វាយកូនបាល់ជាប្រភេទកីឡាដែលត្រូវឆ្លងកាត់ការប្រកួតដ៏តឹងតែង។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី៦ ដល់ទី១៤ ខែឧសភា ម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសំរឹទ្ធ២ ដោយមួយបានពីវិញ្ញាសាក្រុមនារី និងមួយទៀតពីកីឡាករ ប៊ុន កេន្នី នៃវិញ្ញាសាឯកត្តជនបុរស។
ក្នុងវិញ្ញាសាឯកត្តជនបុរស ប៊ុន កេន្នី បានទម្លាក់កីឡាហ្វីលីពីន Eric Jr Riate Olivarez ២-០ (៦-២, ៦-១) នៅវគ្គ១៦ក្រុម ហើយបន្តទម្លាក់កីឡាករម៉ាឡេស៊ី Koay Hao Sheng ២-១ (៤-៦, ៦-២, ៦-១) នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានចាញ់កីឡាករវៀតណាម Hoang Nam Ly ២-០ ដោយវៀតណាមយកឈ្នះ ៦-៤ និង៧-៦។ ប៊ុន កេន្នី បានមេដាយសំរឹទ្ធស្ទួនជាមួយកីឡាករថៃ Kasidit Samrej ខណៈកីឡាករវៀតណាម Hong Nam Ly បានមេដាយប្រាក់ ក្រោយចាញ់កីឡាករឥណ្ឌូណេស៊ី Muhammad Rifqi Fitriadi នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ កីឡាករកូនកាត់ខ្មែរ-បារាំង ប៊ុន កេន្នី នេះជាមេដាយសំរឹទ្ធទី៣ ដែលគេទទួលបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយធ្លាប់ឈ្នះដំបូងនាឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីលើវិញ្ញាសាឯកត្តជនបុរស និង១ទៀតនាឆ្នាំ២០១១នៅឥណ្ឌូណេស៊ី លើវិញ្ញាសាបុរសជាក្រុម។
ដោយឡែកមេដាយសំរឹទ្ធ១ទៀតរបស់កម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅទឹកដីខ្លួនឯងនេះ គឺបានមកពីវិញ្ញាសានារីជាក្រុម ដែលមានកីឡាការិនី អង់ដ្រេ កា, ស៊ុម ចិន្តា និង Grace Krusling។ នៅវគ្គ១៦ក្រុម កម្ពុជា បានទម្លាក់ក្រុមសិង្ហបុរី ២-០ ហើយបន្តទម្លាក់ក្រុមមីយ៉ាន់ម៉ា ២-០ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានចាញ់ក្រុមឥណ្ឌូណេស៊ី ២-០ ដោយទទួលបានមេដាយសំរឹទ្ធស្ទួន ជាមួយក្រុមវៀតណាម ខណៈឥណ្ឌូណេស៊ី បន្តយកឈ្នះក្រុមថៃ ដើម្បីទទួលបានមេដាយមាស។
ចំពោះកីឡាការិនីខ្មែរ-បារាំង អង់ដ្រេ កា នេះជាមេដាយសំរឹទ្ធទីពីររបស់ខ្លួនពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីទទួលបានលើកដំបូងកាលពីឆ្នាំ២០១៧នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នេះ វាយកូនបាល់ឥណ្ឌូណេស៊ី ឈរលេខ១ដោយឈ្នះមេដាយមាស៤ ប្រាក់២ សំរឹទ្ធ៣, ថៃ ឈ្នះមេដាយមាស២ ប្រាក់៣ សំរឹទ្ធ៤, ហ្វីលីពីនឈ្នះមេដាយមាស១, វៀតណាមឈ្នះមេដាយប្រាក់២ សំរឹទ្ធ៣, កម្ពុជា និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធ២រៀងៗខ្លួន៕
រាយការណ៍បន្ថែមដោយ ហៀក ឆក, តែ ឆៃស៊ីង និង អ៊ុត រស្មី