ជាតិ
បោះឆ្នោត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឈរជាបេក្ខជនតំណាងរាស្រ្តនៅភ្នំពេញ
09, May 2023 , 9:29 am        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះជួបប្រជាពលរដ្ឋនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់ព្រះអង្គម្ចាស់)។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះជួបប្រជាពលរដ្ឋនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់ព្រះអង្គម្ចាស់)។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅរាជធានីភ្នំពេញ។ នេះបើតាមបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។



ក្រោយពិនិត្យរួច គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លើការចុះឈ្មោះ និងបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាម គ.ជ.ប គណបក្សរាជានិយមមួយនេះ បានដាក់បេក្ខជនតំណាងរាស្រ្តនៅគ្រប់២៥រាជធានី-ខេត្ត។ 
 
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាំងពីដើមឆ្នាំ២០២២មក។ បញ្ជីបេក្ខជនតំណាងរាស្រ្ត ដែលដាក់ទៅគ.ជ.ប បង្ហាញថា ព្រះអង្គម្ចាស់ ប្រសូតនៅឆ្នាំ១៩៧០។ ស្ថិតក្នុងព្រះជន្ម៥៣ឆ្នាំ ព្រះអង្គម្ចាស់ ឈរជាបេក្ខជនតំណាងរាស្រ្តជាលើកទី១។ 
 
គ.ជ.ប ប្រកាសព័ត៌មានថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មាន១៨គណបក្ស ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ដោយក្នុងនោះ មាន១១គណបក្ស ត្រូវបានទទួលស្គាល់ជាផ្លូវការឲ្យចូលរួមប្រកួតប្រជែង ខណៈគណបក្សផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យរបស់ គ.ជ.ប។ ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការទទួលពាក្យរបស់គណបក្សនយោបាយ សម្រាប់ការចូលរួមប្រកួតប្រជែង៕ 
 

Tag:
 នរោត្តម ចក្រាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com