ជាតិ
៤ខែ ក.ប.ប បានដុតកម្ទេចសាច់ខូចគុណភាព និងផលិតផលហួសកាលបរិច្ឆេទជាង ៣០តោន
12, May 2023 , 9:59 pm        
រូបភាព
ដោយ:
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានរឹបអូសផលិតផលសាច់ និងផលិតផលពីសត្វក្លាស្សេ ដែលខូចគុណភាព ផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទជាង ៣០តោន បានយកមកដុតកម្ទេចចោល រយៈពេល ៤ខែនេះ។



លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា សាច់បង្កក (សាច់ជ្រូក មាន់ ត្រី ទា និងពពែ) ផលិតផលពីសត្វ , សាច់ងៀតឬក្រៀម និងប្រហិត បាននាំចូលមកពីបរទេស ហើយមួយចំនួនទៀត ផលិត និងកែច្នៃនៅក្នុងស្រុក។
  
លោក ផាត អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។

បើតាមលោក ផាន អូន ការប្រើប្រាស់ម្ហូបអាហារដែលគ្មានសុវត្ថិភាព ពិតជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិទាំងមូល។ លោក ផាន អូន បានបញ្ជាក់ថា៖«ការបរិភោគម្ហូបអាហារខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ មានចម្លងមេរោគឬជំងឺឆ្លង ផ្ទុកសារធាតុគីមី ឬសំណល់ថ្នាំបសុពេទ្យ និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ពិសេសបង្កជាជំងឺរ៉ាំរ៉ៃ ដែលនឹងបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតថែមទៀតផង»។
 
ដើម្បីទប់ស្កាត់រាល់ការចរាចរម្ហូបអាហារដែលគ្មានសុវត្ថិភាព មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជាប្រចាំនូវរាល់ផលិតផល ដែលដាក់ឱ្យចរាចរនៅលើទីផ្សារ និងឃ្លាំងស្តុកផលិតផលម្ហូបអាហារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។ 
 
អគ្គនាយយក.ប.ប.រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ពិនិត្យឱ្យបានត្រឹមត្រូវ និងធានាថាផលិតផល ដែលដាក់លក់ទាំងអស់ បានអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងកំណត់ដោយរដ្ឋាភិបាល មុនដាក់លក់ឱ្យប្រជាពលរដ្ឋ។ ការដាក់លក់នូវផលិតផល ទំនិញ ពិសេសផលិតផលម្ហូបអាហារ ដែលមិនអនុលោមតាមបទបញ្ញត្តិជាធរមាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
 
ដោយឡែក នៅថ្ងៃទី២ ខែឧសភា ក.ប.ប បានដុចកម្ទេចទំនិញខូចគុណភាពប្រមាណជាង ៧តោន នៅភ្នំពេញ ដែលប្រមូលមកពីទីផ្សារ។ នៅថ្ងៃទី៨ ខែឧសភា មន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវ បានសហការជាមួយមន្រ្តីជំនាញគយ និងរដ្ឋាករដកហូតដុតកម្ទេច សាច់មាន់បង្កកប្រមាណ ៥០កេសផងដែរ៕
 

Tag:
 សាច់ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com