ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ៖«បក្សភ្លើងទៀន នៅតែសង្ឃឹម ទោះសល់ដង្ហើមចុងក្រោយ»
18, May 2023 , 9:55 am        
រូបភាព
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន និយាយក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីគណបក្សភ្លើងទៀន)។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន និយាយក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ផ្តល់ព័ត៌មានជាក់លាក់ថា ថ្នាក់ដឹកនាំគណបក្ស នឹងយកបណ្តឹងទៅដាក់នៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីសុំជំទាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធពាក្យសុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។



អ្នកនាំពាក្យគណបក្សជំទាស់រូបនេះ បង្ហាញគោលជំហរថា ការធ្វើកិច្ចការអ្វីមួយ គេតែងតែមានក្តីសង្ឃឹម។ លោក បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃ១៨ឧសភានេះយ៉ាងដូច្នេះថា៖«យើង នៅតែសង្ឃឹម ទោះបីជានៅសល់តែដង្ហើមចុងក្រោយក៏ដោយ»។ 
 
មូលហេតុចម្បងរបស់គ.ជ.ប មានតែមួយប៉ុណ្ណោះ គឺគណបក្សភ្លើងទៀន គ្មានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបមិនអាចចុះឈ្មោះឲ្យគណបក្សនេះចូលរួមប្រកួត។ ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សភ្លើងទៀន បានបាត់ទៅហើយ ដោយនៅសល់តែប្រកាសដែលជាឯកសារចម្លងប៉ុណ្ណោះ។ 
 
មុនរត់ទៅរកការពឹងពាក់នៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សភ្លើងទៀន បានតវ៉ាជាមួយគ.ជ.ប រួចមកហើយ តែនៅតែដកឈ្មោះគណបក្សនេះចេញពីបញ្ជីប្រកួតប្រជែង។ ចុងក្រោយ គណបក្សភ្លើងទៀន គ្មានផ្លូវអ្វីផ្សេង ក្រៅពីប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ៕ 
 
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com