អន្តរជាតិ
សម្ព័ន្ធភាពបក្សឆ្ពោះទៅមុខថៃ មានការគាំទ្របន្ថែមទៀតនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា
20, May 2023 , 12:59 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សឆ្ពោះទៅមុខ។ រូបភាព AFP
លោក Pita Limjaroenrat មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សឆ្ពោះទៅមុខ។ រូបភាព AFP
បក្សនយោបាយចំនួន ២បន្ថែមទៀត បានឯកភាពចូលរួមជាមួយសម្ព័ន្ធភាព ដឹកនាំដោយបក្សឆ្ពោះទៅមុខថៃ (MFP) ដែលនាំឱ្យកៅសម្ព័ន្ធភាពមួយនេះ កើនដល់៣១៦ កៅអីក្នុងរដ្ឋសភា។ ស្របគ្នានេះ សមាជិកព្រឹទ្ធសភា ជាបន្តបន្ទាប់បានប្រកាសគាំទ្រ លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខធ្វើជានាយករដ្ឋមន្រ្តី។

 
ពេលនេះ របត់នយោបាយថៃ កំពុងស្ថិតក្នុងស្ថានភាពដ៏សំខាន់មួយ ដោយសម្ព័ន្ធបក្សប្រឆាំង ដែលដឹកនាំដោយបក្សឆ្ពោះទៅមុខ កើនឡើងការគាំទ្រជាបន្តបន្ទាប់នៅក្នុងសភាទាំងពីរថ្នាក់។ 
 
តាមការបញ្ជាក់របស់លោក Phicharn Chaowapatanawong មេដឹកនាំរងបក្សឆ្ពោះទៅមុខ នៅថ្ងៃទី១៩ ខែឧសភា បក្សChart Pattana Kla និងបក្ស Mai party បានឯកភាពចូលរួមជាមួយសម្ព័ន្ធភាពបក្សប្រឆាំង ដឹកនាំដោយបក្សឆ្ពោះទៅមុខបន្ថែមទៀត។ 
 
ក្រោយការចូលរួមរបស់បក្សពីរខាងលើ សម្ព័ន្ធភាពបក្សប្រឆាំង បានកើនដល់ ១០បក្ស និងមានសំឡេង៣១៦ កៅអីនៅក្នុងរដ្ឋសភា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។ 
 
យ៉ាងណាមិញ នៅថ្ងៃទី២០ ខែឧសភា បក្សឆ្ពោះទៅមុខ បានបដិសេធមិនទទួលយកបក្ស Chart Pattana Kla មកក្នុងសម្ព័ន្ធភាពដឹកនាំដោយបក្សរបស់ខ្លួនវិញ ក្រោយមានការរិះគន់បក្ស Chart Pattana Kla ស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។
 
ស្របគ្នានេះ សមាជិកព្រឹទ្ធសភា ដែលភាគច្រើនតែងតាំងដោយយោធា ក៏បានប្រកាសគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីថៃថ្មី ជាបន្តបន្ទាប់ផងដែរ។ លោក Sathit Limpongpan សមាជិកព្រឹទ្ធសភាថៃ បានអះអាងថា លោកនឹងគាំទ្ររដ្ឋាភិបាលចម្រុះ។ លោក Sathit ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន ១៤រូប ដែលបានប្រកាសគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្រ្តី។ 
 
ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃថ្មី អ្នកនយោបាយរូបនេះ ត្រូវមានការគាំទ្រពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងហោចណាស់ ៣៧៦រូប នៅក្នុងកិច្ចប្រជុំសភាទាំងពីររួមគ្នា។ ការរើសនាយករដ្ឋមន្រ្តីថៃថ្មី ធ្វើឡើងក្រោយលទ្ធផលបោះឆ្នោតផ្លូវការ ត្រូវបានប្រកាស និងប្រធាន និងអនុប្រធានរដ្ឋសភា ត្រូវបានជ្រើសរើស៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com