អន្តរជាតិ
ក្រោយការបោះឆ្នោត លោក ប្រាយុទ្ធ អំពាវនាវឱ្យប្រជាជនរួបរួមគ្នា និងអភិវឌ្ឍប្រទេស
16, May 2023 , 6:15 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ នៅថ្ងៃទី១៦ ខែឧសភា បានអំពាវនាវឱ្យប្រជាជនរួបរួមគ្នា រក្សាស្ថិរភាព រួមទាំងចូលរួមអភិវឌ្ឍប្រទេស។ មិនតែប៉ុណ្ណោះ លោក ប្រាយុទ្ធ បានអរគុណជាថ្មីទៅកាន់ប្រជាជនដែលគាំទ្រលោក និងរដ្ឋាភិបាលនៅពេលកន្លងមកផង។

 
រដ្ឋាភិបាលបណ្តោះអាសន្នថៃ នៅថ្ងៃទី១៦ ខែឧសភា បានបើកកិច្ចប្រជុំជាលើកដំបូង ក្រោយការបោះឆ្នោតរើសតំណាងរាស្រ្តនៅថ្ងៃទី១៤ ខែឧសភាកន្លងទៅ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានអរគុណជាថ្មីដល់ប្រជាជន ដែលគាំទ្រលោក និងរដ្ឋាភិបាលនៅពេលកន្លងមក។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលថៃ ក៏បានអំពាវនាវឱ្យប្រជាជនរួបរួម រក្សាស្ថិរភាព និងចូលរួមអភិវឌ្ឍប្រទេសផង។ 
 
«ខ្ញុំមានភាពរីករាយ និងស្នើឱ្យប្រជាជនថៃទាំងអស់សហការ និងលើកតម្កើងភាពរួបរួម និងស្ថិរភាពក្នុងប្រទេស ដោយគ្មានជម្លោះ និងរួមគ្នាអភិវឌ្ឍប្រទេស»។ លោកប្រាយុទ្ធ បានបញ្ជាក់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មា​ន ក្នុងវិមានរដ្ឋាភិបាលថៃ នៅថ្ងៃទី១៦​ ខែឧសភា ដោយបន្តថា វាជាបញ្ហាសន្តិសុខ វិបុលភាព និងចីរភាព។
 
ទន្ទឹមនេះ លោកប្រាយុទ្ធ បានជំរុញឱ្យគោរពសន្តិសុខស្ថាប័នសំខាន់ៗរបស់ជាតិ សម្រាប់ការអភិវឌ្ឍ និងអនាគតប្រជាជនថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទន្ទឹមនេះ លោកប្រាយុទ្ធ ក៏ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងការដើរចេញពីនយោបាយរបស់លោកផង។ យ៉ាងណាមិញ មេដឹកនាំថៃរូបនេះ មិនបានបញ្ចេញមតិអ្វីឡើយ។ 
 
អនុប្រធានបក្សជាតិថៃរួបរួម លោក Thanakorn Wangboonkongchana នៅថ្ងៃទី១៥ ខែឧសភា បានអះអាងថា លោកប្រាយុទ្ធ ចន្ទអូចា បេក្ខជននាយករដ្ឋមន្រ្តីបក្សជាតិថៃរួបរួម អាចនឹងដើរចេញពីនយោបាយ។ 
 
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបណ្តោះអាសន្ននៅថ្ងៃទី១៦ ខែឧសភា រដ្ឋមន្រ្តីចំនួន ១៣រូប បានអវត្តមាន៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com