ជាតិ
ក្រសួងទេសចរណ៍ រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ៧ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៣
03, May 2023 , 9:59 pm        
រូបភាព
រូបភាពពី ក្រសួងទេសចរណ៍
រូបភាពពី ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រោយ​ស្ថានភាពវិស័យទេសចរណ៍កម្ពុជា មានសភាពល្អប្រសើរឡើងវិញ​។ កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។



​ក្រសួងទេសចរណ៍ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិព័រណ៍កម្ពុជា (Cambodia Festival2023) ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ។ ជាពិសេសផ្សព្វផ្សាយ​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ​លើ​ទីផ្សារ​ជប៉ុន ក៏ដូចជា​ការពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​ផងដែរ។
 
កម្មវិធីតាំងពិព័រណ៍កម្ពុជា ជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយដ៏មានសក្តានុពល ដែលបង្ហាញឱ្យឃើញនូវភាពច្នៃប្រឌិតខ្ពស់ឥតឈប់ឈរ និងការបង្កើនទំនាក់ទំនង ចែករំលែកបទពិសោធចំណេះដឹងថ្មីៗដល់គ្នាទៅវិញទៅមករវាងដៃគូសហការ។ កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានការតាំងបង្ហាញផលិតផល ម្ហូបអាហារខ្មែរ និងការបង្ហាញសិល្បៈ វប្បធម៌  និងមានការរៀបចំស្ដង់ចំនួន ១០០ផងដែរ។ 
 
ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​​ទេសចរ​ជប៉ុន​មាន​ជាង១ម៉ឺន​នាក់ កើនឡើងជាង១០០០ ភាគរយ​។ កាលពី​ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​​ប្រមាណ ២,២៨លាននាក់ កើនឡើង១០៥៩ភាគរយ និងទេសចរបរទេសផ្ទៃក្នុង ចំនួន ១,៨៨លាននាក់ ​។ ក្នុងនោះទេសចរជប៉ុនជិត ៣ម៉ឺននាក់ មានការកើនឡើង ១ ៣៧៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ៕
 

Tag:
 ក្រសួងទេសចរណ៍
 ទេសចរជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com