ជាតិ
​​​ន​យោ​បាយ​ជាតិ​
អស់ផ្លូវតវ៉ា៖ បក្សភ្លើងទៀន គ្មានវត្តមានក្នុងការបោះឆ្នោត២០២៣ឡើយ
25, May 2023 , 1:04 pm        
រូបភាព
រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ក្រុមប្រឹក្សាធម្មនុញ្ញ យល់ស្របនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិ។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។



ក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល។ ក្នុងសេចក្តីប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា បដិសេធបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀនចោលព្រោះខុសនឹងគតិច្បាប់។  
 
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗថា លោក ក៏ដូចជាគណបក្ស មិនទាន់ទទួលបានព័ត៌មានផ្លូវការពីការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ ប៉ុន្តែ លោក និយាយថា គណបក្សភ្លើងទៀន មានការសោកស្តាយខ្លាំង ដែលក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចច្រានចោលបណ្តឹងតវ៉ានេះ។  
 
លោក អះអាងថា គ្មានតំណាងគណបក្សភ្លើងទៀន ទៅចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ព្រោះក្រុមប្រឹក្សា មិនបានអញ្ជើញ ហើយកិច្ចប្រជុំនេះទៀតសោធ ជាកិច្ចប្រជុំបិទទ្វារ។ លោក បញ្ជាក់ថា បើក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ា គណបក្សភ្លើងទៀន នឹងអស់ផ្លូវតវ៉ាទៀតហើយ។ 
 
គណបក្សភ្លើងទៀន ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគ.ជ.ប បដិសេធមិនទទួលយកពាក្យសុំចូលរួមប្រកួតរបស់ខ្លួន។ មូលហេតុ ដែលគ.ជ.ប មិនអនុញ្ញាតឲ្យចូលរួមប្រកួត គឺដោយសារគណបក្សភ្លើងទៀន បាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ហើយការដែលគ្មានប្រកាសដើមនេះ ទើបគណបក្សភ្លើងទៀន មិនអាចទៅបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដី។ 
 
ក្រៅពីគណបក្សភ្លើងទៀន នៅមានគណបក្សមហាសាមគ្គីជាតិខ្មែរមួយទៀត ដែលត្រូវក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងតវ៉ាដែរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវគ.ជ.ប មិនអនុញ្ញាតឲ្យចូលរួមប្រកួត ព្រោះខ្វះឯកសារដូចគណបក្សភ្លើងទៀន។ 
 
ដកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅសល់តែ១៨គណបក្សប៉ុណ្ណោះ ដែលនឹងមានវត្តមានក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

Tag:
 គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com