ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្មានភ្លើងទៀនក្នុងការបោះឆ្នោត៖ តំណាងកម្ពុជា ប្រាប់បរទេសថា កម្ពុជា មិនងាកចេញពីពហុបក្សឡើយ
30, May 2023 , 12:59 pm        
រូបភាព
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)។
លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)។
ដោយ៖ ទេពញាណ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលមានការិយល័យនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស បានចេញមកពាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដូចជាប្រទេសកម្ពុជា ដែលរងការរិះគន់ពីក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញការមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ជាគណបក្សជំទាស់លេចធ្លោជាងគេ ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ តំណាងកម្ពុជា បានឆ្លើយតបយ៉ាងដូច្នេះថា៖«ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅតែឥតងាករេ។ […] អវត្តមានគណបក្សនយោបាយ២ ពីដំណើរការបោះឆ្នោត ដោយសារមិនគោរពច្បាប់ មិនធ្វើឲ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ»។ 
 
គណបក្ស១ទៀត ដែលមិនអាចចូលរួមប្រកួតដែរនោះ គឺគណបក្សមហាសាមគ្គីជាតិខ្មែរ។ ទាំងគណបក្សភ្លើងទៀន ទាំងគណបក្សមហាសាមគ្គីជាតិខ្មែរ ជួបរឿងដូចគ្នា គឺបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ហើយការខ្វះប្រកាសដើមនេះ ធ្វើឲ្យគណបក្សទាំង២ មិនអាចបំពេញគ្រប់លក្ខខណ្ឌតាមទម្រង់បែបបទ ដែលគ.ជ.ប តម្រូវ។ ក្រោយគ.ជ.ប បដិសេធមិនឲ្យចូលរួមប្រកួត គណបក្សទាំង២នេះ បានប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ តែត្រូវក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធដដែល។ 
 
លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សជាង១០នាក់របស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីប្រតិកម្មនឹងការដកគណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះប្រកួតក្នុងការបោះឆ្នោត។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សទាំងនោះ វាយតម្លៃដូច្នេះថា៖«គ.ជ.ប សង្កត់ធ្ងន់លើទម្រង់បែបបទ ដែលហាក់ដូចជារើសអើងលើគណបក្ស១ ឬច្រើន ដែលជាគណបក្សធំ»។   
 
តំណាងកម្ពុជា ចាត់ទុកការវាយតម្លៃបែបនេះរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ថាជាការចោទប្រកាន់លើគ.ជ.ប ដោយមិនសមហេតុផល។ តំណាងកម្ពុជា អះអាងថា ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ គ.ជ.ប បានប្រើប្រាស់ស្តង់ដារតែមួយលើគណបក្សទាំងអស់។ 
 
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សខាងលើ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ធានាការបោះឆ្នោតជាតិខាងមុខ ប្រព្រឹត្តទៅដោយសន្តិភាព សេរី និងមានការគោរពសិទ្ធិមនុស្ស។ 
តំណាងកម្ពុជា តបថា លុះត្រាគ្រប់គណបក្ស និងអ្នកគាំទ្រគណបក្សទាំងនោះ អនុវត្តសិទ្ធិរបស់ខ្លួនក្នុងវង្វង់ច្បាប់ ទើបបរិយាកាសអំណោយផលនៃដំណើរការបោះឆ្នោត អាចត្រូវធានាបាន។
 
តាំងពីដំណាក់កាលនៃការបដិសេធនៅគ.ជ.ប ដែលមិនឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួត រហូតដល់ដំណាក់កាលនៃការបដិសេធនៅក្រុមប្រឹក្សាធម្មនុញ្ញ សហគមន៍អន្តរជាតិ រួមទាំងស្ថានទូតបរទេសមួយចំនួនប្រចាំកម្ពុជាផង សុទ្ធតែបញ្ចេញប្រតិកម្ម តែមិនអាចជួយអ្វីដល់គណបក្សភ្លើងទៀន បានឡើយ។ ការសម្រេចនៅក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការសម្រេចចុងក្រោយបង្អស់ ដែលគណបក្សភ្លើងទៀន គ្មានផ្លូវតវ៉ាទៀតនោះទេ។  
 
ក្នុងការបោះឆ្នោតជាតិខាងមុខ នៅសល់តែ១៧គណបក្សប៉ុណ្ណោះ ដែលនឹងត្រូវចូលរួមប្រកួតយកអាសនៈរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏រឹងមាំ៕ 
 

Tag:
 ភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com