អន្តរជាតិ
សេដ្ឋវិទូថៃស្នើរដ្ឋាភិបាលថ្មីផ្ដល់អាទិភាពលើវិស័យប្រើប្រាស់ ទេសចរណ៍ និងការវិនិយោគ
16, May 2023 , 11:08 am        
រូបភាព
ខណៈរដ្ឋាភិបាលថ្មីនឹងលេចជារូបរាងនៅពេលខាងមុខ សេដ្ឋវិទូថៃម្នាក់ បានផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាលថ្មីក្នុងការផ្តល់អាទិភាពដល់ការលើកកម្ពស់ការប្រកួតប្រជែង​របស់ប្រទេសតាមរយៈការជំរុញ ការប្រើប្រាស់ ទេសចរណ៍ និងការវិនិយោគឯកជន។

 
ប្រធានសេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ Krungthai លោក Phacharaphot Nuntramas និយាយថា ការប្រកួតប្រជែងគួរតែត្រូវបានផ្តល់អាទិភាព​ដោយ​រដ្ឋាភិបាលថ្មី ដូច្នេះ​ការ​ពង្រីកសេដ្ឋកិច្ចរយៈពេលវែងអាចត្រូវបានអភិវឌ្ឍថែមទៀត។ លោកបន្តថា ភាពប្រកួតប្រជែង​​អាស្រ័យ​ទៅលើផ្នែកចំណូល និងការចំណាយរបស់វិស័យអាជីវកម្ម ហើយរាល់​គោល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​ដែលនឹងអនុវត្តដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏នឹងជះឥទ្ធិពល​ដល់​វិស័យ​នេះ​ដែរ​។
 
«គោលនយោបាយ (ប្រាក់ឈ្នួលអប្បបរមា) នឹងត្រូវធ្វើឡើងដោយគណបក្សឆ្ពោះទៅមុខ និង​បក្ស​ភឿថៃដែលទទួលបានសំឡេងភាគច្រើន ហើយនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ»។ លោក Phacharaphot លើកឡើងបែបនេះរួចបន្តថា ប្រាក់ឈ្នួលអប្បបរមា ជាបញ្ហាដែល​កំណត់​សមត្ថភាព​ប្រកួតប្រជែងរបស់ប្រទេសនៅក្នុងតំបន់ដូច្នេះវាគួរតែត្រូវពិភាក្សាក្នុងចំណោមក្រុមការងារត្រីភាគី។
 
បើតាមសេដ្ឋវិទូដដែល ការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏គួរជាអាទិភាពមួយទៀត​សម្រាប់​រដ្ឋាភិបាលថ្មីក្នុងការជំរុញការប្រកួតប្រជែងរបស់ប្រទេសផងដែរ ព្រោះវាដែលនឹងជួយទ្រទ្រង់កំណើន​សេដ្ឋកិច្ចរបស់ថៃក្នុងរយៈពេលវែងស្របតាមនិន្នាការពិភពលោក។
 
ឯសេដ្ឋកិច្ចវិទូនៅធនាគារ Standard Chartered លោក Tim Leelahaphan  បាននិយាយថា វិស័យ​ធនាគារចង់ឃើញការផ្លាស់ប្តូរនយោបាយដោយរលូនដើម្បីធានាថារដ្ឋាភិបាលថ្មីអាចត្រូវបាន​បង្កើត​ឡើងក្នុងរយៈពេលពីរខែខាងមុខដូចដែលបានគ្រោងទុកពីមុន។
 
សម្រាប់អ្នកជំនាញដដែល ថៃ​គួរ​ចៀសវាង​​រឿង​នយោបាយ​ណា​មួយ​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​ទំនុក​ចិត្ត​សេដ្ឋកិច្ច។ ការជំរុញការប្រើប្រាស់ក្នុងស្រុក និងទេសចរណ៍គួរតែជាអាទិភាពនៅ​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ចថ្មីដោយសារវិស័យទាំងពីរគាំទ្រដល់កិច្ចខិតខំក្នុងពេលបច្ចុប្បន្នដើម្បីស្តារ​សេដ្ឋកិច្ច​ឡើងវិញ។ បន្ថែមពីនេះ រដ្ឋាភិបាល​ថ្មី​ក៏​គួរ​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​វិនិយោគ​ឯកជន​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច​នា​ពេល​អនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com