ជាតិ
លោក មាស វ៉ាង រៀនបច្ចេកទេសភ្ញាស់ក្តាមពីថៃ យកមកអភិវឌ្ឍន៍ក្នុងសហគមន៍អង្កោល
05, May 2023 , 8:59 am        
រូបភាព
ដោយ:
ប្រធានសហគមន៍អង្កោល ប្រមូលមេពូជក្ដាមពង ពីប្រជាពលរដ្ឋដែលនេសាទបានពីសមុទ្រយកមកភ្ញាស់ បន្ទាប់មកយកទៅលែងក្នុងសមុទ្រវិញ។ ការភ្ញាស់ក្ដាមនេះ លោក មាស វ៉ាង បានទៅរៀនបច្ចេកទេសមកពីប្រទេសថៃ ដើម្បីយកមកអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន។



មេក្ដាមមួយ អាចបង្កើតកូនបានជាង ១ម៉ឺនកូន។ នេះជាការលើកឡើងរបស់លោក មាស វ៉ាង ប្រធានសហគមន៍អង្កោល ដោយបានបញ្ជាក់ថា ការភ្ញាស់កូនក្ដាមត្រូវមានបច្ចេកទេសឱ្យបានត្រឹមត្រូវ បើពុំនោះទេវានឹងងាប់ទាំងអស់តែម្ដង។ លោក វ៉ាង បានបន្តថា ការរួមគ្នាអភិរក្សមេពូជក្ដាមពង នឹងជួយបង្កើនធនធានក្ដាមនៅក្នុងសមុទ្រឱ្យកាន់តែច្រើន ហើយអាចជួយដល់អ្នកប្រកបរបរនេសាទចិញ្ចឹមជីវិតបានយូរអង្វែង។
 
លោក មាស វ៉ាង បានរៀបរាប់ពីរបៀបភ្ញាស់ក្ដាម ជាដំណាក់កាល គឺ មេក្ដាមដំបូងដែលយកមកភ្ញាស់មានពងពណ៌លឿង ដោយទុកក្នុងធុង២៤ម៉ោង ពងក្ដាមនឹងប្រែជាពណ៌ប្រផេះ បន្ទាប់មកក្ដាមញាស់ដូចចៃទឹក គឺត្រូវប្ដូរទឹកដាក់ធុងមួយទៀត។ លោក វ៉ាង បញ្ជាក់យ៉ាងដូច្នេះ៖«បើតាមបទពិសោធន៍ខ្ញុំមេក្ដាមមួយដាក់ធុងមួយ ដែលដំបូងត្រូវដាក់ទឹក ១០លីត្រ ពេលវាចេញរូបរៀងជាក្ដាម ខ្ញុំត្រូវថែមទឹក ៥លីត្រទៀតកុំឱ្យវាប្រៃ! ទុកវា ៣ថ្ងៃទៅមួយសប្ដាហ៍ កូនក្ដាមចេញរាងមកដូចចៃទឹកអញ្ចឹង ហើយទុករយៈពេល ២សប្ដាហ៍ចេ
ញជារូបរៀងក្ដាម»។
  

លោក មាស វ៉ាង ប្រធានសហគមន៍អង្កោល
 
ការភ្ញាស់ក្ដាមនេះ មិនសូវមានផលលំបាកនោះទេ តែអ្វីដែលពិបាកគឺការមើលថែទឹកឱ្យបានល្អ និងដាក់ម៉ាស៊ីនផ្លុំទឹកឱ្យជាប់ ២៤ម៉ោង គឺមិនឱ្យដាច់នោះទេ។ កន្លងមក លោក វ៉ាង តែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនឱ្យលក់ដូរក្ដាមពងនោះទេ ដោយលោកនឹងទិញពីប្រជានេសាទ ដែលមានការគាំទ្រពីអង្គការ Aide et Action ដើម្បីយកក្ដាមទាំងនោះមកភ្ញាស់។
 
លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Aide et Action បានលើកឡើងថា ការទិញក្ដាមមកភ្ញាស់នេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានជម្រើសថ្មីៗ ជាពិសេសជួយឱ្យប្រជាសហគមន៍នេសាទអាចបង្កើតអេកូទេសចរណ៍ និងជំនាញក្នុងការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងជួយអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ឱ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ។
  


លោក បន្តថា ក្ដាមជាចំណែកសំខាន់មួយនៃជីវៈចម្រុះនៅក្នុងសមុទ្រ  ដូច្នេះអង្គការលោកចង់ឱ្យសិស្សានុសិស្សនៅទូទាំងប្រទេស បានយល់ពីសារសំខាន់ ដើម្បីរួមគ្នាអភិរក្ស និងលែងក្ដាមចូលក្នុងសមុទ្រឱ្យបានច្រើនបន្ថែមទៀត។
 
«ក្ដាមមួយដែលសហគមន៍យកលុយទៅទិញពីអ្នកនេសាទមានពងជាង ១លានពង បើយើងប្រលែងក្ដាមមួយ ហើយកំណត់យកតែ១០ភាគរយរស់ យ៉ាងហោចណាស់ក៏មាន ១ម៉ឺនកូនដែលមួយចំនួនក្លាយជាចំណីសត្វក្នុងសមុទ្រ និងមួយចំនួនទៀត ជួយបង្កើនសេដ្ឋកិច្ចជីវៈភាពរស់នៅរបស់ប្រជានេសាទ»។ នេះបើតាមលោក វន សំភាស់ ដែលស្នើ​ឱ្យពលរដ្ឋរួមគ្នា ស្រឡាញជីវៈចម្រុះ៕
 

ធុង និងឧបករណ៍ភ្ញាស់ក្ដាម
 


Tag:
 ភ្ញាក់ក្ដាម
  សហមគមន៍អង្កោល
© រក្សាសិទ្ធិដោយ thmeythmey.com