អន្តរជាតិ
អាម៉េរិកនឹងផ្ដល់ជំនួយគ្រឿងសព្វាវុធតម្លៃ ៥០០លាន​ដុល្លារដល់​តៃវ៉ាន់
06, May 2023 , 9:00 pm        
រូបភាព
រូបពី៖ reuters
រូបពី៖ reuters
រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន គ្រោងនឹងបញ្ជូនជំនួយសព្វាវុធមានតម្លៃប្រមាណ ៥០០លានដុល្លារទៅឱ្យតៃវ៉ាន់ ក្រោមច្បាប់ជំនួយគ្រាអាសន្នដូចដែលធ្លាប់ប្រើជាង៣៥​ដង ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែន។

 

ជាផ្នែកមួយនៃថវិកាក្នុងឆ្នាំ២០២៣ សភាអាម៉េរិកបានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារសម្រាប់ផ្ដល់ជំនួយផ្នែកគ្រឿងសព្វាវុធដល់តៃវ៉ាន់ក្រោយច្បាប់ការផ្ដល់ជំនួយក្រោមអំណាចប្រធានាធិបតី (PDA) ដែលជាច្បាប់មួយអនុញ្ញាតឱ្យមានការពន្លឿនជំនួយផ្នែកសន្តិសុខ និងជួយបញ្ជូនអាវុធទៅអ៊ុយក្រែនកន្លងមក។ នេះបើតាមប្រភពដឹងពីផែនការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែឧសភា។ 
 
ការប្រកាសផ្ដល់ជំនួយក្រោមច្បាប់នេះ នឹងអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកផ្ទេរអាវុធ និងសេវាកម្មពីឃ្លាំងស្តុករបស់អាម៉េរិកទៅតៃវ៉ាន់ដោយមិនចាំបាច់មានការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន។ បើតាមអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ វិធីសាស្រ្តរបស់អាម៉េរិកពាក់ព័ន្ធនឹងតៃវ៉ាន់នៅតែស្របតាមគោលនយោបាយរបស់អាម៉េរិកក្រោយច្បាប់ទំនាក់ទំនងអាម៉េរិក-តៃវ៉ាន់ក្នុងឆ្នាំ ១៩៧៩។ 
 
ចិនកន្លងមក បានចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាលើកោះនេះជាហូរហែរក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ លើសពីនេះ ចិនក៏ធ្លាប់អះអាងថា នឹងប្រើគ្រប់វិធីរួមទាំង​កម្លាំង​ដើម្បីដាក់កោះនេះ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​។ ទន្ទឹមនឹងនេះ ចិនកាល​ពី​ខែ​មុន​បាន​រៀបចំសមយុទ្ធយោធាជុំវិញ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen បាន​ជួប​ជាមួយ​ប្រធាន​សភាតំណាង​រាស្ត្រ​អាម៉េរិកលោក Kevin McCarthy នៅទឹកដីអាម៉េរិក។ 
 
ចាប់តាំងពីឆ្នាំ ១៩៧៩ មក ទំនាក់ទំនងរវាងអាម៉េរិក និងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលផ្តល់មូលដ្ឋានផ្លូវច្បាប់ដើម្បីផ្តល់មធ្យោបាយការពារដល់កោះតៃវ៉ាន់ ប៉ុន្តែមិនបានកំណត់ឱ្យអាម៉េរិកមកជួយតៃវ៉ាន់ប្រសិនបើត្រូវបានវាយប្រហារឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com