អន្តរជាតិ
លោក ហ្សេលេនស្គី៖ ទ័ពអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយបករុញច្រានទ័ពរុស្ស៊ី
11, Jun 2023 , 8:20 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី  បញ្ជាក់នៅថ្ងៃទី១០ ខែមិថុនា ថា ការវាយបកមួយកំពុងដំណើរការហើយដើម្បីរុញច្រានយោធារុស្ស៊ី។ លោក ហ្សេលេនស្គី ប្រកាសបែបនេះនាជំនួបជាមួយនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ដែលធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ហើយក៏រិះគន់រុស្ស៊ីជុំវិញការជន់លិចពីទំនប់ Kakhovka ដែលរងការខូចខាត។

 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងកៀវជាមួយនាយករដ្ឋមន្រ្តីកាណាដា មេដឹកនាំអ៊ុយក្រែនលើកឡើងថា សកម្មភាពវាយបកប្រឆាំង និងការពារកំពុងកើតមាន តែលោកមិនបញ្ជាក់លម្អិតពីដំណាក់កាលរបស់ប្រតិបត្តិការវាយបកនេះឡើយ។
 
មុនការលើកឡើងរបស់លោក ហ្សេលេនស្គី ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានអះអាងថា ការវាយលុករបស់ទីក្រុងកៀវ បានបរាជ័យរួចទៅហើយ។ បើតាមទីក្រុងមូស្គូ ការវាយប្រហារមាននៅអ៊ុយក្រែន​ភាគខាងកើត និងខាងត្បូង ដែលអាចជាការចាប់ផ្តើមនៃការវាយលុកទ្រង់ទ្រាយធំសម្រាប់ទីក្រុងកៀវ។
 
ត្រង់ចំណុចនេះ លោក ហ្សេលេនស្គី និយាយទៀតថា វាជារឿងគួរឱ្យចាប់អារម្មណ៍អ្វីដែលលោក ពូទីន និយាយអំពីការវាយបករបស់អ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែនអះអាងថា ពេលវេលាសម្រាប់កងទ័ពរុស្ស៊ីឈរជើងនៅអ៊ុយក្រែនមានមិនច្រើនទៀតឡើយ ហើយលោក​​ទាក់ទង​ជា​រៀងរាល់ថ្ងៃ​ជាមួយ​មេ​បញ្ជាការ​យោធា​ជុំវិញប្រតិបត្តិការនេះ។
 
មុនជំនួបនៅវិមានប្រធានាធិបតីក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី បានឱបលោក ទ្រូដូ ដែលធ្វើទស្សនកិច្ចលើកទី២ នៅអ៊ុយក្រែនក្រោយការឈ្លានពាន។ លោក ទ្រូដូ ក៏ឆ្លៀតនិយាយដល់ការបាក់ទំនប់ Kakhovka តែមិនចោទរុស្ស៊ីចំពោះរឿងនេះឡើយ ដោយរង់ចាំការស៊ើបអង្កេតសិន។​
 
«​ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ​បើមិនមាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ២០២១ ទំនប់​នោះ​នឹង​នៅ​តែ​មាន​រហូត​ដល់​សព្វថ្ងៃ»។ លោក ទ្រូដូ បញ្ជាក់បែបនេះ។
 
កាណាដា ដែលទទួលជនភៀសខ្លួនអ៊ុយក្រែនដ៏ច្រើន ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងកៀវ។ កាណាដា បានផ្តល់ឱ្យអ៊ុយក្រែននូវជំនួយយោធាជាច្រើនពាន់លានដុល្លារ បណ្តុះបណ្តាលទាហានជាង៣៦០០០នាក់ និងបានអនុម័តទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូថែមទៀត។ អំឡុងទស្សនកិច្ចលើកនេះ មេដឹកនាំកាណាដាប្រកាសផ្ដល់ប្រាក់ចំនួន៥០០លានដុល្លារកាណាដាសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។ លោកក៏បានសន្យាថា កាណាដានឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងរបស់អ៊ុយក្រែនផងដែរ៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com