អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់៖ សង្រ្គាម មិនមែនជាជម្រើសឡើយ
20, May 2023 , 7:39 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព​ AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព​ AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២០ ខែឧសភា បានលើកឡើងថា សង្រ្គាមមិនមែនជាជម្រើសឡើយ។ បើតាមមេដឹកនាំតៃវ៉ាន់រូបនេះ ការរក្សាសន្តិភាព និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់ ជាការព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងតៃប៉ិ។

 
តាមរយៈសុន្ទរកថាក្នុងខួបនៃការកាន់អំណាចនៅឆ្នាំទី៧ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានប្តេជ្ញាមិនបង្ករឿង និងឱនមុខនៅចំពោះចិនឡើយ បើទោះមានសម្ពាធបែបនេះក៏ដោយ។
 
«សង្រ្គាមមិនមែនជាជម្រើសឡើយ»។ លោកស្រី Tsai បានបន្តបែបនេះ នៅក្នុងថ្ងៃទី២០ ខែឧសភា។ មិនតែប៉ុណ្ណោះ មេដឹកនាំតៃវ៉ាន់ បានបន្ថែមថា គ្មានភាគីណាមួយ នៅតាមច្រកសមុទ្រតៃវ៉ាន់ អាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន តាមរយៈការប្រើប្រាស់មធ្យោបាយមិនសន្តិភាពឡើយ។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលក្រុងតៃប៉ិ បានយល់ថា ការរក្សាសន្តិភាព និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់ ជាការព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងតៃប៉ិ។ បើតាមលោកស្រី Tsai តៃវ៉ាន់ជាដែនដីដែលមានការគ្រប់គ្រងហានិភ័យប្រកបដោយទទួលខុសត្រូវ ហើយតៃវ៉ាន់ នឹងឈរជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀតនៅលើពិភពលោក ដើម្បីដោះស្រាយហានិភ័យមួយនេះ។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ក៏បានអះអាងផងដែរថា រដ្ឋបាលខ្លួន កំពុងពិភាក្សាជាមួយរដ្ឋបាលអាម៉េរិករបស់លោក ចូ បៃឌិន ក្នុងការបញ្ជូនជំនួយអាវុធទៅតៃវ៉ាន់ផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា ភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់ តែងតែកើតមានជាញយៗ តាមរយៈទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ទៅអាម៉េរិក ការលក់អាវុធអាម៉េរិកឱ្យតៃវ៉ាន់ រួមទាំងសមយុទ្ធយោធាចិនជាដើម៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com