អន្តរជាតិ
លោក ត្រាំ ហៅការចោទប្រកាន់លោកលើករណីទុកឯកសារសម្ងាត់រដ្ឋក្នុងផ្ទះ ជារឿងគ្មានមូលដ្ឋាន
11, Jun 2023 , 4:29 pm        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចាត់ទុកការប្រកាន់ពីសំណាក់រដ្ឋអាជ្ញាសហព័ន្ធលើករណីទុកឯកសារសម្ងាត់រដ្ឋក្នុងផ្ទះរបស់លោកក្នុងរដ្ឋ Florida ជារឿងហួសហេតុ និងគ្មានមូលដ្ឋាន។ អំឡុងការថ្លែងសុន្ទរកថានៅថ្ងៃទី១០ ខែមិថុនា លោក ត្រាំ ក៏បានរិះគន់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រសួងយុត្តិធម៌អាម៉េរិកថែមទៀត។

លោក ដូណាល់ ត្រាំ​ ទើបត្រូវបានរដ្ឋអាជ្ញាសហព័ន្ធចោទប្រកាន់បទល្មើសចំនួន៣៧ ពាក់ព័ន្ធរឿងរ៉ាវដែលលោកយកឯកសាសម្ងាត់រដ្ឋទៅទុកនៅផ្ទះរបស់លោកនៅ Mar-a-Lago ដូចជានៅបន្ទប់ទឹក និងកន្លែងទទួលភ្ញៀវជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះឯកសារទាំងនោះ មានលម្អិតពីព័ត៌មានយោធា និងនុយក្លេអ៊ែរ។
 
បើតាមការចោទប្រកាន់ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែមិថុនា លោក ត្រាំ ក៏រងការចោទប្រកាន់ថា បានកុហកក្រុមស៊ើបអង្កេត និងបង្អាក់ដំណើការស៊ើបអង្កេតលើករណីនេះទៀតផង។​ លោកបានអះអាងពីភាពស្អាតស្អំ។
 
ថ្លែងសុន្ទរកថាក្នុងជំនួបបក្សសាធារណរដ្ឋនៅរដ្ឋ Georgia នៅថ្ងៃទី១០ ខែមិថុនា អតីតប្រធានាធិបតីអាម៉េរិករូបនេះ ប្រើពាក្យសម្ដីខ្លាំងដាក់ក្រុមស៊ើបអង្កេតសហព័ន្ធដោយហៅពួកគេជាមន្រ្តីពុករលួយ និងបោកបន្លំ។ លោកក៏ចាត់ទុកការចោទប្រកាន់ចំពោះលោកជារឿងរ៉ាវដែលបង្កើតដោយក្រុមនយោបាយពុករលួយថែមទៀត។
 
«ខ្ញុំនឹងមិនរាថយ។ ខ្ញុំមិនខ្លាចឡើយ។» លោក ត្រាំ ដែលនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ប្រាប់ក្រុមអ្នកគាំទ្ររបស់លោកបែបនេះ។ 
 
បើតាមលោក ត្រាំ ឯកសាររដ្ឋទាំងនោះ គួរត្រូវបានចាត់ចែងក្រោមច្បាប់កំណត់ត្រាប្រធានាធិបតី មិនមែនតាមច្បាប់ស៊ើបការណ៍ឡើយ។ ក្រោមច្បាប់កំណត់ត្រាប្រធានាធិបតី ឯកសារក្នុងរដ្ឋបាលប្រធានាធិបតីចប់អាណត្តិ ត្រូវបានផ្ទេរទៅកាន់បណ្ណសារដ្ឋានជាតិដើម្បីរក្សាទុក៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com