ជាតិ
លោក កែវ រ៉េមី ៖ គ្មានអ្នកណាដឹកនាំបាល់ទាត់ល្អជាងលោក សៅ សុខា ទេ
08, May 2023 , 1:59 pm        
រូបភាព
(ឆ្វេង) លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF។
(ឆ្វេង) លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF។
ប្រធានសហព័ន្ធតេក្វាន់ដូ ITF លោក កែវ រ៉េមី អះអាងថា លោក សៅ សុខា មេដឹកនាំល្អមួយរូប ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានជួយជ្រោមជ្រែង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះ។ សម្រាប់លោក កែវ រ៉េមី គ្មានអ្នកណាម្នាក់ ដឹកនាំបាល់ទាត់ល្អជាងលោក សៅ សុខា ឡើយ។




«ឯកឧត្តម សៅ សុខា មិនដឹងជាគាត់ត្រូវទៅធ្វើអ្វី (ផ្សេង) បានជាគាត់លាលែងចេញពីសហព័ន្ធបាល់ទាត់។ បាល់ទាត់ ទោះបីជាចាញ់មែន ក៏ប៉ុន្តែអត់មាននរណាម្នាក់ ដឹកនាំល្អជាងគាត់ទេ»។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
 
ក្នុងនាមជាអ្នកស្គាល់គ្នាច្បាស់នោះ លោក កែវ រ៉េមី បានលើកហេតុផលថា វិស័យបាល់ទាត់បានរីកចម្រើនរាល់ថ្ងៃ ដោយសារតែវត្តមានលោកសៅ សុខា ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ បើតាមលោក កែវ រ៉េមី វិស័យបាល់ទាត់ពីមុន ទាល់តែជួលអ្នកគាំទ្រមកទស្សនា ទើបមានអ្នកមកអង្គុយមើល ប៉ុន្តែបច្ចុប្បន្ននេះ សម្រុកមកទស្សនាពេញកីឡដ្ឋាន ដោយមិនចាំបាច់ជួលអ្នកគាំទ្រទៀតទេ។
 
ប្រធានសហព័ន្ធតេក្វាន់ដូ ITFរូបនេះ បានរៀបរាប់ពីការលះបង់របស់លោក សៅ សុខា ដូច្នេះថា៖«ពីមុនពេលទាត់(បាល់)នៅស្តាត ម្ដងៗ ឯកឧត្តម សៅ សុខា គាត់ទៅដឹកប្រជាជន (ចែក) នំប៉័ងមួយកំណាត់ ទឹកសុទ្ធមួយដប និងយកឡានដឹក(អ្នកគាំទ្រ) មកអង្គុយមើល ហើយអង្គុយមើលយូរៗ បាត់អ្នកគាំទ្រអស់ នៅសល់តែអ្នក(កីឡាករ)ទាត់បាល់ ដោយសារតែអ្នកទាត់ហ្នឹង ទាត់អត់កើត បានជាគ្មានអ្នកណាចង់មើល គ្មានអ្នកណាចាប់អារម្មណ៍បាល់ទាត់ទេ»។ 
 
លោក កែវ រ៉េមី នៅតែទន្ទេញពាក្យថា គ្មានអ្នកណាល្អ និងសាកសមជំនួសតំណែងលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើយ។« គាត់ (សៅ សុខា) ដឹកនាំល្អ អត់មានអ្នកណាដឹកនាំល្អជាងគាត់ទេ »។ នេះជាការលើកឡើងរបស់លោក រ៉េមី ដែលស្នើឱ្យរដ្ឋាភិបាលលើកទឹកចិត្តគាំទ្រដល់លោក សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
 
លោក សៅ សុខា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានប្រកាសលាលែងពីតំណែងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីទី៧ ខែឧសភា ក្រោយពេលដែលឈុតបុរសស៊ីហ្គេមកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ នាជំនួបជម្រុះក្នុងពូល ដែលធ្វើឱ្យឱកាសឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ស្ទើរតែបាត់បង់ ។ ការប្រកាសរបស់លោក សៅ សុខា នេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវមួយ ក្នុងនាមជាថ្នាក់ដឹកនាំកំពូលក្នុងវិស័យនេះ៕
 

Tag:
 កែវ រ៉េមី
  សៅ សុខា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com