អន្តរជាតិ
ជនជាតិអូស្ត្រាលីពីរនាក់ដែលប្រឈមមុខប្រហារជីវិតនៅវៀតណាម ទទួលការលើកលែងទោស
06, Jun 2023 , 11:29 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស លើកឡើងថា ជនជាតិអូស្ត្រាលីពីរ​នាក់​ដែល​ត្រូវ​បាន​កាត់ទោសប្រហារជីវិតនៅវៀតណាម បានទទួលការលើកលែង​ទោស ស្របពេលទំនាក់ទំនងការទូត​ប្រទេសទាំងពីរបានប្រសើរឡើងបន្ថែមទៀត។

 
ក្រោយបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់វៀតណាម នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីស ប្រាប់ទូរទស្សន៍ ABC ពីការស្នើសុំការលើកលែងទោសប្រហារជីវិត​ដល់ជនជាតិអូ​ស្ត្រាលីទៅរដ្ឋាភិបាលវៀតណាម។
 
«អូស្ត្រាលីមានជំហររឹងមាំប្រឆាំងនឹងការកាត់ទោសប្រហារជីវិត ហើយយើងធ្វើតំណាងក្នុងនាម​ពលរដ្ឋ​អូស្ត្រាលី។ យើងរីករាយណាស់ដែលវៀតណាមបានយល់​ព្រមតាមសំណើនេះ។​ យើងសូមអរគុណ​ពួកគេសម្រាប់ការសម្រេចចិត្តមួយនេះ»។ លោក អាល់បានីស បានសង្កត់ធ្ងន់បែបនេះ ហើយបញ្ជាក់ថា លោកមិនអាចបញ្ចេញឈ្មោះនៃបុគ្គលដែលទាំងពីរនោះទេ ខណៈដែលក្រុមគ្រួសារបានស្នើសុំ​​រក្សា​ឯកជនភាព។ 
 
ក្រុមគ្រួសារបុគ្គលទាំងពីរនោះក៏បានថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ក្រសួងការបរទេស និង​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​ដែល​បាន​ធ្វើការ​ក្នុង​រយៈពេល​មួយ​នេះ​។
 
អូស្ត្រាលីក៏បានធ្វើតំណាងស្នើសុំការលើកលែងទោសឱ្យឈ្មោះ Chau Van Kham វ័យ៧៣ឆ្នាំ ​ជា​បុរសជនជាតិវៀតណាម-អូស្ត្រាលីដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៩ ឱ្យជាប់គុក១២ឆ្នាំដោយ តុលាការវៀតណាមពីបទភេរវកម្ម។ យ៉ាងណាមិញ លោក អាល់បានីស បញ្ជាក់ថា នេះជាករណី​ផ្សេង​គ្នា  ប៉ុន្តែអូស្ដ្រាលីនឹងបន្តធ្វើការលើបញ្ហាទាំងនេះ ហើយសង្ឃឹមសម្រាប់លទ្ធផលវិជ្ជមាន។
 
លោក អាល់បានីស បានធ្វើដំណើរទៅកាន់វៀតណាមកាលពីចុងសប្តាហ៍មុន ហើយបានជួប​នាយករដ្ឋ​មន្ត្រីវៀតណាម Pham Minh Chinh ។ លោកនិយាយថា ដំណើរទស្សនកិច្ចនេះបានផ្ត​ល់​កម្លាំង​រុញច្រានសម្រាប់លទ្ធផលល្អដូចខាងលើ។ 
 
ប្រទេសទាំងពីរក៏បានយល់ព្រមក្នុងការបង្កើនទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ថាមពល និងការអប់រំ។ ក្នុង​ដំណើរ​នោះ មេដឹកនាំះអូស្ដ្រាលីក៏​បាន​ប្រកាស​ថវិកា​ចំនួន​១០៥​លាន​ដុល្លារ​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ទទួល​យក​ថាមពល​ស្អាតផងដែរ៕
 

Tag:
 អូស្ត្រាលី
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com