អន្តរជាតិ
កូរ៉េខាងត្បូង និងឥណ្ឌា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារ និងសុខាភិបាល
20, May 2023 , 3:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាពយកពី The Korean Herald
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាពយកពី The Korean Herald
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២០ ខែឧសភា ឯកភាពពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យការពារ និងសុខាភិបាល ក្នុងជំនួបទ្វេភាគីនៅជប៉ុន។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង អំពាវនាវឱ្យកូរ៉េខាងត្បូង និងឥណ្ឌារួមគ្នាឆ្លើយតបនឹងបញ្ហាតំបន់ផង។

 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២០ ខែឧសភា បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម ក៏ដូចជាវិស័យការពារជាដើម។ 
 
«មេដឹកនាំទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការមិនត្រឹមតែអាវុធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងវិស័យបច្ចេកវិទ្យាចុងក្រោយដូចជាឌីជីថល សុខាភិបាល និងអវកាសជាដើម»។ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Do-woon បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែឧសភា។ 
 
បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង បានអំពាវនាវឱ្យប្រទេសទាំងពីរទទួលខុសត្រូវរួមគ្នាលើបញ្ហាតំបន់ និងពិភពលោក ដោយផ្អែកលើការសាមគ្គីភាពគ្នាក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផង ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលមានកន្លងមក។ 
 
ជំនួបមេដឹកនាំប្រទេសទាំងពីរ ធ្វើឡើងស្របពេលឥណ្ឌា និងកូរ៉េខាងត្បូង មានទំនាក់ទំនងការទូតទ្វេភាគីរយៈពេល ៥០ឆ្នាំ នៅក្នុងឆ្នាំ២០២៣៕ 
 

Tag:
 កូរ៉េខាងត្បូង
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com