ជាតិ
អង្គការAUF ប្រចាំអាស៊ីប៉ាស៊ីហ្វិក ចង់បញ្ជ្រាបកម្មវិធី"Entreprendre"នៅកម្ពុជា តាមរយៈក្រសួងអប់រំ
10, Jun 2023 , 8:59 pm        
រូបភាព
លោក Laurent SERMET នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី ក្នុងជំនួប ពិភាក្សាការងារជាមួយលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ  យុវជន និងកីឡា រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
លោក Laurent SERMET នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី ក្នុងជំនួប ពិភាក្សាការងារជាមួយលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី
ភ្នំពេញ៖  អង្គការ Agence universitaire de la francophonie(AUF) ប្រចាំអាស៊ីប៉ាស៊ីហ្វិក ចង់បញ្ជ្រាបកម្មវិធី"Entreprendre"នៅកម្ពុជា តាមរយៈក្រសួងអប់រំ។ លោក Laurent SERMET នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក អ៊ឹម ក្រាវង្ស ប្រធានការិយាល័យជាតិ AUF នៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ ក្នុងគោលបំណងធ្វើបទបង្ហាញលើគម្រោងកម្មវិធី "Entreprendre"។

 
ក្នុងជំនួបនោះដែរ  លោក Laurent SERMET បានលើកឡើងថា Entreprendre គឺជាកម្មវិធីមួយដែលបានចាប់ផ្ដើមអនុវត្តនៅបណ្ដាប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក ចាប់តាំងពីឆ្នាំ ២០១៧មក ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអង្គការ AUF ជាប្រតិបត្តិករ។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជា អង្គការ AUF មានបំណងផ្សព្វផ្សាយ និងបញ្ជ្រាបកម្មវិធីខាងលើនេះនៅកម្ពុជាតែម្តង។ 
 
ប៉ុន្តែ ដើម្បីសម្រេចគោលដៅខាងលើ តម្រូវឱ្យមានការចូលរួមពីភាគី AUF តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យនានាដែលជាសមាជិករបស់ អង្គការ AUF នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក យក់ ង៉ុយ បានថ្លែងអំណរគុណចំពោះអង្គការ AUF ដែលតែងតែគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា តាមរយៈការពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅកម្ពុជា។ ក្រសួងអប់រំ នឹងយកគំនិតកម្មវិធីនេះ ទៅពិនិត្យ និងពិចារណា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com