ជាតិ
រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
28, Apr 2023 , 6:59 pm        
រូបភាព
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨មេសា ដឹកនាំដោយសម្ដេច ហ៊ុន សែន បានសម្រេចអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ រូបពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨មេសា ដឹកនាំដោយសម្ដេច ហ៊ុន សែន បានសម្រេចអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ រូបពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួន លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលចំណាយពេលរៀបចំអស់ពេលជិត៨ឆ្នាំមកហើយ។

 
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨មេសា ដឹកនាំដោយសម្ដេច ហ៊ុន សែន បានសម្រេចអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោបបំណង បែងចែងពីនីតិវិធីគ្រប់គ្រងសម្បត្តិធម្មជាតិឡើងវិញ។ លើសពីនេះ គឺបំពេញបន្ថែមភាពស៊ីសង្វាក់គ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីការគ្រប់គ្រងធនធានទឹកជាដើម។ នេះបើតាមតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សរសេរលើទំព័រហ្វេសប៊ុក។ 
 
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ចំនួន៣។ ទី១ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម ទី២ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និងទី៣ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ 
 
ចំពោះ គុណប្រយោជន៍ចម្បងៗ នៃសេចក្តីព្រាងនេះ គឺពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន ការអភិរក្ស ការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព។ ជាមួយគ្នាដែរ សេចក្ដីព្រាងនេះ នឹងដើរតួជាបទប្បញ្ញតិ្តគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទលើ្មសធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
 
ដំណើរនៃការរៀបចំ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ បានចំណាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១៥ ដែលគិតមកទល់ពេលនេះមានរយៈពេលជិត៨ឆ្នាំហើយ។ ដំណើរការនេះ ត្រូវបានក្រសួងបរិស្ថានប្រជុំជាច្រើនលើកច្រើនសារ ជាមួយបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំមតិ យោបល់និងធាតុចូល ពិសេសជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។ 
 
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ កជា ១២គន្ថី និង៨៨៨មាត្រា។ គន្ថីទាំង១២នោះ រួមមាន គន្ថីទី១ បទប្បញ្ញត្តិទូទៅ, គន្ថីទី២ ការគ្រប់គ្រងបរិស្ថាននិងយន្តការប្រកបដោយនិរន្តភាព, គន្ថីទី៣ កិច្ចគាំពារបរិស្ថាន, គន្ថីទី៤ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ តំបន់ឆ្នេរ តំបន់កោះ និងសមុទ្រ, គន្ថីទី៥ ការវាយតម្លៃបរិស្ថាន, គន្ថីទី៦ ការទទួលខុសត្រូវលើការខូចខាតបរិស្ថាន, គន្ថីទី៧ ការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងការយល់ដឹងអំពីបរិស្ថាន, គន្ថីទី៨ វិធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រាក់កម្រៃ និងមូលនិធិផ្នែកបរិស្ថាន, គន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ, គន្ថីទី១០ ទោសប្បញ្ញតិ្ត, គន្ថីទី១១ អន្តរប្បញ្ញត្តិ និងគន្ថីទី១២ អវសានប្បញ្ញត្តិ៕ 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com