ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អ្នកជំនាញផ្នែកអប់រំ សង្កេតឃើញសិស្សខាតពេលច្រើន ដោយសារ TikTok និងបណ្តាញសង្គមផ្សេងទៀត
04, Jun 2023 , 7:39 pm        
រូបភាព
លោក  គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា  រូបភាព៖ សារព័ត៌មានថ្មីៗ front
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា រូបភាព៖ សារព័ត៌មានថ្មីៗ front
 ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា ក្នុងសម័យបច្ចេកវិទ្យានេះ ពិសេសក្រោយបរិបទកូវីដ - ១៩ សិស្សានុសិស្សភាគច្រើន មានចំណេះ ទៅលើប្រព័ន្ធឌីជីថល។  ក្នុងនោះមានសិស្សមួយចំនួនបានប្រើបណ្តាញសង្គមដូច តិក តុក (TikTok) ក្នុងន័យមិនត្រឹមត្រូវ ហើយច្រើនម៉ោងទៀតផង ដែលជាហេតុនាំឱ្យខាតបង់ពេលវេលា ថវិកា ។ល។ ការណ៍នេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា ដាស់តឿនឪពុកម្តាយរបស់សិស្សឱ្យចូលរួមណែនាំ ដោយឆ្លៀតចំណាយពេលខ្លះជាមួយកូន ព្រមទាំងការគាំទ្រពីក្រសួងពាក់ព័ន្ធផងដែរ។



លោក  គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ជាមួយ កញ្ញា  សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  រូបភាព៖ សារព័ត៌មានថ្មីៗ 
 
ដើម្បីកាន់តែដឹងពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖




 
កញ្ញា សុង សុធាវី ៖ ក្នុងនាមលោកជាប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា អាណត្តិថ្មីនេះ ដែលមានសមាជិកជិត ១០០គ្រឹះស្ថានអប់រំ ទាំងវិទ្យាស្ថាន និង សាលារៀនឯកជន តើប៉ុន្មានឆ្នាំចុងក្រោយហ្នឹង ការប្រើប្រាស់បច្ចេកវិទ្យារបស់សិស្សបែបណាដែរ? 
 
លោក គង់ សំនៀង៖ សម័យឥឡូវ បើនិយាយពីបច្ចេកវិទ្យាវិញ សិស្សភាគច្រើនគាត់ដើរមុនគ្រូហើយ អ៊ីចឹង យើងមិនសូវបារម្ភទេ។ ចំណុចសំខាន់គឺ សិស្សភាគច្រើនបានចំណាយពេលទៅលើបច្ចេកវិទ្យាច្រើនពេក ដែលធ្វើឱ្យគាត់ខាតពេលវេលា។ គាត់ខាតពេលវេលាជាមួយបណ្តាញសង្គម Tik Tok ។ល។  តែបើនិយាយពីផ្នែកសំខាន់នៃវិស័យអប់រំឯកជន ខ្ញុំឃើញថា សិស្សបានចូលរួមច្រើនហើយ។ 
 
កញ្ញា សុង សុធាវី៖ បើគ្រប់ផ្នែកពាក់ព័ន្ធបានចូលរួម វាជារឿងដ៏ប្រសើរ តែមុននេះ លោកបានបញ្ជាក់ថា សិស្សមួយចំនួនប្រើបណ្តាញសង្គមដូចជា តិក តុក ។ល។ លឿនពេកវាធ្វើឱ្យខ្ជះខ្ជាយពេលវេលា និងលើសពីការរៀនរបស់គាត់ តើខាងសាលាចូលរួមអប់រំ ណែនាំ ទៅកាន់ពួកគាត់បន្ថែមទៀតដូចម្តេច?
 
លោក គង់ សំនៀង៖  ការចូលរួមពីសាលា យើងតែងតែអនុវត្ត តាមរយៈសិក្ខាសាលាជាមួយ ក្រសួងពាក់ព័ន្ធ អំពីការប្រើប្រាស់បណ្តាញសង្គមថា តើបណ្តាញសង្គមណាខ្លះ ដែលមានប្រយោជន៍? តើវាមានគុណសម្បត្តិយ៉ាងម៉េច? ឯគុណវិបត្តិដូចម្តេច? អំពី តិក តុក ហ្នឹងក៏ដោយ ឬ បណ្តាញសង្គមផ្សេងៗទៀត ហើយយើងបានបញ្រ្ជាបចំណេះដឹងទៅកាន់លោកគ្រូ អ្នកគ្រូមួយចំនួនទៀត ដើម្បីឱ្យគាត់បានចូលរួមផ្សព្វផ្សាយបន្ត។ ឥឡូវសិស្សបានចំណាយពេលវេលាច្រើនទៅលើរឿងទាំងអស់ហ្នឹង! អ៊ីចឹងការមករៀន ហើយកិច្ចការងារមួយចំនួនគាត់ធ្លាក់ដៃខ្លះហើយ។ 
  

លោក  គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ជាមួយ កញ្ញា  សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  រូបភាព៖ សារព័ត៌មានថ្មីៗ 
 
កញ្ញា សុង សុធាវី៖ តើពួកគាត់ត្រូវយកចិត្តទុកដាក់រៀនសូត្រដូចម្តេច? 
 
លោក គង់ សំនៀង៖ ធម្មតា ការសិក្សា ដើម្បីឱ្យយើងស្ទាត់ជំនាញ ទាល់តែយើងប្រឹងប្រែងអនុវត្តប្រចាំថ្ងៃ ដូចជាអានឱ្យបានច្រើន សរសេរឱ្យបានច្រើន និងស្តាប់ឱ្យបានច្រើន។ តែឥឡូវពួកគាត់ច្រើនតែមើលច្រើនវិញ ដែលនៅតាមបណ្តាញសង្គមមួយចំនួនគឺចំណាយពេលឥតប្រយោជន៍ច្រើនណាស់។ ប៉ុន្តែសួរថា តើគ្រប់សិស្សគឺបែបនេះមែនទេ? គឺមិនមែនទេ។ សិស្សខ្លះឆ្លាតណាស់ គឺគាត់ចេះទាញប្រយោជន៍ពីការប្រើប្រាស់បណ្តាញសង្គមទាំងនោះ ហើយអាចរកថវិកាពីបណ្តាញសង្គមទាំងហ្នឹង តាមរយៈការផលិតវីដេអូខ្លីៗ  ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផងដែរ។ 
 
កញ្ញា សុង សុធាវី៖ ឃើញថា វិស័យអប់រំឯកជន មានការខ្នះខ្នែងមួយចំនួនហើយទៅលើរឿងហ្នឹង  ដើម្បីជៀសវាងការធ្វេសប្រហែសណាមួយ តើគួរបញ្ជៀសហានិភ័យបែបណាទៅលើពួកគេទាំងនោះ?
 
លោក គង់ សំនៀង៖ យើងត្រូវចូលរួមគ្រប់ផ្នែកទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គមទាំងហ្នឹងមានប្រសិទ្ធភាព។ ខ្ញុំជឿថា តាមសាលារៀនមួយចំនួនគាត់បានប្រើហើយ ដូចជាទំព័រហ្វេសប៊ុក វេបសាយមួយចំនួន ដែលអាក្រក់គឺគាត់បិទនៅក្នុងប្រព័ន្ធ ដោយសាលាអាចគ្រប់គ្រងបាន។ អ៊ីចឹង ទោះបីជាសិស្សចង់បើកកម្មវិធីមួយចំនួនដូចជា ហ្គេម ។ល។ ក៏មិនអាចបើកចេញដែរ។ មួយទៀត ឪពុកម្តាយ លោកគួរតែយកចិត្តទុកដាក់ និងពង្រឹងប្រព័ន្ធគ្រប់គ្រងអ៊ីនធឺណិតរបស់កូនៗ ដោយត្រូវតែតាមដានការប្រើបណ្តាញសង្គមរបស់គាត់ តាមរយៈការសហការជាមួយក្រុមហ៊ុនអ៊ីធឺណិត ឱ្យបិទកម្មវិធីមួយចំនួនដែលមិនល្អចេញ ពិសេសគឺហ្គេមហ្នឹងតែម្តង។ ឪពុកម្តាយគួរឆ្លៀតពេលជាមួយកូនៗ ព្រោះថា ឪពុកម្តាយភាគច្រើនពេលដែលគាត់ហត់នឿយនឹងការងារ នោះពេលមកដល់ផ្ទះវិញ គឺគាត់អស់កម្លាំងណាស់។ អ៊ីចឹង គាត់បណ្តាយកូនឱ្យរៀនហើយ! សួរថាប៉ុន្មានម៉ោងហ្នឹង តើកូនគាត់ពិតជារៀនមែនទេ? ជួនកាលត្រូវរៀនពីរម៉ោង តែគាត់បានឆ្លៀតចំណាយពេលនឹងបណ្តាញសង្គមមួយចំនួនហ្នឹង ជិតមួយម៉ោង ឬ មួយម៉ោងទៅហើយ។ អ៊ីចឹង ទម្រាំតែគាត់ចាប់ផ្តើមរៀន ម៉ោងហ្នឹងវាខ្លីមែនទែន។ បើសិនជាអាច ថ្ងៃចុងសប្តាហ៍ ឪពុកម្តាយគួរចំណាយពេលជាមួយកូន និងនាំកូនចេញទៅខាងក្រៅ ដើម្បីកាត់បន្ថយការលេងហ្គេមរបស់គាត់កុំឱ្យហួសហេតុពេក ហើយវានាំឱ្យគាត់ខាតពេលវេលាណាស់។
 
កញ្ញា សុង សុធាវី៖ ក្រៅពីភាគីខាងលើ តើក្រសួងពាក់ព័ន្ធបានចូលរួមដោយរូបភាពបែបណាខ្លះលោក?
 
លោក គង់ សំនៀង៖ សម័យឥឡូវ រីកចម្រើនផ្នែកហ្នឹង!  អ៊ីចឹង ឃើញថារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក៏បានចូលរួមខ្លះហើយ។ ក្នុងនោះ ក្រសួងវប្បធម៌ ក៏តែងតែឃើញគាត់ចេញសារអប់រំខ្លីៗ។ មួយទៀតផ្នែកគ្រប់គ្រងព័ត៌មានក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ ក៏ឃើញមានការចូលរួមច្រើនដែរ។ អ៊ីចឹង បើយើងចូលរួមទាំងអស់គ្នាទៅ នោះវានឹងកាត់បន្ថយបានមួយចំនួនដែរ។ បើទោះបីជាមិនបានដល់ ១០០ភាគរយ ក៏អាចកាត់បន្ថយបានខ្លះដែរ៕ 
 

Tag:
 បទសម្ភាសវិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com