កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ថ្ងៃនេះ គុនល្បុក្កតោ និងជឺជិតស៊ូ ប្រកួតដណ្តើមមេដាយ មុនពិធីបើកផ្លូវការ
04, May 2023 , 7:59 am        
រូបភាព
កីឡាករ កីឡាការិនីល្បុក្កតោជម្រើសជាតិ។ រូបថត Cambodia Kun Bokator Federation
កីឡាករ កីឡាការិនីល្បុក្កតោជម្រើសជាតិ។ រូបថត Cambodia Kun Bokator Federation
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២នា​ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា នេះ មាន​ជំនួប​ដណ្តើម​មេដាយ​លើក​ដំបូង ពោលគឺមួយថ្ងៃមុនពិធីបើក​ផ្លូវការ។ គុនល្បុក្កតោ និងជឺជិតស៊ូ ជាកីឡា​ដែលនឹងមាន​ម្ចាស់មេដាយ​ដំបូងគេ​ពីព្រឹត្តិការណ៍ស៊ីហ្គេមនៅ​កម្ពុជា រីឯកីឡា​ផ្សេងទៀត​បន្ត​ការប្រកួត​របស់ខ្លួន​តាមកាលបរិច្ឆេទដែលបានកំណត់។

 
សម្រាប់កីឡាជឺជិតស៊ូ ការប្រកួតជម្រុះ​បឋម​ចាប់ផ្តើមនៅម៉ោង១២ និង៣០នាទី លើ​៣វិញ្ញាសា គឺ Ne-Waza GI ទម្ងន់៥២គីឡូក្រាម, ជាគូ Duo និងការសម្តែង Show។ ជំនួប​ដណ្តើម​មេដាយ​លើ​វិញ្ញាសាទាំង៣នេះ ចាប់ផ្តើមនៅម៉ោង​៤រសៀល។ 
 
ចាប់​ពីវេលាម៉ោង​៤រសៀលដដែល គុនល្បុក្កតោ ចាប់​ជាមួយ​នឹង​វិញ្ញាសាសម្តែង​ដណ្តើមយក​មេដាយចំនួន​៦​វិញ្ញាសា ក្នុងនោះ​រួមមាន ទ្វាមេគុនព្រលឹង​ល្បុក្កតោ (បុរស-នារី), ទ្វាមេគុនអាវុធឥតមុខ (ខែលឫស្សី/បុរស-នារី) និង​ទ្វារមេគុនដៃឯកត្តជន (បុរស-នារី)។ 
 
ការប្រកួតកីឡាទាំងពីរ​ប្រភេទប្រព្រឹត្តនៅមជ្ឈមណ្ឌលជ្រោយ​ចង្វា ដូចគ្នា ដោយជឺជិតស៊ូ ប្រព្រឹត្តទៅនៅ Hall C រីឯល្បុក្កតោ ប្រកួតនៅក្នុង Hall C។
 
រីឯការប្រកួតផ្សេងទៀត កីឡាហុកគីក្នុងសាលនឹងមាន​ការប្រកួត​ជម្រុះតាមពូលនៅទីលានដាយណូស័រ (ជ្រោយចង្វា) ដោយក្រុម​នារីកម្ពុជាប៉ះម៉ាឡេស៊ី នា​វេលាម៉ោង ៤ និង​៤៥នាទី មុន​ក្រុម​បុរស​ស្វាគមន៍ឥណ្ឌូណេស៊ី នា​វេលាម៉ោង​ម៉ោង​៦ល្ងាច។
 
កីឡាគ្រីឃីត វិញ្ញាសាបុរស T20i ​ចាប់ផ្តើម​ការប្រកួតជម្រុះបឋម ដោយ​កម្ពុជាប៉ះសិង្ហបុរី​ នាវេលាម៉ោង១០ និង៣០នាទីព្រឹក នៅទីលាន AZ Group Cricket Oval។
 
សម្រាប់កីឡា​បាល់ទះក្នុង​សាលវិញ ក្រុម​បុរសបន្តប៉ះហ្វីលីពីន ក្នុងការប្រកួតជម្រុះតាមពូលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​កីឡាឧបសគ្គ នៅមជ្ឈមណ្ឌលជ្រោយចង្វា, អុក​ចត្រង្គនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទូកក្តោងនៅ​ខេត្ត​ព្រះសីហនុ ក៏បន្តការប្រកួតរៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com