ជាតិ
អ្វីទៅជាគ្រាប់ពូជស្រូវដែលផលិតតាមប្រព័ន្ធ ប.គ.ព ?
03, May 2023 , 7:59 pm        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ការប្រើប្រាស់គ្រាប់ពូជស្រូវ មានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឲ្យមានភាពល្អប្រសើរ។ ប្រព័ន្ធ ប.គ.ព ជាប្រព័ន្ធធានាគុណភាពពូជដំណាំត្រូវបានបង្កើតឡើង ដើម្បីធានាក្នុងការផលិត នូវគ្រាប់ពូជស្រូវថ្នាក់វិញ្ញាបនបត្រដែលមានគុណភាពខ្ពស់។ នេះបើយោងតាមនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។



ការប្រើប្រាស់ពូជស្រូវដែលរក្សាទុកច្រើនដង ធ្វើឲ្យផលិតកម្មធ្លាក់ចុះ និងងាយក្នុងការកើតជំងឺថែមទៀត។ ទន្ទឹមនឹងនេះគ្រាប់ពូជស្រូវផលិតតាមប្រព័ន្ធ ប.គ.ព ត្រូវបានផលិតឡើងក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពដោយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត រុក្ខាប្រមាញ់ និងនេសាទ។ លើសពីនេះ គ្រាប់ពូជស្រូវផលិតតាមប្រព័ន្ធ ប.គ.ព មានអត្រាកើតជំងឺ នឹងពូជលាយក្នុងគ្រាប់ពូជតិចតួចបំផុត ខុសពីគ្រាប់ពូជដែលកសិកររក្សាទុកផ្ទាល់ខ្លួន។
 
លោក ងិន​ ឆាយ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា កសិករគឺមិនទាន់ប្រើប្រាស់ គ្រាប់ពូជសុទ្ធ ដែលមានគុណភាពល្អនៅឡើយ។ ជាមួយគ្នានេះ ក្រសួងកំពុងធ្វើការជាមួយគម្រោង «ការជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ» ដែលឧបត្ថម្ភដោយ JICA។
 
គ្រាប់ពូជស្រូវផលិតតាមប្រព័ន្ធ ប.គ.ព ដូចជាពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប គឺមិនមាននៅសម្រាម ផ្កាឈើ និងកម្ទេចកម្ទីអ្វីទេ។ លើសពីនេះពេលចេញពន្លកឡើងគឺចេញពន្លកបានស្មើរ និងយកធ្វើអង្ករទុកហូបមានលក្ខណៈងាយស្រួល មិនមាននៅចុង ឬកម្ទេចកម្ទី និងមានគុណភាពល្អ។
 
លោក ងិន​ ឆាយ ក៏អំពាវនាវ ដល់ប្រជាកសិករទាំងអស់ ឲ្យចូលរួមក្នុងការផលិត និងប្រើប្រាស់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ ដើម្បីបង្កើនទិន្នផល និងគុណភាពស្រូវអង្ករ នឹងរក្សាបាននៅតម្លៃនៅលើទីផ្សារ៕
 

Tag:
 គ្រាប់ពូជស្រូវ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com