ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល​ ជាប្រធានគណៈកម្មអន្តរក្រសួងអនុវត្តគម្រោងនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»
11, Jun 2023 , 1:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ធ្វើបទបង្ហាញពីគម្រោងនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» នាពេលកន្លងមក។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ធ្វើបទបង្ហាញពីគម្រោងនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» នាពេលកន្លងមក។ រូបថត៖ MPWT
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រចឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» តម្លៃ១ ៧០០លានដុល្លារអាម៉េរិក។ ក្រុមការងារនេះ មានលោក ស៊ុន ចាន់ថុល ប្រធាន, លោក សុខចិន្តាសោភា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC) និងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន។​

 
បើតាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន ចុះហត្ថលេខា នៅថ្ងៃទី៧មិថុនា ការបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានលោក ស៊ុន ចាន់ថុលជាប្រធាន គឺដើម្បីដឹកនាំការពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច រួមទាំងការស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» ដែលតភា្ជប់ពីព្រែកតាកែវនៃដៃទន្លេមេគង្គ ទៅសមុទ្រកែប។ 
 
លើសពីនេះ​ គណៈកម្មការអន្តរក្រសួងត្រូវជំរុញដំណើរការអនុវត្តគម្រោងវិនិយោគឱ្យបានច្បាស់លាស់ ​និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព។ ជាពិសេស គឺស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ។ 
 
គណៈកម្មការអន្តរជាតិ ត្រូវជំរុញយ៉ាងណាឱ្យដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» បានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណនតេជោ)  ត្រូវបានរដ្ឋាភិបាលអនុម័ត​នៅព្រឹកថ្ងៃទី១៩ឧសភា ឆ្នាំ២០២៣​។ គម្រោងដឹកជញ្ជូនទំនិញ  និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជាដែលមានលក្ខណៈតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ នេះ គឺត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក និងប្រើការសាងសង់ក្នុងរយៈពេល៤ឆ្នាំ។​
 
អត្ថបទទាក់ទង
 
ការរៀបចំគម្រោងផ្លូវនាវាចរណ៍នេះឡើង គឺដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក។ ការអនុវត្តគម្រោងនេះ គឺសំដៅលើការចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក  ដែលយើងបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន៕ 
 

Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com