កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ព្រំ សំណាង, ឈុត វ៉ាន់ថង, ឡៅ ចន្ទ្រា , ឃុន បូរ៉ា និងអត្តពលិក៥រូបទៀត ត្រូវដណ្ដើមមេដាយមាស
11, May 2023 , 11:57 am        
រូបភាព
អត្តពលិកប្រដាល់គុនខ្មែរ ៩រូប ត្រូវប្រកួតវគ្គផផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ថ្ងៃទី១១ ឧសភា។ ការប្រកួតនេះ នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីម៉ោង២រសៀលទៅ។



កីឡាករបើកឆាកប្រកួតដំបូង ឃុន ឡាំងកូស៊ីន ត្រូវប្រកួតតទល់ជាមួយកីឡាករហ្វីលីពីន Kristian Salatan Narca លើប្រភេទទម្ងន់៥៧គីឡូក្រាម។ មុនឡើងមកជួបគ្នានេះ កីឡាករ ឡាំងកូស៊ីន បានយកឈ្នះកីឡាករវៀតណាម Nguyen Thanh Trung ដោយពិន្ទុ ខណៈ Kristian Salatan បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Ah Tit ។
 
គូបន្ទាប់ទី២ ជាការជួបគ្នារវាងកីឡាការិនី ម៉ឺយ ស៊ឹង និងកីឡាការិនីវៀតណាម Trieu Thi Phuong Thuy លើប្រភេទទម្ងន់៥១គីឡូក្រាម។ ម៉ឺយ ស៊ឹង បានយកឈ្នះកីឡាការិនីហ្វីលីពីន ZYRA GADOS BON ។ ចំណែកកីឡាការិនីវៀតណាម បានយកឈ្នះមីយ៉ាន់ម៉ា Mar Yir Nar។
 
ដោយឡែកកីឡាករ ឈុត វ៉ាន់ថង ត្រូវប្រកួតជាមួយកីឡាករឡាវ Attaxay Sihabout សម្រាប់ទម្ងន់៦០គីឡូក្រាម។ ឈុត វ៉ាន់ថង បានផ្ដួលកីឡាករម៉ាឡេស៊ី Muhammad Akasha ខណៈ Attaxay Sihabout បានយកឈ្នះកីឡាករវៀតណាម NGUYEN DOAN LONG នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
 
សម្រាប់ការប្រកួត៣គូបន្ទាប់ទៀត មានកីឡាការិនី ទូច ចាន់វតី ប៉ះជាមួយវៀតណាម Nguyen Thi Chieu លើប្រភេទទម្ងន់៥៤គីឡូក្រាម។ ទូច ចាន់វតី បានយកឈ្នះកីឡាការិនីហ្វីលីពីន Jenelyn Dasda Olsim ។ ចំណែកកីឡាការិនីវៀតណាម បានផ្ដួលកីឡាការីនីឡាវ។
 
សម្រាប់ប្រភេទទម្ងន់៦៣គីឡូក្រាមវិញ កីឡាករកម្ពុជា ឃុន បូរ៉ា ត្រូវតទល់ជាមួយកីឡករឡាវ Soubinh Banxadeth ។ ឃុន បូរ៉ា បានទម្លាក់កីឡាករវៀតណាម Truong Cao Minh Phat ខណៈ Soubinh បានយកឈ្នអកីឡាករមីយ៉ាន់ម៉ា Saw Hla Win Soe វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
 
ដោយឡែកកីឡាការិនី ទួន ស្រីពីន ត្រូវជួបកីឡាការិនីវៀតណាម Bui Yen ly លើប្រភេទទម្ងន់៥៧គីឡូក្រាម។ ទួន ស្រីពីន បានយកឈ្នះកីឡាការិនីឡាវ Duangchay Thalengliep រីឯកីឡាការិនីវៀតណាម បានទម្លាក់កីឡាការិនីមីយ៉ាន់ម៉ា ។
 
ចំណែកការប្រកួត៣គូចុងក្រោយ ប្រភេទទម្ងន់ធ្ងន់វិញនោះ កីឡាករ ទិត សោភ័ណ្ឌ ជួបជាមួយកីឡាករវៀតណាម Nguyen Hong Quan លើប្រភេទទម្ងន់៧១គីឡូក្រាម។ ទិត សោភ័ណ្ឌ (រឿង សោភណ្ឌ) បានឈ្នះកីឡាករឡាវ Bounma Bouddala ស្របពេលដែលកីឡាករ Nguyen បានយកកីឡាករ Naing Yelin របស់មីយ៉ាន់ម៉ា។
 
សម្រាប់ទម្ងន់៧៥គីឡូក្រាមវិញ កីឡាករ ឡៅ ចន្ទ្រា ត្រូវជួបកីឡាករវៀតណាម Nguyen Thanh Tung ។  ឡៅ ចន្ទ្រា ឡើងមកចាំវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្ដង ខណៈកីឡាករវៀតណាម បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Kyaw Lin Htet។ 
 
 
ចំណែកកីឡាករ រុំ សំណាង (ព្រំ សំណាង) ត្រូវដណ្ដើមមេដាយមាសជាមួយកីឡាករមីយ៉ាន់ម៉ា Tun Tun Minh លើទម្ងន់៨១កីឡូក្រាម។ រុំ សំណាង បានឡើងមកវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិដែរ។ ចំណែកកីឡាករមីយ៉ាន់ម៉ា Tun Tun Minh បានទម្លាក់កីឡាករវៀតណាម Nguyen Van Chien នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
 
 

Tag:
 ប្រដាល់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com