កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពីឥណ្ឌូណេស៊ី សម្ដេច ហ៊ុន សែន ប្រកាសផ្ដល់ថវិកា១ម៉ឺនដុល្លារ ដល់កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង
10, May 2023 , 2:28 pm        
រូបភាព
(ខាងមុខ) កីឡាការិនី ប៊ូ សំណាង ស្លៀកខោលេខ១០ ពាក់ស្លាកលេខ៤០១រូបនេះ បានរត់មកដល់ទីបញ្ចប់ក្រោយគេ លើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
(ខាងមុខ) កីឡាការិនី ប៊ូ សំណាង ស្លៀកខោលេខ១០ ពាក់ស្លាកលេខ៤០១រូបនេះ បានរត់មកដល់ទីបញ្ចប់ក្រោយគេ លើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
សម្ដេច ហ៊ុន សែន ដែលកំពុងជាប់ប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី បានប្រកាសផ្ដល់ថវិកា១ម៉ឺនដុល្លារ ដល់កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅក្នុងប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នេះ។



«រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ(10,000$)»។ នេះបើតាមសារសម្ដេច ហ៊ុន សែន តាមតេឡេក្រាម នៅថ្ងៃទី១០ ឧសភា ដែលបញ្ជាឱ្យលោក សេង ទៀង យកថវិការជូនកីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ។
 
កីឡាការិនី ប៊ូ សំណាង ស្លៀកខោលេខ១០ ពាក់ស្លាកលេខ៤០១រូបនេះ បានរត់មកដល់ទីបញ្ចប់ក្រោយគេ លើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ដ្បិតដឹងខ្លួនថា ចាញ់គេក្តី ប៉ុន្តែ ប៊ូ សំណាង ប្រឹងប្រែងរត់មកដល់គោលដៅ ក្រោមដំណក់ទឹកភ្លៀង លាយឡំជាមួយទឹកភ្នែក ដែលចង់ប្រាប់ទៅអ្នកគាំទ្រថា ខ្លួនបានព្យាយាមហើយ។ 
 
រូបភាពរបស់ ប៊ូ សំណាង ក្រោមដំណក់ភ្លៀងនេះ ទទួលបានការចាប់អារ្មណ៍យ៉ាងខ្លាំងពីមហាជន។ ពួកគេ មិនបានស្តីបន្ទោសលើ សំណាង នោះទេ ប៉ុន្តែពួកគេបានចេញសារលើកទឹកចិត្តវិញថា «ប៊ូ សំណាង មិនបានឈ្នះមេដាយមាសពិតមែន ប៉ុន្តែកីឡាការិនី បានឈ្នះមេដាយបេះដូង ពីអ្នកគាំទ្រ»៕

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com