ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធាន គ.ជ.ប ប្រាប់គ្រប់បក្សកុំឲ្យប្រើអំណោយទិញទឹកចិត្តអ្នកបោះឆ្នោត
05, May 2023 , 12:59 pm        
រូបភាព
លោក ប្រាជ្ញ ច័ន្ទ ថ្លែងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ រូបពីវីដេអូរបស់គ.ជ.ប
លោក ប្រាជ្ញ ច័ន្ទ ថ្លែងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ រូបពីវីដេអូរបស់គ.ជ.ប
ដោយ៖ ទេពញាណ 

លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រើនរម្លឹកគ្រប់គណបក្សនយោបាយ មិនឲ្យផ្តល់អំណោយជាថវិកា ជាសម្ភារៈ ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់កាក់ ទៅដល់បុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តគេ ដែលជាអ្នកបោះឆ្នោតឡើយ។ ការក្រើនរម្លឹករបស់ប្រធានគ.ជ.ប ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។



ក្រៅពីនេះ លោក ប្រាជ្ញ ច័ន្ទ ថែមទាំងដាស់តឿនគ្រប់គណបក្ស មិនឲ្យគំរាមកំហែង បំផិតបំភ័យ ឬលួងលោមអ្នកណាម្នាក់ ដើម្បីឲ្យគេបោះឆ្នោតជូនខ្លួន។ ចំណុចសំខាន់១ទៀត ដែលលោកបានប្រាប់ឲ្យគ្រប់គណបក្សចៀសវាងដែរនោះ គឺការញុះញង់ឲ្យមានការរើសអើងណាមួយក្នុងអំឡុងឃោសនារកសំឡេងឆ្នោត និងក្នុងថ្ងៃបោះឆ្នោត។ 
 
បន្ថែមពីនេះ ប្រធាន គ.ជ.ប អំពាវនាវឲ្យគ្រប់គណបក្សគោរពតាមក្រមសីលធម៌ នីតិវិធី បទប្បញ្ញត្តិ និងច្បាប់ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ មិនត្រឹមតែគណបក្សនយោបាយនោះទេ សូម្បីអង្គការជាតិនិងអន្តរជាតិ ក៏លោកក្រើនរម្លឹកដែរ ដោយលោកប្រាប់ឲ្យអង្គការជាតិ-អន្តរជាតិ ប្រកាន់យកគោលការណ៍អព្យាក្រឹត្យ។ 
 
ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជាតិលើកទី៧ មានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រំលង១ថ្ងៃ នឹងដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២៣ ខែកក្កដា៕ 
 

Tag:
 ប្រាជ្ញ ច័ន្ទ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com