លោកបានលើពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលនឹងអនុវត្តនៅខែមេសានេះ។ 
 
ទោះបីកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏អង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើន ក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានការបង់ពន្ធ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាភាគច្រើនមានរថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។ លោកឯកអគ្គរាជទូតលើកឡើងបែបនេះ។ 
 
ពាក់ព័ន្ធនឹងវិស័យការងារ កម្ពុជានិងអង់គ្លេសគ្រោង នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។ នេះបើ តាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ហើយលោកបានវាយតម្លៃថា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងវិជ្ជាជីវៈប្រទេសទាំងពីរ កាន់តែមានភាពចាស់ទុំ គោរពច្បាប់ការងារកាន់តែល្អ។ 
 
បន្ទាប់ពីវិបត្តិកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងអង់គ្លេស បានបន្តកើនឡើង។ ជាក់ស្តែង ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧លានដុល្លារ ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ រីឯ ទំនិញអង់គ្លេសនាំចូលមកកម្ពុជា គឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕
 

Tag:
 វិស័យការងារ
  កម្ពុជា-អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com