អន្តរជាតិ
លោកហ្សេលេនស្គី៖ អ៊ុយក្រែននិងលោកខាងលិច អាចយកឈ្នះរុស្ស៊ីនៅឆ្នាំនេះ
15, May 2023 , 8:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នាថ្ងៃទី១៤ ខែឧសភា បានលើកឡើងថា ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចធ្វើឱ្យរុស្ស៊ីបរាជ័យមិនអាចត្រឡប់វិញបាននៅឆ្នាំនេះ ខណៈអ៊ុយក្រែន​ទទួល​បានកញ្ចប់យោធាថ្មីក្នុងដំណើរទៅកាន់អាល្លឺម៉ង់។

 
មេដឹកនាំអ៊ុយក្រែន បានធ្វើដំណើរ​ទស្សនកិច្ច​នៅចុង​សប្តាហ៍មុន​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់ៗ​នៅ​អឺរ៉ុប​មួយ​ចំនួន​ដើម្បី​រក​ជំនួយ​ផ្នែក​យោធានិង​ហិរញ្ញវត្ថុបន្ថែមទៀត​នៅ​មុន​ការ​វាយលុក​ដ៏ធំ​របស់​អ៊ុយក្រែន​ប្រឆាំង​កងកម្លាំង​រុស្ស៊ី។
 
មុនដំណើរទស្សនកិច្ចលើកដំបូងទៅអាល្លឺម៉ង់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ លោក ហ្សេលេនស្គី ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី និងសម្តេចប៉ាប Francis នៅ​ទីក្រុងរ៉ូមនៅថ្ងៃទី១៣ ខែឧសភា។ នៅល្ងាចថ្ងៃទី១៤ ខែឧសភា លោក​បាន​ជួប​ប្រធានាធិបតី​បារាំង ម៉ានុយអែល ម៉ាក្រុង នៅវិមាន Elysee មុនទទួលទានអាហារពេលល្ងាច។  លោកធ្វើដំណើរទៅអាល្លឺម៉ង់ដែរ។
 
«ឥឡូវនេះ ជាពេលវេលាសម្រាប់យើងដើម្បីកំណត់ការបញ្ចប់នៃសង្រ្គាមនៅឆ្នាំនេះ។ យើង​អាចធ្វើឱ្យ​បរាជ័យរបស់អ្នកឈ្លានពានទៅរួចបាននៅឆ្នាំនេះ»។ លោក ហ្សេលេនស្គី បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​សន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងបែរឡាំងជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ។ លោកបន្តថា ក្រុងកៀវបានរៀបចំការពិភាក្សាអំពីគំនិតផ្តួចផ្តើមសន្តិភាពជាមួយភាគីខាងក្រៅប៉ុន្តែ​សំណើ​ទាំង​នោះគួរតែផ្អែកលើជំហររបស់អ៊ុយក្រែន និងផែនការសន្តិភាពរបស់ខ្លួន។
 
ឯលោក Scholz បានគូសបញ្ជាក់ពីការសន្យារបស់អាល្លឺម៉ង់ក្នុងការបន្តគាំទ្រអ៊ុយក្រែនតាម​ដែល​ចាំ​បាច់។
 
រដ្ឋាភិបាលអាល្លឺម៉ង់ដែលជាអ្នកផ្ដល់ជំនួយដ៏ធំមួយដល់អ៊ុយក្រែនកន្លងមកបានប្រកាសកញ្ចប់ជំនួយយោធាចំនួន៣ពាន់លានដុល្លារដល់អ៊ុយក្រែនកាលពីថ្ងៃទី១៣ ខែឧសភាដែលនោះជាកញ្ចប់ជំនួយដ៏​ធំ​បំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com