ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB និងវិទ្យាស្ថានខេមអេដ ប្រគល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ៦រូប ក្រោមគម្រោងសកម្មភាពទំនួលខុសត្រូវ​សង្គម
18, May 2023 , 4:20 pm        
រូបភាព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ និងវិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខគេ លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីប្រគល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៦រូប ស្មើនឹងកញ្ចប់ទឹកប្រាក់រហូតដល់ ៧២.០០០ដុល្លារ អាមេរិក ដើម្បីបន្តការ​សិក្សាថ្នាក់ បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានខេមអេដ ចាប់ពីឆ្នាំសិក្សា២០២៣។
 
គម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ CIMB និងវិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្តេជ្ញាកសាងចំណេះយល់ដឹង អំពីវិស័យហិរញ្ញវត្ថុក្នុងសង្គម ឲ្យមានវឌ្ឍនភាព ជាលំដាប់សម្រាប់អនាគតកាល ក៏ដូចបច្ចុប្បន្ន តាមរយៈការចូលរួមបង្កើនធនធានអ្នកជំនាញផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ហើយ ជាពិសេសផ្តល់ឱកាសដល់ប្អូនសិស្សានុសិស្ស ដែលមានសមត្ថភាព ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តការសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួល ស្គាល់ជាអន្តរជាតិ ដូចជាវិទ្យាស្ថានខេមអេដ។
 


កម្មវិធីប្រគល់អាហារូបករណ៍នេះ​ ត្រូវបានប្រារព្ធធ្វើឡើងកាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នៅវិទ្យាស្ថានខេមអេដ ក្រោមអធិបតីភាពរបស់ លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស របស់ធនាគារ CIMB និងលោក ​ខេស៊ី បាណេត នាយកនៃ វិទ្យាស្ថានខេមអេដ ព្រមទាំងបុគ្គលិកតំណាង នៃស្ថាប័នទាំងពីរ។ 
 
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខេមអេដ បានមានប្រសាសន៍ថា៖ ប្អូនៗ ដែលបានទទួលអាហារូបករណ៍ ពីធនាគារ CIMB នាពេលនេះ សុទ្ធតែ​មានសំណាងខ្ពស់ ព្រោះថាបន្ថែមពីលើការទទួលអាហារូបករណ៍សិក្សានៅវិទ្យាស្ថានខេមអេដ ប្អូនៗ ក៏នឹងមានឱកាសទៅបម្រើការងារនៅធនាគារ CIMB ដែលជាធនាគារអន្តរជាតិ មានសាខានៅគ្រប់ប្រទេស ក្នុងតំបន់អាស៊ាន ហើយក៍ត្រូវបានទទួលស្គាល់ថា ជាធនាគារអន្តរជាតិធំលំដាប់លេខ២ នៅប្រទេសម៉ាឡេស៊ី និងលំដាប់លេខ៥ ក្នុងតំបន់អាស៊ាន។
ជាចុងបញ្ចប់ លោកបណ្ឌិត ព្រំម វីវៈ ក៏បានឲ្យដំបូន្មានឲ្យនិស្សិតអាហារូបករណ៍ទាំងអស់ ខិតខំយកចិត្តទុកដាក់ លើការសិក្សា ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់ និងមានឱកាសធ្វើការ នៅក្រុមហ៊ុនល្បីៗ មិនថាក្រុមហ៊ុនវិនិយោគ ក្រសួង និងធនាគារ ជាពិសេសធនាគារ CIMB ជាដើម។
 
លោកខេស៊ី បាណេត នាយក នៃវិទ្យាស្ថានខេមអេដ បានមានប្រសាសន៍ថា៖ ជាង១០ឆ្នាំមកហើយ ដែលវិទ្យាស្ថានខេមអេដ បានមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយធនាគារ CIMB ក្រោមរូបភាពផ្តល់ នូវនិស្សិតដែលមានជំនាញខ្ពស់ផ្នែកហិរញ្ញវត្ថុ និងសវនកម្ម ទៅបម្រើការងារ នៅធនាគារ CIMB ហើយធនាគារ CIMB ក៏តែងតែបញ្ជូនបុគ្គលិករបស់ខ្លួន មកសិក្សាបន្ថែម នៅវិទ្យាស្ថានខេមអេដ ដើម្បីពង្រឹងជំនាញការងារផងដែរ។
  


លោកខេស៊ី បាណេត ក៏បានបញ្ជាក់ថា វិទ្យាស្ថានខេមអេដ និងធនាគារ CIMB មានគោលបំណងរួមគ្នាមួយ នោះគឺបង្កើនការប្រើប្រាស់ធនធានហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាប្រកប ដោយប្រសិទ្ធភាព សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេស។ ដូច្នេះកម្មវិធីប្រគល់អាហារូបករណ៍នាពេលនេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ ព្រោះថានិស្សិតដែលមានជំនាញគឺជា កាតាលីករដ៏សំខាន់មួយ ក្នុងការ ទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។
 
នៅក្នុងឱកាសនេះផងដែរ លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «ស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការលើកស្ទួយវិស័យអប់រំ ក្នុងប្រទេសកម្ពុជា យើងពិតជាមានជំនឿយ៉ាងមុតមាំថា វិទ្យាស្ថានខេមអេដ គឺជាដៃគូដ៏សក្តិសមបំផុត ដើម្បីរួមគ្នាកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាពិសេសផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ តាងនាមឲ្យធនាគារ CIMB ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការប្រកាសផ្តល់អាហារូបករណ៍សិក្សា ដល់និស្សិតឆ្នើមទាំង ៦រូប នាពេលនេះ»។
 
ជាមួយគ្នានេះ អ្នកស្រី អុំ ចិន្តាភក្តី បានជូនពរដល់និស្សិតអាហារូបករណ៍ទាំង ៦រូបរបស់យើង ឲ្យសម្រេចបានជោគជ័យ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានខេមអេដ ដើម្បីអនាគតខ្លួនឯង និងគ្រួសារ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍ សម្រាប់សង្គមជាតិទាំងមូលផងដែរ។ មិនតែប៉ុណ្ណោះ អ្នកស្រីបានលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរដទៃទៀត ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការសិក្សា ព្រមទាំងត្រៀមខ្លួន សម្រាប់កម្មវិធីអាហារូបករណ៍ផ្សេងៗ រួមទាំងកម្មវិធីអាហារូបករណ៍ របស់ធនាគារ CIMB នាពេលខាងមុខផងដែរ។
 
សូមរំលឹកផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការ ក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ដោយបាន បើកដំណើរការសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ធនាគារបានពង្រីកសាខា របស់ខ្លួនរហូតដល់ ១៤ ទូទាំងប្រទេស ដោយមានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ 
 
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥ ០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
 
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទី ពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយ ក្នុងតំបន់អាស៊ាន។​ ធនាគារនេះ មានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាម៉េរិក ​និង​ចក្រភពអង់គ្លេស​។
 
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​
 
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្ម តាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូណេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
 
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤ ០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់
 
អំពីវិទ្យាស្ថានខេមអេដ 
វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ២៣ឆ្នាំនេះមកនេះ វិទ្យាស្ថាន​ខេមអេដ​ បានខិតខំយ៉ាងខ្លាំង ដើម្បី​បង្កើត កាលានុវត្តភាពដល់និស្សិត និងសាធារណៈជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាន ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះ គុណភាពសាស្ត្រាចារ្យ ​និងកម្មវិធីសិក្សា ដើម្បីអោយ ស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។ ជាលទ្ធផល វិទ្យាស្ថានទទួលបាននូវការទទួល ស្គាល់គុណភាព ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន៕
 
វិទ្យាស្ថានខេមអេដ ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថាន ឧត្តមសិក្សាបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានខេមអេដ ត្រូវបានលេខរូបរាងឡើង ក្នុងឆ្នាំ ២០០៣ មានទីតាំង នៅរាជធានីភ្នំពេញ ដែលបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។ 
 
វិទ្យាស្ថានខេមអេដ ដែលត្រូវបានទទួលស្គាល់ ថាជា គ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់កម្រិតផ្លាទីនៀម ពីសំណាក់សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានសមាជិក រហូតដល់ ១៨៣ ប្រទេសទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០១៩ វិទ្យាស្ថានខេមអេដ ជា​គ្រឹះស្ថានឧត្តមសិក្សាមួយ ក្នុងចំណោម​ គ្រឹះស្ថាន​ឧត្តម​សិក្សា​ ១០ដំបូង​គេ​ នៅ​ កម្ពុជា​ដែលទទួលបាន ការវាយតម្លៃ ​ពី​គណៈកម្មការវាយ ​តម្លៃគុណភាព​អប់រំ នៃ​កម្ពុជា (ACC)។ នៅក្នុងឆ្នាំ២០១៩ ​ដដែល កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (BA +CAT)របស់វិទ្យាស្ថា នខេមអេដ ត្រូវបានទទួលស្គាល់ដោយស្ថាប័នអ្នកជំនាញ  ផ្នែកហិរញ្ញវត្ថុ CFA ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ។ បន្ថែមពីនោះ វិទ្យាស្ថានខេមអេដ ក៏ទទួលបាន​ការវាយត ម្លៃកម្រិត​ផ្កាយ​៥ លើ​គុណ​ភាព​បង្រៀន​ ការអភិវឌ្ឍន៍​កម្ម​វិធី​សិក្សា​ និង​ឱកាស​ការងារ​និសិ្សត ពីសំណាក់​ស្ថាប័ន​អន្តរជាតិ​ QS Stars នៅចក្រភព​អង់​គ្លេស និងទទួលបាន​ការវាយតម្លៃ កម្រិត​ផ្កាយ​៥ លើ​គុណ​ភាព​បង្រៀន​ ការអភិវឌ្ឍន៍​ កម្ម​វិធី​សិក្សា​ និង​ឱកាស​ការងារ​និសិ្សត ពីសំណាក់​ស្ថាប័ន ​អន្តរជាតិ​ QS Stars នៅចក្រភព​អង់​គ្លេស ផងដែរ៕

អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com