អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំG7 ដោយផ្ទាល់នៅជប៉ុន
20, May 2023 , 4:59 pm        
រូបភាព
លោក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
លោក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7)  ដោយផ្ទាល់នៅថ្ងៃទី២១ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២០ ខែឧសភា។

 
កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសអ្នកមានទាំង ៧ លើកទី៤៩ បានចាប់ផ្តើមឡើងពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២១ ខែឧសភា។ មេដឹកនាំនៃបណ្តាប្រទេសជាច្រើន ត្រូវមកជួបជុំគ្នានៅទីក្រុងHiroshima ដើម្បីជជែកពីបញ្ហាសំខាន់ផ្សេងៗ ជាពិសេសបញ្ហាចិន និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
 
ក្នុងកិច្ចប្រជុំនេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមដោយផ្ទាល់។ កន្លងមក លោក ហ្សេលេនស្គី គ្រោងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២០ ខែឧសភា។ 
 
ក្នុងដំណើរទស្សនកិច្ចមកជប៉ុននេះ លោក ហ្សេលេនស្គី នឹងមានជំនួបទ្វេភាគីមួយជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន។ ទន្ទឹមនេះ លោក ចូ បៃឌិន ក៏គ្រោងជួបជាមួយសមភាគីអ៊ុយក្រែនដែរ។ 
 
វត្តមានរបស់មេដឹកនាំអ៊ុយក្រែននៅក្នុងកិច្ចប្រជុំក្រុមប្រទេស G7 អាចនឹងជួយអោយក្រុមប្រទេសអ្នកមានមួយនេះ ផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុបន្ថែមទៀត ទៅរដ្ឋាភិបាលក្រុងកៀវ ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលមានរយៈពេលជាង ១ឆ្នាំកន្លងមក៕
 

Tag:
 ជប៉ុន
  អ៊ុយក្រែន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com