ជាតិ
សម្ដេច ហ៊ុន សែន ស្នើបរទេសបញ្ឈប់ការគាំទ្រដល់កម្មករនិងសហជីព ដែលតវ៉ា
01, May 2023 , 5:19 pm        
រូបភាព
កម្មករនិងសហជីពប្រមាណ២០០នាក់ នាំគ្នាប្រមូលម្ដុំ គ្នាដាក់ញត្តិនៅខាងមុនរដ្ឋសភាថ្ងៃទី១ឧសភា ឆ្នាំ២០២៣។ រូបពី CCHR
កម្មករនិងសហជីពប្រមាណ២០០នាក់ នាំគ្នាប្រមូលម្ដុំ គ្នាដាក់ញត្តិនៅខាងមុនរដ្ឋសភាថ្ងៃទី១ឧសភា ឆ្នាំ២០២៣។ រូបពី CCHR
ភ្នំពេញ៖ នៅថ្ងៃទី១ ឧសភា ទិវាសិទ្ធិពលកម្មអន្តរជាតិ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅក្រុមបរទេសឱ្យបញ្ឈប់ការផ្ដល់ថវិកាបន្តទៀត ដល់កម្មករនិងសហជីពមួយចំនួន ដែលចាំស៊ីឈ្នួលធ្វើតវ៉ា។ ថ្ងៃនេះដែរ ខាងកម្មករនិងសហជីពប្រមាណ២០០ក៏ស្នើឱ្យរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ពួកគេពេញលេញតាមច្បាប់ ដើម្បីតវ៉ានិងបង្កើតសហជីព។

 
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពសិទ្ធិកម្មករឱ្យបានគ្រប់ពេល ពុំមែនតែមួយថ្ងៃនៃទិវាពលកម្មអន្តរជាតិឡើយ។ លើសពីនេះ នៅពេលមានបញ្ហា ត្រូវព្យាយាមដោះស្រាយ ដោយសន្តិវិធី។  
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន សង្កេតឃើញ កម្មករនិងសហជីព មួយចំនួនបាននាំគ្នាស៊ីឈ្នួលធ្វើបាតុកម្ម អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។ «ខ្ញុំសូមស្នើឱ្យមិត្តភក្តិបរទេសខ្លះ ដែលបានឧបត្ថម្ភប្រាក់កាក់ ធ្វើអន្តរជាតិតូបនីយកម្ម លើបញ្ហាបាតុកម្មមនុស្សជាង១០០នាក់ដែលធ្វើបាតុកម្មជាតិ២ឆ្នាំរួចមកហើយ…។ សូមមិត្តភក្តិបរទេសដែលផ្ដល់លុយបែបនេះ ដកខ្លួនចេញហើយកុំធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មក្នុងប្រទេសកម្ពុជា»។ នាយករដ្ឋមន្ត្រីលើកឡើងបែបនេះ។ 
 
នៅថ្ងៃទិវាពលកម្មអន្តរជាតិនេះដែរ កម្មករនិងសហជីពប្រមាណ២០០នាក់ បាននាំគ្នា​ប្រមូលម្ដុំគ្នានៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិ សុំអន្តរាគមន៍។ ពួកគេស្នើឱ្យមានការគោលសិទ្ធិការងារ ពិសេសកម្មករ និងសិទ្ធិបង្កើតសហជីព។ 
 
​អ្នកស្រី ​យ៉ាង សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែលបានចូលរួមស្នើទៅកាន់រដ្ឋាភិបាល ឱ្យចាត់វិធានការលើម្ចាស់រោងចក្រ ចៅកែ ដែលរត់ចោលកម្មករ មិនទូទាត់ប្រាក់សំណង។ លើសពីនេះ គឺបញ្ឈប់ការចោទប្រកាន់លើកម្មករនិងសហជីពដែលទាមទារសិទ្ធិរបស់ពួកគេ។ 
 
«សូមឱ្យមានការយកចិត្តទុកដាក់លើកម្មករនិយោជិតពិតប្រាកដ! ព្រោះយើងត្រូវការយុត្តិធម៌ មិនមែនយើងធ្វើការលើកកម្ពស់កម្មករ ហើយត្រូវគេចោទប្រកាន់នោះទេ»។ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ស្រែកខ្លាំងៗបែបនេះ នៅមុខរដ្ឋសភា ។ 
 
កម្មករមិនចង់ក្លាយជាអ្នកមានបានហួសហេតុនោះទេ គឹសុំត្រឹមការគោរពសិទ្ធិ។ ហើយបើមានការរំលោភសិទ្ធិ គឺកម្មករនិងសហជីព ចាំបាច់ត្រូវតែក្រោកឈរ ដើម្បីទាមទារ។ នេះបើតាមការលើកឡើងរបស់ ​អ្នកស្រី ​អ៊ូ ​ទេព​ផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា ដែលបានចូលរួមការប្រមូលផ្ដុំដាក់ញត្តិនៅរដ្ឋសភា ដើម្បីចង់បានសិទ្ធិបង្កើតសហជីព។
 
ចំណែក ញត្តិរបស់ពួកគេ គឺទាមទារឱ្យមានការគោរពសញ្ញាអង្គការអន្តរជាតិការងារ (ILO) ស្តីពី «ការការពារមាតុភាព» និង «ការងារសមរម្យសម្រាប់អ្នកធ្វើការងារផ្ទះ»។ 
 
ទាក់ទិននឹងការដងហែក្បួនដាក់ញត្តិនេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងដែរថា ថ្ងៃទិវាពលកម្មអន្តរជាតិ បើក្រុមកម្មករនិងសហជីពមួយក្រុមតូច ដែលតែងចេញតវ៉ាអស់រយៈពេល២ឆ្នាំមកនេះ  មិននាំគ្នាហែក្បួនហើយដាក់ញត្តិទេនោះ ម្ចាស់ជំនួយបរទេស នឹងបញ្ឈប់ការផ្ដល់ជំនួយ។ ជាមួយគ្នាដែរ សម្ដេច អះអាងថា បក្ខពួករបស់ក្រុមអ្នកតវ៉ាទាំងនោះ ជាអ្នករាយការណ៍ប្រាប់ពីរឿងរ៉ាវផ្ទៃប្រាប់សម្ដេច ។ សម្ដេចសង្កត់ធ្ងន់បែបនេះ៖ «សហជីពនៅកម្ពុជាមួយចំនួន គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស»៕ 
 

Tag:
 កម្មករ
  សិទ្ធិការងារ
© រក្សាសិទ្ធិដោយ thmeythmey.com